ក្រុមហ៊ុន BYD ក្លាយជាអ្នកផលិតរថយន្តកំពូលទាំង១០របស់ពិភពលោក

ក្រុមហ៊ុន BYD របស់ចិនក្លាយជាអ្នកផលិតរថយន្តកំពូលទាំង១០ របស់ពិភពលោកជាមួយការជំរុញផលិតរថយន្តអគ្គិសនី


ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី BYD របស់ប្រទេសចិនបានជាប់ក្នុងចំណោមក្រុមហ៊ុនម៉ាករថយន្តកំពូលទាំង១០នៅក្នុងពិភពលោកជាលើកដំបូង គិតតាមការលក់ ដោយបានវ៉ាដាច់ក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ មឺសេដិស បិន គ្រុប (Mercedes-Benz Group) និងក្រុមហ៊ុន BMW ដែលនេះជាសញ្ញាមួយបង្ហាញថា រថយន្តអគ្គិសនីកំពុងផ្លាស់ប្តូរឧស្សាហកម្មរថយន្តប្រើថាមពលឥន្ធនៈ។ នេះបើតាមការផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ក្រុមហ៊ុន BYD ក្លាយជាអ្នកផលិតរថយន្តកំពូលទាំង១០របស់ពិភពលោក
ដោយ

ទិន្នន័យពីក្រុមហ៊ុនស្រាវជ្រាវ ម៉ាកឡាញ (MarkLines) និងក្រុមហ៊ុនផលិតរថយន្តមួយចំនួនបានបង្ហាញថា ការលក់រថយន្តថ្មីជាសកលរបស់ក្រុមហ៊ុន BYD បានកើនឡើង៩៦% ឡើងដល់ ១លាន២៥ម៉ឺនគ្រឿង ក្នុងឆមាសទីមួយនៃឆ្នាំ២០២៣ បើធៀបនឹងពេលដូចគ្នាកាលពីឆ្នាំមុន ធ្វើឱ្យក្រុមហ៊ុននេះជាប់ចំណាត់ថ្នាក់ទី១០ ក្នុងតំណែងកំពូលក្រុមហ៊ុនរថយន្ដពិភពលោក ដោយនៅពីក្រោយក្រុមហ៊ុន Suzuki Motor របស់ជប៉ុន។

ក្រុមហ៊ុនផលិតរថយន្តរបស់ចិនមួយនេះបានឈប់ផលិតរថយន្តប្រើសាំងក្នុងឆ្នាំ២០២២ និងបានជាប់ចំណាត់ថ្នាក់ទី១៦ក្នុងពិភពលោក បើគិតក្នុងការលក់ កាលពីឆ្នាំ២០២២។
ក្រុមហ៊ុន BYD បានចាប់យកចំណែកទីផ្សារកាន់តែច្រើនឡើងតាមរយៈការពង្រីកខ្សែចង្វាក់ផលិតកម្មទាំងសម្រាប់តម្លៃថោក និងតម្លៃខ្ពស់ដោយផ្តោតលើរថយន្តអគ្គិសនី និងកន្លែងបញ្ចូលថាមពលអគ្គិសនី។
ក្រុមហ៊ុនដែលជាគូប្រជែងនឹងក្រុមហ៊ុន Tesla មួយនេះ ក៏បានធ្វើការផ្លាស់ប្ដូរយ៉ាងខ្លាំង ដោយបានពង្រីកទីផ្សារក្រៅពីនៅប្រទេសចិន ដែលជាទីផ្សារដ៏ធំរបស់ខ្លួនផងដែរ ដោយកាលពីឆ្នាំមុន ក្រុមហ៊ុន BYD បាននាំចេញរថយន្តផលិតនៅចិនជាង ៨ម៉ឺនគ្រឿងក្នុងឆមាសទី១ឆ្នាំ២០២៣។ ក្រុមហ៊ុននេះបានបង្កើនវត្តមានរបស់ខ្លួននៅប្រទេសថៃ និងប្រទេសអាស៊ីអាគ្នេយ៍ផ្សេងទៀត ក៏ដូចជានៅប្រទេសរុស្ស៊ី ចំពេលក្រុមហ៊ុនផលិតរថយន្តជប៉ុន អាមេរិក និងអឺរ៉ុបបានដកខ្លួនចេញពីប្រទេសនេះបន្ទាប់ពីទីក្រុងម៉ូស្គូបើកការលុកលុយលើអ៊ុយក្រែន។
ក្រុមហ៊ុន MarkLines បានរាយការណ៍ថា ក្រុមហ៊ុន BYD បានជាប់ចំណាត់ថ្នាក់ទី១ក្នុងការលក់រថយន្តអគ្គិសនី រថយន្តកូនកាត់ និងរថយន្តប្រើប្រេងឥន្ធនៈនៅទូទាំងទីផ្សារសំខាន់ៗចំនួន១៤ ក្នុងឆមាសទី១ឆ្នាំ២០២៣។ ចំណែកក្រុមហ៊ុន Tesla បានឈរនៅលេខរៀងទី២ ខណៈដែលក្រុមហ៊ុន វ៉ូលស្វេហ្គេន (Volkswagen) របស់អាល្លឺម៉ង់ស្ថិតនៅលេខរៀងទី៣ ហើយទីផ្សារទាំងនេះ រួមមាននៅប្រទេសចិន សហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀត។
ក្រុមហ៊ុនស្រាវជ្រាវនេះ បានបញ្ជាក់ថា ក្រុមហ៊ុន តូយ៉ូតា របស់ជប៉ុននៅតែរក្សាចំណាត់ថ្នាក់ទី១សម្រាប់រយៈពេល៤ឆ្នាំជាប់ៗគ្នា នៃការលក់រថយន្តបានច្រើនជាងគេបំផុតនៅទូទាំងពិភពលោកក្នុងឆមាសទី១នៃឆ្នាំនេះដោយលក់បានរថយន្ត ៥លាន៤សែនគ្រឿង។
ចំណែក ចំណាត់ថ្នាក់ទី២ក្នុងពិភពលោកបានទៅលើក្រុមហ៊ុន វ៉ូលស្វេហ្គេន ដោយការលក់រថយន្តរបស់ក្រុមហ៊ុននេះបានកើនឡើង១៣%ឡើងដល់ជិត ៤លាន៤សែនគ្រឿង ក្នុងឆមាសទី១ នៅឆ្នាំនេះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


អាស៊ានយល់ព្រមធ្វើឲ្យមានការចុះសម្រុងគ្នាក្នុងការផ្តល់ហិរញ្ញប្បទានលើគម្រោងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់

ព័ត៌មាន
បណ្តារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាល មកពីសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានព្រមព្រៀងគ្នាឲ្យមានការសម្របសម្…

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកបំពេញទស្សនកិច្ចនៅចិនដើម្បីពិភាក្សាពីបច្ចេកវិទ្យាបន្ទះឈីប និងបញ្ញាសិប្បនិមិត្ត

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិកលោកស្រី ហ្គីណា រ៉ៃម៉ុនដុ (Gina Raimondo) កាលពីថ្ងៃអាទិត្យទី២៧សីហា បានចាប់ផ្តើមការធ្វើដំណើរទៅកាន់ប្រទេស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ