លោកស្រី លែល ប្រេនណាដ (Lael Brainard) ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (National Economic Council) ដែលជាទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី ចូ បៃឌិន បានបង្ហាញការជឿជាក់កាន់តែខ្លាំងឡើងថា សហរដ្ឋអាម៉េរិក នឹងជៀសផុតពីវិបត្តិសេដ្ឋកិច្ច។ លោកស្រីបានថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃសុក្រសប្ដាហ៍កន្លងទៅថា ទិន្នន័យថ្មីៗនេះផ្តល់ភ័ស្តុតាងកាន់តែច្បាស់បន្ថែមទៀតថា ស្ថានភាពសេដ្ឋកិច្ចអាម៉េរិក កាន់តែមានភាពល្អប្រសើរឡើងនៅពេលនេះ។
លោកស្រី ប្រេនណាដ ដែលពីមុនជាមន្ត្រីថ្នាក់លេខ២ នៃធនាគារកណ្ដាលអាម៉េរិក (Federal Reserve) បានគូសបញ្ជាក់ថា វិបត្តិសេដ្ឋកិច្ចនឹងមិនកើតឡើងនោះទេ។ ទោះជាយ៉ាងណា លោកស្រីបានលើកថា ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច រដ្ឋាភិបាលអាម៉េរិក ចាំបាច់ត្រូវចាត់វិធានការជាក់ស្ដែងមួយចំនួនដូចជាការបញ្ចុះអត្រាអតិផរណា ការដំឡើងប្រាក់ឈ្នួល ការបញ្ចុះអត្រាការប្រាក់ និងការបង្កើនការផ្គត់ផ្គង់កម្មករនិយោជិតជាដើម។
លោកស្រីបានបន្ថែមថា “ជាការពិតណាស់ ហានិភ័យតែងតែមាន។ ពេលនេះ យើងអាចមើលឃើញហានិភ័យភូមិសាស្ត្រនយោបាយ ហើយអាចនឹងមានហានិភ័យផ្សេងៗទៀត”។ ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរូបនេះបានគូសបញ្ជាក់ថា ទើបតែមួយឆ្នាំមុននេះ សេដ្ឋវិទូជាច្រើនគិតថា វិបត្តិសេដ្ឋកិច្ចនឹងកើតឡើងដោយជៀសមិនផុត។
ទីប្រឹក្សាសេដ្ឋកិច្ចកំពូលរូបនេះបានបន្ថែមថា "មនុស្សភាគច្រើនមិនគិតថា អាចមានជម្រើសផ្សេងនោះឡើយ។ ប៉ុន្តែជាក់ស្តែង ក្រុមអ្នកព្យាករបានបង្ហាញយ៉ាងច្បាស់នូវអ្វីដែលពួកគេបានរំពឹងទុកកាលពីមួយឆ្នាំមុន ហើយជាលទ្ធផលវាស្ទើរតែ១០០% ដែលមិនបានកើតឡើង ដូចជាក្នុងករណីខ្លះមានការលើកឡើងថា នឹងមានការបាត់បង់ការងារច្រើន និងឈានទៅដល់វិបត្តិសេដ្ឋកិច្ចជាដើម ប្រសិនបើបណ្ដោយឱ្យអតិផរណាហក់ឡើងក្នុងកម្រិតដូចបច្ចុប្បន្ន”៕
ដោយ: តែម សុខុម