ធនាគារធំៗនៅក្នុងទីក្រុងហាណូយ ដែលជារដ្ឋធានីនៃប្រទេសវៀតណាម បានរាយការណ៍អំពីករណីរថយន្តទំនើបនិងផ្ទះវីឡាប្រណីតដែលកំពុងមានបញ្ហាលំបាកក្នុងដំណើរការលក់ដេញថ្លៃ ដើម្បីយកប្រាក់មកទូទាត់បំណុល។ ទោះបីជាធនាគារបានបញ្ចុះតម្លៃទ្រព្យបញ្ចាំទាំងអស់នោះនៅក្នុងកិច្ចខិតខំដើម្បីទាក់ទាញអ្នកទិញក៏ដោយចុះ ក៏មិនសូវមានអ្នកចាប់អារម្មណ៍ទិញដែរ។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Vietnam News។
ថ្មីៗនេះធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម (BIDV) បានប្រកាសដាក់ឱ្យដេញថ្លៃរថយន្តទំនើបៗពីរគ្រឿង។ ក្នុងចំណោមនោះ រថយន្ត Audi A8L ឆ្នាំ ២០១២ ដាក់លក់ចាប់ពី ៤ ម៉ឺនដុល្លារ រីឯរថយន្ត Land Rover Range ឆ្នាំ ២០១៥ ចាប់ពីជិត ១៣ ម៉ឺនដុល្លារ ដែលតម្លៃនេះទាបជាងតម្លៃនៅលើទីផ្សារពី ២ ម៉ឺន ទៅ ៣ ម៉ឺន ដុល្លារ។
ស្របគ្នានេះដែរ ធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាម (Agribank) និងធនាគារអន្តរជាតិវៀតណាម (VIB) ក៏កំពុងដាក់ដេញថ្លៃរថយន្តទំនើបៗមួយចំនួនផងដែរ រួមមានរថយន្តម៉ាក Porsche, BMW, និង Mercedes-Benz ជាដើម។ ក្នុងចំណោមរថយន្តប្រណីតទាំងនោះខ្លះលក់មិនចេញ ទោះបីដេញថ្លៃជាច្រើនដង ហើយតម្លៃថោកជាងទីផ្សារជាច្រើនម៉ឺនដុល្លារក៏ដោយចុះ។
ក្រៅពីរថយន្តទំនើប ធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាមក៏កំពុងព្យាយាមលក់ភូមិគ្រឹះដែលជាទ្រព្យបញ្ចាំមួយកន្លែងនៅក្នុងទីក្រុងហាណូយ។ វីឡានោះមានទំហំដី ៣១០ ម៉ែត្រការ៉េ និងសំណង់សរុប ៤៣៦ ម៉ែត្រការ៉េ នៅក្នុងតម្លៃត្រឹមតែជាង ៩៣ ម៉ឺនដុល្លារ ខណៈដែលតម្លៃដើមកាលពីខែសីហា ឆ្នាំមុន មានដល់ទៅ ១ លាន ១ សែនដុល្លារ។ រហូតដល់ពេលនេះ ការព្យាយាមនោះនៅតែមិនទាន់បានសម្រេចនៅឡើយ។
ក្រៅពីរថយន្តទំនើប និងវីឡា ធនាគារនានាក៏កំពុងដាក់លក់ដេញថ្លៃជាសាធារណៈនូវទ្រព្យបញ្ចាំផ្សេងៗ ដូចជាគ្រឿងចក្រនិងបរិក្ខារ, ទូកនេសាទ, រោងសិប្បកម្ម, ភាគហ៊ុន, និងសិទ្ធិប្រើប្រាស់ដីធ្លីផងដែរ។
ធនាគារពាណិជ្ជកម្មផ្សារហ៊ុនវៀតណាមសម្រាប់ឧស្សាហកម្មនិងពាណិជ្ជកម្ម ដែលហៅថា VietinBank មកដល់ពេលនេះ បានធ្វើការដេញថ្លៃតំបន់វិនិយោគឧស្សាហកម្មមួយនៅភាគខាងជើងខេត្ត ហៃ ដាង ( Hải Dương) មិនតិចជាង ១៤ ដងទេ រីឯតម្លៃដេញថ្លៃនោះគឺបានធ្លាក់ចុះដល់ទៅជាង ២ លានដុល្លារ ធៀបនឹងតម្លៃដែលចុះបញ្ជីកាលពីខែឧសភា ឆ្នាំ២០២២។
អ្នកសេដ្ឋកិច្ចនិងអ្នកជំនាញខាងផ្នែកឧស្សាហកម្ម បានអះអាងថា ការពិបាកលក់ចេញនូវវត្ថុបញ្ចាំទាំងនេះគឺដោយសារតែការធ្លាក់ចុះនៃសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន ដែលកាត់បន្ថយតម្រូវការទ្រព្យប្រណិតៗ។ បន្ថែមពីលើនោះទៀត នីតិវិធីច្បាប់ដែលធ្វើការផ្ទេរមានភាពស្មុគស្មាញក៏ជាហេតុដែលធ្វើឱ្យពិបាករកអ្នកទិញដែរ។
លោកបណ្ឌិត កាន់ វាន់ ឡាក់ (Cấn Văn Lực ) ប្រធានក្រុមអ្នកសេដ្ឋកិច្ចនៅធនាគារវិនិយោគនិងអភិវឌ្ឍន៍វៀតណាម បាននិយាយថា ប្រទេសវៀតណាមគួរតែកែសេចក្តីព្រាងច្បាប់ស្តីពីគ្រឹះស្ថានឥណទាន ដើម្បីដោះស្រាយបញ្ហាទាំងនោះ ក្នុងគោលបំណងផ្តល់នូវលក្ខណៈវិនិច្ឆ័យច្បាស់លាស់សម្រាប់ការកំណត់តម្លៃបំណុលពិបាកទារ និងទ្រព្យបញ្ចាំដែលពាក់ព័ន្ធ៕
ដោយៈ សរ សុជាតិ