តៃវ៉ាន់-ចិន

តៃវ៉ាន់បង្ហាញនាវាមុជទឹកផលិតដោយខ្លួនឯង ខណៈចិនដំណើរការខ្សែរថភ្លើងឆ្លងសមុទ្រ


កោះតៃវ៉ាន់ កាលពីថ្ងៃទី ២៨ ខែកញ្ញា បានបង្ហាញពីនាវាមុជទឹកថ្មីដំបូងរបស់ខ្លួនមួយគ្រឿង ដែលផលិតនៅក្នុងស្រុក។ នាវាមុជទឹកនេះ គឺជាផ្នែកមួយនៃការបង្កើនសមត្ថភាពការពារជាតិ របស់កោះនេះ ទប់ទល់នឹងប្រទេសចិន ខណៈចិនវិញ ក៏បានប្រកាសដាក់ឱ្យដំណើរការខ្សែរថភ្លើងល្បឿនលឿនដំបូងគេ ដែលធ្វើដំណើរឆ្លងកាត់ឆ្នេរសមុទ្រនៃខេត្តហ្វូរចៀន ក្បែរនឹងច្រកសមុទ្រកោះតៃវ៉ាន់។
តៃវ៉ាន់-ចិន
ដោយ

នាវាមុជទឹកឈ្មោះហៃឃុន (Hai Kun) ដែលមានន័យក្នុងភាសាចិន«សត្វសមុទ្រកំណាច» ត្រូវបានបង្ហាញនៅក្នុងពិធីសម្ភោធក្នុងទីក្រុងកៅស៉ុង ភាគខាងត្បូងកោះតៃវ៉ាន់។ មេដឹកនាំកោះតៃវ៉ាន់លោកស្រីសៃ អ៊ីនវេន បានប្រាប់អង្គពិធីថា «ប្រវត្តិសាស្ត្រនឹងចងចាំថ្ងៃនេះ»។

លោកស្រីថាកាលពីអតីតកាលការផលិតនាវាមុជទឹកដោយឯកឯង ប្រៀបបីដូចជា បេសកកម្មដែលមិនអាចទៅរួច។ ប៉ុន្តែថ្ងៃនេះ វិញ្ញាសារមិនអាចទៅរួចនេះ គឺកំពុងឋិតនៅមុខអ្នកទាំងអស់គ្នា។

ជាការពិតតៃវ៉ាន់កាលពីពេលអតីតកាលមិនហ៊ានសូម្បីគិតក្នុងការផលិតនាវាមុជទឹកដោយខ្លួនឯង ព្រោះត្រូវជួបឧបសគ្គច្រើនពេក។ ប៉ុន្តែ ក្រោយការដឹកនាំរបស់លោកម៉ាយីង ជួរ (Ma Ying-jeou) អតីតមេដឹកនាំតៃវ៉ាន់ពីឆ្នាំ២០០៨ដល់២០១៦ កម្មវិធីអភិវឌ្ឍន៍នាវាមុជទឹកបានផ្តួចផ្តើមឡើង ហើយថវិកាក៏ត្រូវសភាកោះនេះអនុម័តយល់ព្រមដែរ។

បន្តមកឆ្នាំ២០១៦ជាពេលដែលលោកស្រីសៃអ៊ីនវេនចូលកាន់តំណែងគម្រោងនាវាមុជទឹកនេះត្រូវបានជំរុញដល់ដំណាក់កាលចុងក្រោយ។ គួរជម្រាបថា ក្រោមការដឹកនាំរបស់លោកស្រី សៃ អ៊ីនវេន កញ្ចប់ចំណាយលើយោធាតៃវ៉ាន់បានកើនឡើងដល់ ១៩ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៤ខាងមុខ។

ដូចដឹងស្រាប់ហើយក្រៅតែពីចំណាយលើការផលិតនាវាមុជទឹកនេះ កោះតៃវ៉ាន់ក៏បន្តទិញសព្វាវុធទំនើបៗពីប្រទេសដៃគូ ពិសេសសម្ព័ន្ធមិត្តអាមេរិក។

នាវាមុជទឹកហៃឃុនមានប្រវែង៨០ម៉ែត្រ និងទម្ងន់ពី ២,៥ ទៅ៣ពាន់តោន។ វាមានប្រព័ន្ធប្រយុទ្ធ និងអាចបាញ់មីស៊ីលចេញពីក្នុងទឹកបានទៀតផង ដោយប្រើប្រាស់គ្រាប់មីស៊ីលមកពីក្រុមហ៊ុននៃវិស័យការពារជាតិអាមេរិក Lockheed Martin។ លោកស្រីសៃ អ៊ិនវេន អះអាងថា នាវា ហៃឃុន អាចនឹងដាក់ដំណើរត្រឹមឆ្នាំ២០២៥ ខណៈអ្នកវិភាគខ្លះថាអាចនឹងត្រូវការពេលយូរជាងនេះ។

យ៉ាងណាក៏ដោយ សព្វាវុធយោធារបស់រដ្ឋបាលសៃ នឹងមិនអាចរារាំងការបង្រួបបង្រួមជាតិតែមួយឡើងវិញពីសំណាក់កងទ័ពរំដោះប្រជាជានចិនបានឡើយ។

យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនលោកវូកាំងអ្នកនាំពាក្យកងទ័ពជាតិចិនបាននិយាយថា «បើគេគិតថានាវាមុជទឹកនេះអាចទប់ស្កាត់កងកម្លាំងរំដោះប្រជាជនចិន នោះជាការយល់សប្តិទាំងថ្ងៃហើយ។ មិនថាសព្វាវុធតៃវ៉ាន់ច្រើនយ៉ាងណាទេ ឆន្ទៈបង្រួបបង្រួមជាតិ និងការការពារអធិបតេយ្យភាពចិនមិនផ្លាស់ប្តូរឡើយ។

យោងតាមក្រសួងការពារជាតិអាមេរិកគិតមកដល់ពេលបច្ចុប្បន្នចិនមាននាវាមុជទឹកសរុប៦០គ្រឿង ប្រាំមួយគ្រឿងក្នុងនោះគឺជានាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ជាមួយនឹងមីស៊ីលប៉ាឡេស្ទិក។

ទន្ទឹមគ្នានេះ នៅថ្ងៃព្រហស្បតិ៍ដដែលចិនបានដាក់ឱ្យដំណើរការផ្លូវរថភ្លើងល្បឿនលឿនមួយខ្សែ ដែលឆ្លងកាត់ឆ្នេររបស់ចិន និងក្បែរច្រកសមុទ្រតៃវ៉ាន់។ យោងតាមសារព័ត៌មានចិនសិនហួរ ខ្សែរថភ្លើងនេះមានប្រវែង២៧៧គីឡូម៉ែត្រ ឆ្លងកាត់ពី ខេត្តហ្វូចូវ ហ្សៀមិន ទៅកាន់ខេត្តចាងចូវ។ ខ្សែរថភ្លើងនេះក៏នឹងឆ្លងកាត់សមុទ្រដែរ ដោយភ្ជាប់ជាមួយនឹងរថភ្លើងការពារគ្រាប់ ដែលអាចធ្វើដំណើរបាន៣៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ខេត្តចំនួន៨រងការជន់លិច ខណៈសម្ដេច ហ៊ុន ម៉ាណែត បញ្ជាឱ្យត្រៀមកម្លាំងសង្រ្គោះ

ព័ត៌មាន
ជំនន់ទឹកភ្លៀងនៅប៉ុន្មានថ្ងៃមកនេះបានធ្វើឲ្យជន់លិចនៅក្នុងខេត្តចំនួន៨ នៅទូទាំងប្រទេសកម្ពុជា ខណៈប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត …

ចិនជំរុញឱ្យគ្រឹះស្ថានធនាគាររបស់ខ្លួនពង្រីកសាខាក្នុងតំបន់

ព័ត៌មាន
ខណៈដែលធនាគាររបស់ចិនមួយចំនួនកំពុងសម្លឹងរកការពង្រីកសាខារបស់ពួកគេទៅកាន់ទីផ្សារនៅបរទេសនោះ មន្ត្រីជាន់ខ្ពស់ម្នាក់នៃធនាគារកណ្តាលរបស់ចិនបាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ