
ប្រទេសបង់ក្លាដែស កំពុងព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការដំឡើងពន្ធរបស់អាម៉េរិកដោយសារខ្លួនគ្មានអានុភាពអ្វីក្នុងការចរចាពាណិជ្ជកម្មជាមួយអាម៉េរិក បន្ទាប់ពីប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានដាក់ពន្ធ៣៥% លើទំនិញរបស់ខ្លួន ដែលនឹងអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា តទៅ។
បង់ក្លាដែសព្រួយបារម្ភថា ការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងវៀតណាម ក្នុងអត្រាពន្ធ២០% នឹងធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ការប្រកួតប្រជែងក្នុងការនាំចេញផលិតផលវាយនភណ្ឌទៅកាន់ទីផ្សារអាម៉េរិក ហើយពេលនេះ រដ្ឋាភិបាលទីក្រុងដាកា កំពុងប្រឈមនឹង ការរិះគន់ចំពោះភាពយឺតយ៉ាវក្នុងការចរចាដើម្បីសម្រេចបានកិច្ចព្រមព្រៀងជាមួយសហរដ្ឋអាម៉េរិក។
ក្រុមមេដឹកនាំក្រុមហ៊ុនអាជីវកម្ម និងអ្នកវិភាគជឿជាក់ថា ការដំឡើងពន្ធគយថ្មី៣៥% លើការនាំចេញទំនិញរបស់ប្រទេសបង់ក្លាដែស ទៅកាន់សហរដ្ឋអាម៉េរិកនេះ នឹងជះឥទ្ធិពលអវិជ្ជមានយ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មសម្លៀកបំពាក់របស់ប្រទេសនេះ។
លោក កាទ្រីណា អែល (Katrina Elll) នាយក និងជាប្រធានផ្នែកសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅក្រុមហ៊ុនវិភាគ Moody's Analytics បានលើកឡើងថា អត្រាពន្ធ៣៥%នឹងធ្វើឱ្យសេដ្ឋកិច្ចបង់ក្លាដែស រងការខូចខាតច្រើន តែបើប្រទេសអាចចរចាពន្ធឱ្យធ្លាក់ចុះមកនៅត្រឹម២០% ទើបវារឿងមួយដ៏ល្អប្រសើរសម្រាប់ប្រទេសនេះ។
វិស័យវាយនភណ្ឌ និងកាត់ដេរ បានរួមចំណែក៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេសបង់ក្លាដែស នៅក្នុងឆ្នាំ២០២៥ គិតត្រឹមខែមិថុនា ហើយគេបានប៉ាន់ប្រមាណថា មានកម្មករនិយោជិតប្រហែល៤លាននាក់ កំពុងបម្រើការនៅក្នុងវិស័យនេះ៕
ដោយ៖ សុខ មង្គល