កូវីដ១៩ នៅ​កម្ពុជា

ក្រុមហ៊ុន Smart Axiata ប្រកាស​ផ្តល់​ជំនួយ​មូលនិធិ​​ ១លាន​ដុល្លារ​ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ១៩


មូលនិធិនេះ​ត្រូវ​បាន​រៀបចំ​ឡើង​បន្ថែម​ពី​លើ​សកម្មភាព​នានា ដែល​ក្រុមហ៊ុន ស្មាត អាស្យាតា (Smart Axiata) បាន​អនុវត្ត ក្នុង​នោះ​រួមមាន​ដូចជា ការដាក់​ដំឡើង​ជា​បណ្តោះ​អាសន្ន​សេវាកម្ម telemedicine ប្រើប្រាស់​បច្ចេកវិទ្យា​ជំនាន់​ទី៥ (5G) ការផ្តល់​ជូន​បន្ថែម​សេវា​ទិន្នន័យ និង​យុទ្ធនាការ​ផ្សព្វផ្សាយ​ជាច្រើន។
ក្រុមហ៊ុន Smart Axiata ប្រកាស​ផ្តល់​ជំនួយ​មូលនិធិ​​ ១លាន​ដុល្លារ​ ដើម្បី​ទប់ស្កាត់​វីរុស​កូវីដ១៩។
ដោយ

ក្រុមហ៊ុន ស្មាត អាស្យាតា ខូ អិលធីឌី (Smart Axiata Co., Ltd.) បាន​ប្រកាស​មូលនិធិ​ដែល​មាន​ទឹក​ប្រាក់​ចំនួន មួយ​លាន​ដុល្លារ​អាមេរិក ក្នុង​ការ​ចូលរួម​ចំណែក​ជួយ​ទៅ​ដល់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រកម្ពុជា ដើម្បី​ដោះស្រាយ​ការរាតត្បាត​នៃ​វីរុស​កូវីដ១៩។ 

ចំនួន​ទឹក​ប្រាក់​នៃ​មូលនិធិ​នេះ គឺ​ជា​ទឹក​ប្រាក់​បន្ថែម ក្រៅអំពី​ចំនួន​ទឹកប្រាក់សរុបចំនួន១% (មួយភាគរយ) នៃចំណូលដុលប្រចាំឆ្នាំ​ដែល​ក្រុមហ៊ុន​ប្រើប្រាស់​សម្រាប់​ចំណាយ​លើ​កម្មវីធី​ទំនួលខុសត្រូវ​សង្គម (CSR) របស់ខ្លួន។ មូលនិធិនេះ គឺ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​សម្រាប់​ជា​ជំនួយ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សកម្មភាព​ទាំងឡាយ​ណា ដែល​មាន​សមត្ថភាព​ចូលរួម​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​នានា​ដែល​មាន​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ទាំង​ក្នុង​អំឡុង​ពេល​កំពុង​កើត​មាន និង​ក្រោយ​ពេល​បញ្ចប់​បញ្ហា ផងដែរ។

ការផ្តល់ជូនបន្ថែមនេះ គឺត្រូវបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុន ស្មាត រួមជាមួយក្រុមហ៊ុន Huawei បានដំឡើងជាស្ថាពរនូវស្ថានីយបណ្តោះអាសន្នសម្រាប់ជួយទ្រទ្រង់ សម្របសម្រួល និងតាមដានបញ្ហាវីរុសកូវីដ១៩ ជូន​ដល់​ក្រសួង​សុខាភិបាល​នៃ​ព្រះរាជាណាក្រកម្ពុជា។  នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០ មន្ទីពេទ្យមិត្តភាពកម្ពុជា-សូវៀត និងមណ្ឌលសុខភាពចាក់អង្រែ បានតភ្ជាប់បណ្តាញជាស្ថាពរទៅកាន់ក្រសួងសុខាភិបាល សម្រាប់ប្រព័ន្ធទំនាក់ទំនងវីដេអូ (Video Conference) ដោយប្រើប្រាស់ហ្វ្រេកង់ស៍វិទ្យុសាកល្បងបច្ចេកវិទ្យាជំនាន់ទី៥(5G) ដើម្បីធានាឲ្យបាននូវល្បឿនលឿន និងមានសមត្ថភាពខ្ពស់បំផុត។ ការរៀបចំដំឡើងជាលក្ខណៈបណ្តោះអាសន្ននេះ គឺបានក្លាយជាករណីប្រើប្រាស់ដោយផ្ទាល់លើបច្ចេកវិទ្យាជំនាន់ទី៥ (5G) ដំបូងបង្អស់ក្នុងព្រះរាជាណាចក្រកម្ពុជា។ 

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត បាន​ឲ្យ​ដឹងថា បើទោះបីជាយើងខ្ញុំបានវិនិយោគ​ជាច្រើន​រយពាន់ដុល្លារអាមេរិក ក្នុងអំឡុងពេលប៉ុន្មានសប្តាហ៍មក​នេះក្តី យើង​ខ្ញុំ​ក៏​នៅតែ​ពិនិត្យ​ឃើញ​ថា មាន​ចំណុច​ជាច្រើន​ទៀត ដែល​យើង​ទាំងអស់​ ត្រូវ​រួមគ្នា​ចូលរួម​គាំទ្រ និង​ដោះស្រាយ។ មូលនិធិ​មួយ​លាន​ដុល្លារអាមេរិកនេះ គឺ​នឹង​ត្រូវផ្តោត​ជា​សំខាន់​ទៅ​លើ​គំនិត​ផ្តួចផ្តើម​ទាំងឡាយ ចំពោះ​វិស័យ​ទាំងបួន រួមមាន បច្ចេកវិទ្យា​ ទូរគមនាគមន៍ គមនាគមន៍ និង​ព័ត៌មាន សម្រាប់​វិស័យ​អប់រំ ការគ្រប់គ្រង​គ្រោះ​មហន្តរាយ ការក្សា​ចម្ងាយ​ពីគ្នា និង​ការរក្សា​អនាម័យ​ផ្ទាល់ខ្លួន។ 

វិស័យ​ឯកជន រួមទាំងវិស័យ​សហប្រតិបត្តិការ​សាធារណៈ​ទាំងអស់ ដែល​មាន​ចំណាប់​អារម្មណ៍ សូម​មេត្តា​រៀបចំ​គ​ម្រោង​របស់​ខ្លួន​ដើម្បី​ទទួល​បាន​នូវ​កញ្ចប់​មូលនិធិ​ក្នុង​ទំហំ​ទឹកប្រាក់​រហូត​ដល់ ២០០.០០០ (ម្ភៃម៉ឺន​ដុល្លារ​អាមេរិក) យក​ទៅ​អនុវត្ត​គម្រោង​របស់​ខ្លួន។

ការទទួល​ពាក្យ នឹង​ចាប់ផ្ដើម​ពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២០ តទៅ។ សូមលោកអ្នកដែលមានចំណាប់អារម្មណ៍រៀបចំគំរោងការរបស់ខ្លួនមកកាន់យើងខ្ញុំទៅតាមប្រភេទវិស័យនីមួយៗ។ យើងខ្ញុំនឹងធ្វើការពិនិត្យជម្រុះក្នុងក្របខណ្ឌផ្ទៃក្នុង របស់ក្រុមហ៊ុនជាមុនសិន មុននឹងធ្វើការដាក់ជូនទៅពិនិត្យសម្រេចពីសំណាក់គណៈកម្មាធិការ ដែលមានសមាសភាពមកពី ក្រុមហ៊ុន ស្មាត អាស្យាតា ក្រុមហ៊ុនមេរបស់ក្រុមហ៊ុន ស្មាត (Axiata Group) និងតំណាងពីស្ថាប័ន្នឯករាជ្យផ្សេងៗដទៃទៀត។ សម្រាប់ព័ត៌មានលម្អិតស្តីអំពីមូលនិធិនេះ សូមលោកអ្នកចូលទៅកាន់បណ្តាញទំនាក់ទំនងសង្គមរបស់ក្រុមហ៊ុន Smart Axiata និង Smart For Cambodia ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិនៃក្រុមហ៊ុន ស្មាត អាស្យាតា ក៏បានឲ្យដឹងបន្ថែមទៀតថា ក្រៅតែអំពីការតភ្ជាប់​បណ្តាញ​ទំនាក់ទំនងទៅកាន់មជ្ឍមណ្ឌលមេរបស់ក្រសួងសុខាភិបាលតាមរយៈការប្រើប្រាស់ហ្រ្វេកង់ស៍វិទ្យុបច្ចេកវិទ្យាជំនាន់ ទី៥ ដែលយើងខ្ញុំទទួលបានអាជ្ញាប័ណ្ណសាកល្បងនោះ យើងខ្ញុំក៏បានផ្តល់ជូននូវសេវាទិន្នន័យបន្ថែមជូនដល់អតិថិជន រាល់ពេលនៃការបញ្ចូលទឹកប្រាក់តាមរយៈ (e-top ups) , Smart @Home និងអតិថិជនជាលក្ខណៈក្រុមហ៊ុនទាំងអស់។

ស្របពេលជាមួយគ្នានេះផងដែរ ក្រុមហ៊ុន ស្មាត អាស្យាតា ក៏បាននិងកំពុងចាត់វិធានចាំបាច់នានាចំពោះមុខ ក្នុងទិសដៅធានាឲ្យបាននូវសុខមាលភាពជូនដល់បុគ្គលិកនិយោជិតទាំងអស់ ក៏ដូចគ្នាផងដែរជូនទៅដល់ដៃគូប្រតិបត្តិការ និងអតិថិជនទាំងអស់ តាមរយៈនិយាមនៃការគ្រប់គ្រងនិរន្តរភាពអាជីវកម្មរបស់ខ្លួន។ សកម្មភាពមួយចំនួនដែលបាន និងកំពុងអនុវត្តរួមមាន៖ ការវាស់ស្ទង់កំរិតសីតុណ្ហភាពកំដៅ ការរៀបចំឲ្យមាននូវជែលលាងសំអាតដៃ និតិវិធីសំអាតអនាម័យ តម្រូវឲ្យបុគ្គលិកនិយោជិតដែលបំរើការផ្ទាល់ជាមួយអតិថិជនត្រូវពាក់ម៉ាស់ការពារ ធ្វើការងារពីផ្ទះ លើកពេលវេលាចំពោះកម្មវិធីរបស់ក្រុមហ៊ុនដែលបានគ្រោងទុកពីមុនមក និងធ្វើការប្រជុំតាមរយៈកម្មវិធីឌីជីថល (Virtual) នានា។

លោក ថូម៉ាស ហ៊ុន ក៏បានមានប្រសាសន៍បន្ថែមទៀតផងដែរថា សេវាទំនាក់ទំនងទូរគមនាគមន៍ គឺត្រូវបានកំណត់ជាសេវាកម្មដែលមានភាពចាំបាច់បំផុត ដូចទៅនឹងសេវាអគ្គិសនី និងសេវាទឹកស្អាតផងដែរ សម្រាប់ប្រទេសជាតិនីមួយៗ។ ខណៈដែលយើងខ្ញុំកំពុងបន្តតាមដានយ៉ាងយកចិត្តទុកដាក់បំផុតនោះ យើងខ្ញុំក៏យល់យ៉ាងច្បាស់អំពីភាពចាំបាច់ និងតម្រូវការរបស់អតិថិជនជាច្រើនលាននាក់  ដែលពួកគាត់ទាំងអស់មានការជឿជាក់ និងត្រូវការការតភ្ជាប់ជានិច្ច។ អាស្រ័យហេតុនេះ យើងខ្ញុំនឹងអនុវត្តគ្រប់មធ្យោបាយ ដើម្បីផ្តល់សេវាកម្មជូនដល់អតិថិជនទាំងអស់ ដោយមានការគាំទ្រពីសំណាក់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ពិសេសក្នុងអំឡុងពេលនៃវិបត្តិដែលយើងទាំងអស់គ្នាបាននិងកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ៕




អត្ថបទបន្ទាប់


សម្តេច ហ៊ុន សែន ៖ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «ខ្ញុំបានបញ្ជាទិញម៉ាស ៣លានម៉ាស និងសម្ភារៈការពារមេរោគចំនួន៥ពាន់សម្រាប់បន្ថែម សម្រាប់ក្រុមគ្រូពេទ្យស្ម័គ្ររ…

រដ្ឋត្រៀមទម្លាក់ថវិកា ៥០០ ទៅ៦០០ លានដុល្លារ ដើម្បីអន្តរាគមន៍ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ

ព័ត៌មាន
បន្ទាប់ពីបានអំពាវនាវ ម្ដងហើយម្ដងទៀត ចំពោះធនាគារ និងមីក្រូហិរញ្ញវត្ថុ ក៏ដូចជាម្ចាស់អភិវឌ្ឍបុរីលំនៅដ្ឋាន ឲ្យមានការយោគយល់ ពន្យារពេលសង់ប្រាក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ