
អ្នកឧកញ៉ា សៀ ឫទ្ធី ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន វើលដ៍ប្រ៊ីដ គ្រុប បានគូសបញ្ជាក់ថា កម្ពុជាគឺជាប្រទេសជាប់ចំណាត់ថ្នាក់ទី៣ ដែលអាចទាញផលប្រយោជន៍បានច្រើនជាងគេនៅក្នុងតំបន់អាស៊ានពីឥទ្ធិពលនៃជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាម៉េរិក និងចិន តាមរយៈការផ្លាស់ទីតាំងវិនិយោគរបស់បណ្តារោងចក្រសហគ្រាសនៅប្រទេសចិន ចេញទៅបណ្តាប្រទេសផ្សេងៗជំនួសវិញ។ ដើម្បីអាចទាញយកផលប្រយោជន៍នេះ អ្នកឧកញ៉ា សៀ ឫទ្ធី អះអាងថា កម្ពុជា គួរឈ្វេងយល់ឱ្យបានច្បាស់អំពីខ្សែច្រវាក់ផលិតកម្មអ្វីខ្លះ ដែលចិន ត្រៀមនឹងផ្លាស់ទីតាំងមកកាន់តំបន់អាស៊ាន ហើយអ្វីដែលជាសក្តានុពលរបស់កម្ពុជា ក្នុងការទាក់ទាញខ្សែច្រវាក់ផលិតកម្មនោះ។ បន្ថែមលើនេះ វិនិយោគិនកម្ពជា ក៏គួរធ្វើដំណើរទៅទាក់ទាញវិនិយោគិនចិន ដែលគ្រោងផ្លាស់ទីតាំងរោងចក្រសហគ្រាសទាំងនោះដោយផ្ទាល់ផងដែរ។ លើសពីនេះ កម្ពុជាត្រូវពង្រឹងធនធានកម្លាំងពលកម្មឱ្យបានខ្លាំង ដើម្បីឆ្លើយតបឱ្យបានតាមតម្រូវការរបស់ក្រុមហ៊ុនទាំងនោះផងដែរ។
សម្រាប់អ្នកឧកញ៉ា សៀ ឫទ្ធី ផែនការអភិវឌ្ឍន៍វិស័យភស្តុភាកម្មរបស់កម្ពុជា ក៏ជាកត្តាសំខាន់ក្នុងការទាក់ទាញវិនិយោគិន ដែលផ្លាស់ទីពីចិនចូលមកកម្ពុជា ផងដែរ ដ្បិតថា ការកាត់បន្ថយការចំណាយលើវិស័យភស្តុភាកម្មមានសារសំខាន់ខ្លាំងណាស់ក្នុងការធ្វើពាណិជ្ជកម្ម។
យ៉ាងណាមិញអ្នកឧកញ៉ា សៀ ឫទ្ធី ជឿជាក់ថា ក្រោមឥទ្ធិពលដឹកនាំរបស់លោក ដូណាល់ ត្រាំ នឹងជួយឱ្យស្ថានភាពសេដ្ឋកិច្ចពិភពលោក រួមទាំងកម្ពុជា នៅក្នុងឆ្នាំ២០២៥ នេះ នឹងមានភាពល្អប្រសើរជាងឆ្នាំ២០២៤ កន្លងទៅ៕