វិស័យ លំនៅឋាន

ក្រោយផ្ទះសល់ក្នុងស្តុកច្រើន រដ្ឋមន្ត្រីក្រសួងដែនដី លើកទឹកចិត្តឱ្យអ្នកវិនិយោគងាកទៅអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ


រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានលើកទឹកចិត្តឱ្យអ្នកអភិវឌ្ឍន៍លំនៅឋានងាកទៅអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ដើម្បីឆ្លើយតបនឹងស្ថានភាពសេដ្ឋកិច្ច និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។ ការផ្តល់គំនិតបែបនេះធ្វើឡើងបន្ទាប់ពីឯកឧត្តមសង្កេតឃើញថា តម្រូវការស្នាក់នៅពិតប្រាកដរបស់ពលរដ្ឋស្ថិតក្នុងកម្រិតតម្លៃទាប ខណៈលំនៅឋានតម្លៃថ្លៃៗកំពុងជួបបញ្ហាការផ្គត់ផ្គង់លើសតម្រូវការទីផ្សារ។
វិស័យ លំនៅឋាន
ដោយ

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានគូសបញ្ជាក់ថា នៅក្នុងអំឡុងពេលនេះរហូតដល់ឆ្នាំ២០៥០ កម្ពុជា ទំនងមិនមានតម្រូវការលំនៅឋានច្រើននោះទេ ដោយសារតែលំនៅឋានដែលសាងសង់រួចក្នុងពេលបច្ចុប្បន្ន មានចំនួនច្រើនជាងតម្រូវការស្នាក់នៅ។ នៅក្នុងស្ថានភាពនេះ ថ្នាក់ដឹកនាំរូបនេះ បានណែនាំដល់ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍នានា ត្រូវលក់ចេញគម្រោងចាស់ និងរៀបចំផែនការអាជីវកម្មឡើងវិញ ដើម្បីឱ្យស្របតាមតម្រូវការ និងស្ថានភាពសេដ្ឋកិច្ចដែលកំពុងមានការប្រែប្រួល ។ សម្រាប់ឯកឧត្តម សាយ សំអាល់ ការសាងសង់លំនៅឋានតម្លៃសមរម្យចន្លោះពីជាង១ម៉ឺនដុល្លារទៅជាង២ម៉ឺនដុល្លារ គឺស័ក្ដិសមនឹងស្ថានភាពសេដ្ឋកិច្ចរបស់ពលរដ្ឋនាពេលបច្ចុប្បន្ន ព្រោះការសាងសង់ក្នុងតម្លៃទីផ្សារបែបនេះកំពុងទទួលបានការគាំទ្រពីអ្នកដែលមានតម្រូវការស្នាក់នៅជាក់ស្តែង។

ជាមួយគ្នានេះ អ្នកឧកញ៉ា សំ សុខនឿន អគ្គនាយកក្រុមហ៊ុន SAM SN Group ក៏បានកត់សម្គាល់ឃើញដែរថា លំនៅឋាន ឬខុនដូក្នុងរង្វង់តម្លៃចាប់ពី១ម៉ឺនដល់៤ម៉ឺនដុល្លារកំពុងក្លាយជាជម្រើសដ៏ពេញនិយម។ អ្នកជំនាញរូបនេះបន្ថែមថា តម្លៃនេះស័ក្តិសមបំផុតសម្រាប់អ្នកដែលមានចំណូលខ្ទង់៥០០ដុល្លារក្នុងមួយខែ ដែលអាចឱ្យពួកគេមានលទ្ធភាពបង់រំលស់ដោយគ្មានសម្ពាធ ទោះបីជាសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាក៏ដោយ។

ជុំវិញបញ្ហាក្នុងវិស័យសំណង់ ដែលកើតចេញពីវិបត្តិសកល រដ្ឋមន្ត្រីក្រសួងដែនដី បានបញ្ជាក់ថា ក្រសួងបានដោះស្រាយចេញជាបន្តបន្ទាប់ និងកំពុងខិតខំបញ្ចប់បញ្ហាដែលនៅសេសសល់ ដើម្បីផ្តល់ភាពកក់ក្តៅដល់ទាំងអ្នកទិញ និងអ្នកវិនិយោគ៕

អត្ថបទ៖ បូ ដូឡា




អត្ថបទបន្ទាប់


វិបត្តិប្រេងឡើងថ្លៃកំពុងក្លាយជាសម្ពាធជំរុញថ្លៃដើមក្នុងវិស័យកសិកម្ម ខណៈអ្នកជំនាញបារម្ភបញ្ហានេះបន្តអូសបន្លាយ

តម្លៃប្រេងបានហក់ឡើងខ្ពស់យ៉ាងគំហុកនាពេលបច្ចុប្បន្ននេះ កំពុងបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់វិស័យកសិកម្មកម្ពុជា។ ក្រុមអ្នកជំនាញកសិកម្មព្រមានថា ប្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ