សម្តេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល ៥ចំណុចដល់វេទិកាអភិបាលក្រុងអាស៊ាន

សម្តេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល ៥ចំណុចដល់វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន


ថ្លែងក្នុងពិធីបើកវេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាល រាជធានី និង រដ្ឋធានីអាស៊ាន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន អះអាងថា ក្នុងបរិការណ៍ ដែលអាស៊ាន និង សកលលោក បាននិង កំពុងជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់, ការកសាងទីក្រុងឆ្លាត ដែលមានការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងភាពបៃតង គឺជាទិសដៅដ៏ត្រឹមត្រូវបំផុត សម្រាប់ពេលបច្ចុប្បន្ន និងថ្ងៃអនាគត។
សម្តេចតេជោ ហ៊ុន សែន ផ្តល់ធាតុចូល ៥ចំណុចដល់វេទិកាអភិបាលក្រុងអាស៊ាន និងកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន

សម្តេចតេជោ ហ៊ុន សែន បានផ្តល់ធាតុចូលចំនួន៥ ចំណុច ដល់វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន ២០២២ ដើម្បីពង្រឹង និង ជំរុញកិច្ចសហប្រតិបត្តិការអាស៊ាន ឱ្យកាន់តែខ្លាំងថែមទៀត ក្នុងការកសាង និង តភ្ជាប់ទីក្រុងអាស៊ាន ឆ្ពោះទៅរកការកសាងសហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាបន្ន និង ភាពធន់។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ទីក្រុងឆ្លាត មានសក្តានុពលខ្ពស់ក្នុងការដោះស្រាយបញ្ហាទូទៅនៃការរៀបចំនគរូបនីយកម្ម ប្រកបដោយនវានុវត្តន៍, ពង្រឹងភាពធន់ តទល់នឹងហានិភ័យផ្សេងៗ និងជាពិសេសលើកកម្ពស់សុខុមាលភាព និង វិបុលភាពនៃជីវភាពរស់នៅរបស់ប្រជាជនក្នុងមូលដ្ឋាន តាមគន្លងប្រក្រតីភាពថ្មី។ បន្ថែមលើនេះ ទីក្រុងឆ្លាត នឹងក្លាយជាប៉ូលយ៉ាងសំខាន់ ក្នុងការជំរុញសកម្មភាពសង្គម-សេដ្ឋកិច្ច, ធុរកិច្ច, ពាណិជ្ជកម្ម និង ការវិនិយោគ ឱ្យកាន់តែខ្លាំងឡើងថែមទៀត ព្រមទាំងផ្ដល់ឱកាសការងារ, មុខរបរ និង អាជីវកម្ម ដល់ប្រជាជនទូទៅក្នុងប្រទេស និង តំបន់អាស៊ានទាំងមូល។

ក្នុងគោលដៅចូលរួមផ្តល់ជាធាតុចូល សម្រាប់វេទិកាអភិបាលក្រុងអាស៊ាន និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន ២០២២ សម្តេចតេជោ ហ៊ុន សែន បានចែករំលែកនូវអនុសាសន៍ផ្ទាល់ខ្លួនមួយចំនួនផងដែរ ដូចជាទី១. ត្រូវធានាឱ្យបាននូវសន្តិភាព, សន្តិសុខ, ស្ថិរភាព និង វិបុលភាព ដែលជាមូលដ្ឋានគ្រឹះចម្បង និង សំខាន់បំផុត សម្រាប់ការកសាងទីក្រុងឆ្លាត មានភាពធន់ និងចីរភាព។ ទី២. គោលដៅចម្បងបំផុតនៃការកសាងទីក្រុង ឬ ប្រទេសមួយ គឺ ការលើកកម្ពស់គុណភាពរស់នៅរបស់ប្រជាជន ប្រកបដោយសុខុមាលភាព, វិបុលភាព និងភាពធន់។

ស្ថិតក្នុងបរិការណ៍ដែលពោរពេញទៅដោយភាពមិនប្រាកដប្រជាខ្ពស់, រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ាន ត្រូវយកចិត្តទុកដាក់ទៅលើការកសាងទីក្រុងឆ្លាត។ ទី៣. ការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ត្រូវមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងរដ្ឋបាលមូលដ្ឋាន, វិស័យឯកជន, ដៃគូអភិវឌ្ឍន៍, សា្ថប័នជាតិ និងអន្តរជាតិ និង ជាពិសេសពីប្រជាជនដែលរស់នៅក្នុងមូលដ្ឋានផ្ទាល់តែម្តង ។

ទី៤. នៅក្នុងក្របខណ្ឌតំបន់ រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ានទាំងអស់ ត្រូវសហការគ្នា ក្នុងការជំរុញល្បឿន និង ពង្រីកសក្តានុពលនៃការតភ្ជាប់ និង សមាហរណកម្មទីក្រុងឆ្លាតអាស៊ាន ឱ្យកាន់តែខ្លាំងឡើង តាមរយៈការរួមគ្នាលើកកម្ពស់ឌីជីថលូបនីយកម្ម និង បរិវត្តកម្មឌីជីថល ដែលមានសក្តានុពលខ្ពស់ ក្នុងការអភិវឌ្ឍ និងតភ្ជាប់គ្រប់វិស័យ ទាំងក្នុងប្រទេស និងតំបន់។ និងទី៥. គម្លាតនៃការកសាងទីក្រុងឆ្លាត ក្នុងតំបន់ នឹងអាចកើតមានឡើង ដោយសារនិន្នាការរីកធំឡើងនៃគម្លាតបច្ចេកវិទ្យាឌីជីថល ។ ក្នុងន័យនេះ, រដ្ឋបាលក្រុង រាជធានី និង រដ្ឋធានីអាស៊ា ត្រូវជំរុញឱ្យកាន់តែខ្លាំងថែមទៀតនូវវប្បធម៌ផ្លាស់ប្តូរចំណេះដឹង និង ចែករំលែកបទពិសោធន៍ ជុំវិញការកសាងទីក្រុងឆ្លាត ជាពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និង ឌីជីថល ក៏ដូចជាការធានាសុខសន្តិសុខ, ស្ថិរភាព និង សោភ័ណភាពទីក្រុង តាមរយៈការគ្រប់គ្រងទឹកស្អាត អគ្គីសនី និងសំណល់ ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា វេទិកាអភិបាលក្រុងអាស៊ាន ក្រោមប្រធានបទ «ការពង្រឹងកិច្ចសហការអាស៊ាន តាមរយៈការជំរុញការកសាងទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព ប្រកបដោយបរិវត្តកម្ម និង បរិយាបន្នតាមគន្លងប្រក្រតីភាពថ្មី» និង កិច្ចប្រជុំអភិបាលរាជធានី និង រដ្ឋធានីអាស៊ាន ក្រោមប្រធានបទ «ការជំរុញកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងឆ្លាត មានភាពធន់ និង មានចីរភាព» ដែលត្រូវបានអាក់ខានអស់រយៈពេល ២ ឆ្នាំកន្លងមកហើយ ដោយសារការឆ្លងរាលដាលនៃជំងឺកូដ-១៩ បានប្រារព្ធធ្វើឡើងចំនួន២ថ្ងៃ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២៕




អត្ថបទបន្ទាប់


Nasdaq រំពឹងថា ការបោះផ្សាយលក់មូលបត្រ នឹងងើបឡើងវិញក្នុងឆ្នាំ២០២៣ និងអំពាវនាវឱ្យមានច្បាប់រឹតបន្តឹងបន្ថែមលើគ្រីបតូ

ព័ត៌មាន
លោកស្រី Adena Friedman ប្រធានប្រតិបត្តិក្រុមហ៊ុនផ្សារមូលបត្រដ៏ធំរបស់អាមេរិក Nasdaq Inc បាននិយាយថា ការបោះផ្សាយលក់មូលបត្រ ឬហៅថា IPO នឹង…

កម្ពុជារៀបចំកម្មវិធីយាត្រាដើម្បីបេតិកភណ្ឌ ដើម្បីរួមចំណែកស្តារវិស័យទេសចរណ៍ និងសេដ្ឋកិច្ច

ព័ត៌មាន
សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា ក្រោមការសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះវិហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ