សាជីវកម្ម

តើមានកត្តាអ្វីខ្លះធ្វើឱ្យចំនួនក្រុមហ៊ុន និងសាជីវកម្មដែលក្ស័យធននៅជប៉ុន កើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ?


ស្ថានភាពរបស់សហគ្រាសធុនតូច និងមធ្យមនៅប្រទេសជប៉ុន កំពុងស្ថិតក្នុងចំណុចរបត់នៃបញ្ហាប្រឈមខ្លាំងនៅពេលបច្ចុប្បន្ននេះ។ ទីភ្នាក់ងារព័ត៌មាន ក្យូដូ បានរាយការណ៍ថា ចំនួនសារជីវកម្ម ដែលជួបបញ្ហា ហើយក្ស័យធននៅក្នុងឆ្នាំ២០២៤ មានរហូតដល់ទៅ១ម៉ឺនសហគ្រាសកើនឡើងជាង១៥%។ មូលហេតុនៃការក្ស័យធននេះត្រូវបានចោទខ្លាំងដោយសារកង្វះកម្លាំងពលកម្ម និងការធ្លាក់ចុះនៃតម្លៃប្រាក់យ៉េន។
សាជីវកម្ម
ដោយ

ចំនួនសាជីវកម្មដែលមានបញ្ហា​ហើយក្ស័យធននៅក្នុងប្រទេសជប៉ុន បានកើនឡើងលើសពី១ម៉ឺនសហគ្រាសជាលើកដំបូងកាលពីឆ្នាំ២០២៤ ពោលគឺំមានការកើនឡើងជាង១៥% ដែលជាចំនួនមួយខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល១១ឆ្នាំកន្លងមកនេះ។ ក្រុមហ៊ុនស្រាវជ្រាវឥណទាននៅក្នុងប្រទេស ដែលមានសេដ្ឋកិច្ចធំលំដាប់ទី៣នៅអាស៊ីនេះ បានអះអាងថា បញ្ហាដែលនាំឲ្យក្រុមហ៊ុនសាជីវកម្មជប៉ុន ជួបប្រទះនូវស្ថានភាពបែបនេះ ដោយសារអាជីវកម្មរបស់ពួកគេប្រឈមមុខនឹងកង្វះកម្លាំងពលកម្មកាន់តែអាក្រក់ និងតម្លៃទំនិញនាំចូលកើនឡើងដោយសារការធ្លាក់ថ្លៃប្រាក់យ៉េន។

ក្រុមហ៊ុនស្រាវជ្រាវ Tokyo Shoko Research បានអះអាងថា សហគ្រាសធុនតូច និងមធ្យមជាអ្នកដែលបានទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុតតាំងពីផ្ទុះការរីករាលដាលនៃមេរោគកូវីដ-១៩។ ប្រភពដដែលបានលើកឡើងថា ទោះបីជាស្ថានភាពបំណុលរបស់សហគ្រាសធុនតូច និងមធ្យមធ្លាក់ចុះ២,៤%ក៏ដោយ ប៉ុន្តែទំហំនៃបំណុលដែលមានជិត១៥ពាន់លានដុល្លារ វាពិតជាស្ថានភាពដ៏លំបាកសម្រាប់សហគ្រាសទាំងនោះ។

ប្រភពដដែលបានបន្តថា តម្លៃប្រាក់យ៉េនរបស់ជប៉ុន បានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣៧ ឆ្នាំបើធៀបនឹងប្រាក់ដុល្លារអាម៉េរិក ដែលជំរុញឱ្យថ្លៃដើមនាំចូលសម្រាប់អាជីវកម្មពិបាកឲ្យពួកគេរកប្រាក់ចំណេញ។ ​ក្រៅពីនោះកង្វះកម្លាំងពលកម្មកាន់តែអាក្រក់ ដែលបង្កឡើងដោយសារប្រជាជនមានវ័យចំណាស់របស់ប្រទេសជប៉ុន និងការដាក់ចេញនូវបទប្បញ្ញត្តិបន្ថែមម៉ោងកាន់តែតឹងរ៉ឹង កាន់តែធ្វើឲ្យសាជីវកម្មនានាត្រូវទទួលខុសត្រូវលើការចំណាយកាន់តែខ្ពស់។ មកដល់ពេលនេះ ក្រុមហ៊ុនសាជីវកម្ម ដែលបានក្ស័យធនច្រើនជាងគេ ស្ថិតក្នុងឧស្សាហកម្ម វិស័យសេវាកម្ម រួមទាំងភោជនីយដ្ឋាន បន្ទាប់មកវិស័យសំណង់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សហរដ្ឋអាម៉េរិក គ្រោងនឹងដាក់បម្រាមលើការនាំចូលគ្រឿងបច្ចេកវិទ្យាសម្រាប់រថយន្ត ដែលពាក់ព័ន្ធនឹងប្រទេសចិន

ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក បានបង្កើតច្បាប់ថ្មីមួយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដែលនឹងហាមឃាត់ការនាំចូលផ្នែកទន់ និងផ្នែករឹងពាក់ព័ន្ធនឹងរថយ…

ទោះប្រឈមវិបត្តិសេដ្ឋកិច្ច ក៏ពលរដ្ឋចិនសម្រុកទៅលេងស្រុកមិនក្រោម៦០០លាននាក់ឡើយ ដើម្បីជួបជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំចិន

សេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនទាន់ងើបឡើងវិញរឹងមាំដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ នៅឡើយទេ ហើយទោះជាប្រឈមវិបត្តិសេដ្ឋកិច្ចយ៉ាងណាក្ដី ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ