ប្រទេសដែនកោះជាច្រើននៅតំបន់ប៉ាស៊ីហ្វិក កំពុងបាត់បង់លទ្ធភាពប្រើប្រាស់ប្រព័ន្ធធនាគារ និងការទូទាត់អន្តរជាតិ ដោយសារធនាគាររបស់បស្ចិមលោកបានបិទសាខា ឬកាត់ផ្តាច់ទំនាក់ទំនងជាមួយដៃគូរបស់ពួកគេនៅទូទាំងតំបន់ ដែលមានប្រជាជនតិច និងដាច់ស្រយាលទាំងនោះ។
នាយកប្រតិបត្តិធនាគារ ANZ លោក សេន អេលៀត (Shayne Elliott) បានប្រាប់អ្នកយកព័ត៌មានកាលពីខែកក្កដា ថា សាខាធនាគារ ANZ នៅតំបន់ប៉ាស៊ីហ្វិក ដែលជាបណ្តាញដ៏ធំបំផុតមួយនៅក្នុងតំបន់នេះមិនទទួលបានផលចំណេញនោះទេ ហើយបច្ចុប្បន្នខ្លួនកំពុងពិភាក្សាជាមួយរដ្ឋាភិបាលអូស្ត្រាលីអំពីអនាគតរបស់ធនាគារ ANZ។
ពាក់ព័ន្ធបញ្ហានេះដែរ លោក ជីម ឆល់មើស (Jim Chalmers) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអូស្ត្រាលី បាននិយាយថា កិច្ចពិភាក្សានេះបានឈានដល់ដំណាក់កាលចុងក្រោយ ហើយប្រសិនបើការចរចានេះឈានដល់ការព្រមព្រៀង នោះធនាគារ ANZ នឹងរក្សាទុកសាខារបស់ខ្លួនចំនួន៩ នៅក្នុងតំបន់នៃប្រទេសកោះហ្វីជី (Fiji) និងប្រទេសកោះខូក (Cook)។ ប៉ុន្តែលោកមិនបានបញ្ជាក់ពីលក្ខខណ្ឌ ឬពេលណាដែលកិច្ចព្រមព្រៀងនឹងសម្រេចបានជាស្ថាពរនោះទេ។
បន្ទាប់ពីតំបន់ប៉ាស៊ីហ្វិក មិនបានប្រើប្រព័ន្ធធនាគារអស់រយៈពេលជាង១ទស្សវត្សមកនេះ ទីក្រុងវ៉ាស៊ីងតោន និងទីក្រុងកង់បេរ៉ា បានជំរុញឱ្យមានការប្រើធនាគារនៅតំបន់នេះជាថ្មី ចាប់តាំងពីប្រទេសចិន បានចាប់ផ្តើមពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់នេះ៕
អត្ថបទ៖ សុខ មង្គល