ការនាំចូលទំនិញយុទ្ធសាស្ត្រ

ក្រៅពីប្រេងឥន្ធនៈ និងបន្លែផ្លែឈើ តើកម្ពុជា គួរបិទការនាំចូលទំនិញយុទ្ធសាស្ត្រមួយចំនួនទៀតរបស់ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចដែរឬទេ?


កម្លាំងប្រដាប់អាវុធថៃ បានបាញ់ប្រហារមកលើពលរដ្ឋខ្មែរស្លូតត្រង់ និងបានបង្កអរិភាពនៅតាមព្រំដែនមកលើកម្ពុជា ជាបន្តបន្ទាប់។ ជាក់ស្ដែងកាលពីរសៀលថ្ងៃទី១៣ ខែវិច្ឆិកា មានពលរដ្ឋស៊ីវិលកម្ពុជាម្នាក់បានស្លាប់ និង៣នាក់រងរបួសធ្ងន់ ដោយសារការបាញ់ប្រហារដ៏សាហាវព្រៃផ្សៃរបស់កងកម្លាំងប្រដាប់អាវុធថៃ នៅចំណុចខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
បិទការនាំចូលទំនិញយុទ្ធសាស្ត្រ
ដោយ

សកម្មភាពបំពានទាំងគឃ្លើនមកកម្ពុជានេះ បានបង្កឱ្យមានប្រតិកម្មយ៉ាងខ្លាំងពីពលរដ្ឋខ្មែរ និងមានការចោទជាសំណួរថា តើកម្ពុជា ​គួរបិទការ​នាំចូលទំនិញយុទ្ធសាស្ត្រមួយចំនួនទៀតរបស់ថៃ ដើម្បីដាក់សម្ពាធសេដ្ឋកិច្ចឬយ៉ាងណា?

​លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា​ យល់ឃើញថា ស្ថិតក្នុងស្ថានភាពដែលភាគីថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរស្លូតត្រង់ និងបង្កអរិភាពមកលើកម្ពុជា ជាបន្តបន្ទាប់នេះ រដ្ឋាភិបាលកម្ពុជា គួរផ្អាកមិនឱ្យទំនិញថៃ ចូលមកកម្ពុជាគ្រប់ច្រកទាំងអស់ក្នុងរយៈពេលកំណត់ណាមួយ។ បន្ទាប់មក អាជ្ញាធរគួរចុះត្រួតពិនិត្យទំនិញនៅលើទីផ្សារ ហើយប្រសិនបើរកឃើញថា មានទំនិញថៃ ទើបនាំចូលថ្មី នោះត្រូវចាត់វិធានការបន្តលើអាជីវករ និងមន្រ្តីដែលគប់គិតឱ្យនាំចូល ដែលវិធានការនេះជាវិធានការត្រជាក់ ដែលមិនបង្កអំពើហិង្សា។

មិនគ្នានោះទេ ​ឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) យល់ឃើញថា រដ្ឋាភិបាលកម្ពុជា គួរពិចារណាក្នុងការបិទការ​នាំចូលទំនិញរបស់ថៃ គ្រប់ប្រភេទមកកាន់ទីផ្សារកម្ពុជា ដើម្បីឆ្លើយតបនឹងភាពក្រអឺតក្រទមរបស់រដ្ឋាភិបាលថៃ ដែលតែងតែបង្កអរិភាព និងមើលងាយមកលើពលរដ្ឋខ្មែរ។ បើតាមអ្នកជំនាញរូបនេះ ទោះបីកម្ពុជា បិទការនាំចូលទំនិញថៃទាំងស្រុង ក៏មិនមានបញ្ហាផ្នែកសន្តិសុខស្បៀងសម្រាប់កម្ពុជា នោះដែរ ដោយសារវិស័យ SME បច្ចុប្បន្នមានលទ្ធភាពគ្រប់គ្រាន់ក្នុងការផលិត និងផ្គត់ផ្គង់នៅលើទីផ្សារ។

ស្រដៀងគ្នានេះដែរ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ឃើញថា ស្ថិតក្នុងស្ថានភាពដែលកម្ពុជា កំពុងរងការរំលោភបំពានពីថៃ រដ្ឋាភិបាលកម្ពុជា គួររឹតបន្តឹងឱ្យបានហ្មត់ចត់លើលំហូរទំនិញថៃខុសច្បាប់ ពិសេសលើទំនិញដែលមានការហាមឃាត់ ព្រោះបើពុំដូច្នោះទេ វានឹងធ្វើឱ្យប៉ះពាល់ដល់ចំណូលជាតិ និងការប្រកួតប្រជែងនៅលើទីផ្សារ។ បើតាមអ្នកជំនាញរូបនេះ ស្ថិតក្នុងស្ថានភាពនេះ គ្រប់អ្នកពាក់ព័ន្ធគួរមានទំនួលខុសត្រូវក្នុងស្មារតីស្នេហាជាតិ និងមានជាតិនិយមឱ្យបានខ្ជាប់ខ្ជួន ដោយមិនត្រូវគប់គិតលួចនាំចូលទំនិញថៃ ហើយបិទផ្លាកជាផលិតផលក្នុងស្រុក ដើម្បីដាក់លក់នោះទេ។ បន្ថែមពីនេះ ពលរដ្ឋត្រូវបន្តធ្វើពហិការលើទំនិញថៃ ឱ្យបានខ្លាំង ហើយសហគ្រាសក្នុងស្រុកត្រូវខិតខំផលិត និងពង្រឹងលើគុណភាពផលិតផលដោយដាក់លក់ក្នុងតម្លៃសមរម្យ។

គួរបញ្ជាក់ថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបិទការនាំចូលទំនិញរបស់ថៃចំនួន៣មុខរួមមានបន្លែ ផ្លែឈើ និងប្រេងឥន្ធនៈ ដើម្បីឆ្លើយតបចំពោះការបិទច្រកព្រំដែនដោយឯកតោភាគីរបស់យោធាថៃ។ បញ្ហានេះបានធ្វើឱ្យអ្នកជំនួញរបស់ថៃបង្វែរផ្លូវដឹកជញ្ជូនដោយប្រើប្រទេសទី៣ ដើម្បីបាននាំចូលមកកម្ពុជា។ ជាក់ស្ដែងនៅមួយរយៈពេលចុងក្រោយនេះ ទំនិញរបស់ថៃបានដឹកចូលមកកម្ពុជា តាមប្រទេសឡាវ ខណៈទំនិញផ្សេងទៀតដឹកតាមផ្លូវទឹកឆ្លងកាត់កំពង់ផែប្រទេសសិង្ហបុរី និងវៀតណាម រួចចូលមកកំពង់ផែកម្ពុជា៕

អត្ថបទ៖ បូ ដូឡា​




អត្ថបទបន្ទាប់


ក្រសួងសេដ្ឋកិច្ច រៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់លើសេចក្ដីព្រាងរបាយការណ៍សិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈក្នុងវិស័យអប់រំ និងវិស័យសុខាភិបាល

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៥ រៀបចំកិច្ចប្រជុំពិភាក្សាពិគ្រោះយោបល់យ៉ាងផុសផុល លើសេចក្ដីព្រាងរបាយការណ៍សិក្សា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ