វិស័យអចលនទ្រព្យ

តើមានកត្តាអ្វីជំរុញឱ្យរដ្ឋាភិបាលអូស្ត្រាលី គ្រោងចេញបម្រាមមិនឱ្យជនបរទេសទិញលំនៅឋានដែលសាងសង់រួច?


រដ្ឋាភិបាលអូស្ត្រាលី គ្រោងចេញបម្រាមហាមឃាត់មិនឱ្យបណ្ដាវិនិយោគិនបរទេសទិញផ្ទះដែលសាងសង់រួចរយៈពេល២ឆ្នាំ ស្របពេលដែលតម្លៃលំនៅឋានហក់ឡើងថ្លៃយ៉ាងគំហុក ហើយកត្តានេះបានជំរុញឱ្យក្រុមហ៊ុនមូលបត្រ CIMB Securities ដែលជាបុត្រសម្ព័ន្ធរបស់ធនាគារម៉ាឡេស៊ី CIMB ចេញការព្រមានថា បម្រាមនេះអាចជះផលប៉ះពាល់ដល់បណ្ដាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យម៉ាឡេស៊ី ដែលបើកដំណើរការរកស៊ីនៅក្នុងប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg។
វិស័យអចលនទ្រព្យ
ដោយ

រដ្ឋមន្ត្រីក្រសួងលំនៅឋាននៃប្រទេសអូស្ត្រាលី លោកស្រី ក្លែរ អូនីល (Clare O'Neil) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី១៦ ខែកុម្ភៈ ថា ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ តទៅ បណ្ដាវិនិយោ​គិនបរទេសនឹងត្រូវបានហាមឃាត់មិនឱ្យទិញលំនៅឋានដែលសាងសង់រួចនោះឡើយរហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៧ ហើយបន្ទាប់ពីបម្រាមនេះផុតសុពលភាព ក្រសួងនឹងពិនិត្យផ្ទៀងផ្ទាត់ឡើងវិញថា តើត្រូវពន្យារបម្រាមនេះឬយ៉ាងណា។

សូមបញ្ជាក់ថា ទីផ្សារលំនៅឋានរបស់ប្រទេសអូស្ត្រាលី ស្ថិតក្នុងចំណោមទីផ្សារលំនៅឋានដែលមានតម្លៃខ្ពស់បំផុតក្នុងពិភពលោក ហើយការហក់ឡើងថ្លៃខ្ពស់នៃលំនៅឋានបានក្លាយជាបញ្ហាដ៏សំខាន់មួយនៃយុទ្ធនាការឃោសនាបោះឆ្នោត ស្របពេលវិបត្តិថ្លៃជីវភាពហក់ឡើងខ្ពស់រីកកាន់តែធំ ជាពិសេសក្នុងចំណោមអ្នកបោះឆ្នោតវ័យក្មេងដែលព្រួយបារម្ភថា ថ្ងៃមុខពួកគេនឹងលែងមានលទ្ធភាពទិញផ្ទះ បើផ្ទះហក់ឡើងថ្លៃមិនឈប់បែបនេះ។

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CoreLogic ឱ្យដឹងថា នៅទីក្រុងស៊ីដនី តម្លៃលំនៅឋានបានហក់ឡើងរហូតដល់ទៅជិត៧០% ក្នុងរយៈពេល១០ឆ្នាំកន្លងមកនេះ ដោយតម្លៃលំនៅឋានជាមធ្យមពេលនេះបានហក់ឡើងដល់ប្រមាណជាង៧៦ម៉ឺនដុល្លារអាម៉េរិក ទៅហើយ ហើយថ្លៃជួលផ្ទះក៏បានហក់ឡើងខ្ពស់ផងដែរ។

ទោះជាយ៉ាងណា បម្រាមនេះទំនងជាធ្វើឱ្យតម្លៃលំនៅឋានធ្លាក់ចុះតិចតួចប៉ុណ្ណោះដោយសារតែតម្រូវការខ្ពស់។ យោងតាមការិយាល័យពន្ធដារអូស្ត្រាលី នៅក្នុងឆ្នាំសារពើពន្ធ២០២៣ បណ្ដាវិនិយោគិនបរទេសបានចំណាយប្រាក់រហូតដល់ទៅជាង៣ពាន់លានដុល្លារអាម៉េរិក លើការទិញផ្ទះនៅអូស្ត្រាលី ក្នុងនោះផ្ទះដែលសាងសង់រួចមានចំណែកគ្របដណ្ដប់រហូតដល់ទៅប្រមាណ១ភាគ៣នៃប្រតិបត្តិការទិញលក់ផ្ទះសរុប។

បម្រាមរបស់រដ្ឋាភិបាលអូស្ត្រាលី ​មិនឱ្យជនបរទេសទិញផ្ទះដែលសាងសង់រួចនេះធ្វើឡើងស្របតាមការសន្យារបស់មេដឹកនាំប្រឆាំងលោក ភីតទ័រ ដាត់ថុន (Peter Dutton) កាលពីឆ្នាំមុន។ ស្របពេលការបោះឆ្នោតនឹងមកដល់នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។ ការស្ទង់មតិបង្ហាញថា តម្លៃផ្ទះ និងថ្លៃជីវភាពរស់នៅរបស់ពលរដ្ឋអូស្ត្រាលី បានក្លាយជាបញ្ហាសំខាន់ ដែលបណ្ដាបក្សនយោបាយយកចិត្តទុកដាក់ខ្ពស់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


ទេសាភិបាលធនាគារកណ្តាលចិន អះអាងថា លុយយន់នៅតែមានស្ថិរភាព ទោះបីចិន រងសម្ពាធពន្ធពីអាម៉េរិក

ចិន កំពុងរងសម្ពាធពីសង្រ្គាមពន្ធជាថ្មីរបស់រដ្ឋបាលសហរដ្ឋអាម៉េរិក ក្រោមការដឹកនំារបស់លោក ដូណាល់ ត្រាំ ប៉ុន្តែជាងកន្លះខែនៃការដំឡើងពន្ធបន្ថែម១០…

តើការបិទទីភ្នាក់ងារ USAID របស់អាម៉េរិក អាចជាឱកាសសម្រាប់ចិន ក្នុងការពង្រីកឥទ្ធិពលឬយ៉ាងណា?

អ្នកវិភាគបានចាត់ទុកការប្រកាសបិទទីភ្នាក់ងារសហរដ្ឋអាម៉េរិក សម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ ហៅកាត់ថា USAID ដែលជាទីភ្នាក់ងារពង្រឹងឥទ្ធិពលនិងត…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ