សារព័ត៌មាន Nikkei Asia បានចេញផ្សាយទិន្នន័យនៃការលក់រថយន្តក្នុងចំណោមប្រទេស អាស៊ានមួយចំនួនដោយបានបង្ហាញថា តួលេខលក់រថយន្តនៅម៉ាឡេស៊ី ដែលធ្លាប់តែឈរនៅលំដាប់ទី៣អស់រយៈពេលជាយូរមកហើយនោះ ឥឡូវនេះបានវ៉ាដាច់ប្រទេសថៃរយៈពេល៣ ត្រីមាសជាប់ៗគ្នារហូតដល់ត្រីមាសទី១ឆ្នាំ២០២៤។
បើតាមសមាគមយានយន្តម៉ាឡេស៊ី បានឱ្យដឹងថា ការលក់រថយន្តនៅម៉ាឡេស៊ី បានកើនឡើង៥% នៅក្នុងត្រីមាសទីមួយឆ្នាំនេះ បើធៀបនឹងឆ្នាំមុន គឺឡើងដល់ជាង២០ម៉ឺនគ្រឿង បន្ទាប់ពីបានកើនឡើងខ្ពស់បំផុត១១% ក្នុងឆ្នាំ២០២៣ ជាមួយបរិមាណជិត៨០ម៉ឺនគ្រឿង។
លោក អ៊ីវ៉ាន ខូ (Ivan Khoo) ភ្នាក់ងារលក់នៅក្រុមហ៊ុន Toyota នៅទីក្រុង Kuala Lumpur បានប្រាប់នីកេអេស៊ាថា ការលក់ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៤ គឺល្អប្រសើរជាងការរំពឹងទុក ហើយរថយន្ត Vio គឺជាម៉ូដែលពេញនិយមបំផុតដោយសារវាមានតម្លៃក្រោម១០ម៉ឺនរីងហ្គីត ប្រហែល២ម៉ឺន១ពាន់ដុល្លារប៉ុណ្ណោះ។
ចំណែកការលក់នៅប្រទេសថៃវិញបានធ្លាក់ចុះ២៥% ក្នុងត្រីមាសទី១ឆ្នាំនេះ បើធៀបនឹងឆ្នាំមុន ខណៈដែលប្រទេសនេះបានកាន់កាប់តំណែងកំពូលទីពីរជាយូរមកហើយ។ ការលក់រថយន្តប្រចាំខែនៅប្រទេសថៃ បានធ្លាក់ចុះជាបន្តបន្ទាប់ចាប់ពីខែមិថុនា ឆ្នាំមុន ដោយសារ ប្រាក់កម្ចីទិញរថយន្តមិនដំណើរការបានកើនឡើងគួបផ្សំនឹងការប្រើប្រាស់ទូទៅនៅទ្រឹង ស្របពេលចំណែកទីផ្សាររថយន្តអគ្គិសនីកំពុងរីកដូចផ្សិត ដោយសារក្រុមហ៊ុនផលិតរថយន្តចិនចូលទៅក្នុងទីផ្សារនេះកាន់តែច្រើន៕
អត្ថបទ៖ សុខ មង្គល