ល្បែងស៊ីសង

តើអ្នកជំនាញសង្កេតឃើញបែបណាចំពោះប្រសិទ្ធភាពនៃការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់អាជ្ញាធរ?


ល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញដូចជាចាក់ឆ្នោតឡូតូ ជល់មាន់ និងភ្នាល់បាល់ទាត់ជាដើម ដែលអូសទាញពលរដ្ឋឱ្យចូលរួមលេង និងបង្កជាក្តីបារម្ភដល់សង្គមជាតិ ត្រូវបានរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេច ហ៊ុន ម៉ាណែត ចេញបញ្ជាឱ្យអាជ្ញាធរនៅទូទាំងប្រទេសបង្រ្កាបឱ្យខាងតែបាន។ សម្រាប់ប្រមុខរាជរដ្ឋាភិបាល ពេលនេះវាមិនមែនជាពេលវេលាត្រូវពង្រាយទីតាំងល្បែងនៅតាមមូលដ្ឋាននោះទេ។ តើអ្នកជំនាញសង្កេតឃើញបែបណាចំពោះប្រសិទ្ធភាពនៃការអនុវត្តវិធានការបង្ក្រាបល្បែងស៊ីសងនៅតាមមូលដ្ឋានរបស់អាជ្ញាធរ?
ល្បែងស៊ីសង
ដោយ

លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាសង្កេតឃើញថា សកម្មភាពលេងល្បែងស៊ីសងលួចលាក់ខុសច្បាប់តាមសហគមន៍នៅតែបន្តកើតមាន បើទោះបីជារដ្ឋាភិបាលចេញបញ្ជាឱ្យទប់ស្កាត់ និងបង្រ្កាបយ៉ាងណាក៏ដោយ។ អ្នកជំនាញរូបនេះអះអាងថា សកម្មភាពលេងល្បែងតាមអនឡាញត្រូវបានផ្លាស់ប្ដូររូបភាព ពីការលេងតាមកុំព្យូទ័រលើតុមកលេងតាមកម្មវិធីទូរសព្ទដៃ។ សម្រាប់អ្នកជំនាញរូបនេះ វិធានការរបស់អាជ្ញាធរកន្លងមកនេះ គឺមានប្រសិទ្ធភាពដោយអន្លើប៉ុណ្ណោះ ខណៈនៅតំបន់មួយចំនួននៅតែបន្តលេងល្បែងជាធម្មតា។

​ស្រដៀងគ្នានេះដែរ លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព សង្កេតឃើញថា ក្រោយរដ្ឋាភិបាលបញ្ជាឱ្យអាជ្ញាធរបង្រ្កាបលើការលេងល្បែងស៊ីសងខុសច្បាប់ក្នុងមូលដ្ឋានរួចមក សកម្មភាពលេងល្បែងខុសច្បាប់នៅតែបន្តកើតមានដដែល។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរដ្ឋាភិបាលបង្កើនការទប់ស្កាត់ និងបង្ក្រាប និងរឹតបន្តឹងឱ្យកាន់តែខ្លាំងបន្ថែមទៀត ដើម្បីកុំឱ្យការលេងល្បែងរីករាលដាលក្នុងសហគមន៍។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម រស់ ភីរុណ អគ្គលេខាធិការ នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាទទួលស្គាល់ថា សកម្មភាពលួចលាក់លេងល្បែងស៊ីសងពិតជាកើតមានមែន ប៉ុន្តែក្នុងករណីតិចតួចប៉ុណ្ណោះ ខណៈអ្នកពាក់ព័ន្ធនៅតែបន្តចាត់វិធានការទប់ស្កាត់ និងបង្រ្កាប។ បើតាមអ្នកជំនាញរូបនេះ ក្រោយមានការបញ្ជាពីរដ្ឋាភិបាលឱ្យបង្ក្រាបលើល្បែងស៊ីសងខុសច្បាប់កន្លងមក គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជាបានដាក់ចេញយន្តការមួយចំនួន ក្នុងនោះបានចុះពន្យល់ពីច្បាប់ និងបទដ្ឋានគតិយុត្តិដល់អាជ្ញាធរពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ដោយសហការជាមួយរដ្ឋបាលរាជធានី ខេត្តចំនួន៧ និងបន្តចុះផ្សព្វផ្សាយនៅតាមបណ្ដាខេត្តនានាផងដែរ។

​បើតាមឯកឧត្តម រស់ ភីរុណ នាពេលកន្លងមក សមត្ថកិច្ចបានចុះធ្វើប្រតិបត្តិការលើទីតាំងលេងល្បែងស៊ីសងទាំងស្របច្បាប់ និងខុសច្បាប់ប្រមាណជិត៦ពាន់ទីតាំង ដោយបានឃាត់ខ្លួនអ្នកពាក់ព័ន្ធមួយចំនួនដើម្បីចាត់ការតាមនីតិច្បាប់ផងដែរ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាឱ្យអភិបាលរាជធានី-ខេត្តបង្ក្រាបទីតាំងល្បែងផ្សងសំណាងនៅដែនសមត្ថកិច្ចរបស់ខ្លួន ហើយក្នុងករណីមានទីតាំងល្បែងបើកថ្មីៗបន្ថែមទៀត ត្រូវចាត់វិធានការបិទជាបន្ទាន់ ឬឈានដល់ការដកអាជ្ញាបណ្ណក្នុងខេត្ត ឬនៅទូទាំងប្រទេសតែម្ដង៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


តម្លៃនាំចេញស្រូវនៅ៥ខែឆ្នាំនេះ ខ្ពស់ជាងតម្លៃនាំចេញអង្ករជាង៣ដង

ចំណូលពីការការនាំចេញអង្ករ និងស្រូវរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ៥ខែដំបូងឆ្នាំ២០២៤នេះ សម្រេចបានជាង៩៣០លានដុល្លារ ក្នុងនោះទំហំទឹកប្…

តួកគីនឹងបង្កើនពន្ធ៤០%ទៀត លើការនាំចូលរថយន្តពីចិន ដើម្បីការពារក្រុមហ៊ុនក្នុងស្រុក

ក្រសួងពាណិជ្ជកម្មរបស់ប្រទេសតួកគី បានអះអាងថា ប្រទេសតួកគីនឹងបង្កើនពន្ធ៤០%ទៀត លើការនាំចូលយានយន្តមកពីប្រទេសចិន ចាប់ពីខែក្រោយនេះតទៅ ដើម្បីទប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ