កំពូលមហាសេដ្ឋី អេឡិន ម៉ាស់ ដែលជាអ្នកមានទ្រព្យសម្បត្តិច្រើនជាងគេបំផុតលើភពផែនដីបានលើកឡើងនៅក្នុងបទសម្ភាសក្នុងកម្មវិធី Podcast ចេញផ្សាយកាលពីថ្ងៃអាទិត្យ សប្តាហ៍មុនថា ការប្រើប្រាស់បច្ចេកវិទ្យា AI និងមនុស្សយន្តកាន់តែទូលំទូលាយជាមធ្យោបាយតែមួយគត់ ដែលអាចដោះស្រាយបំណុលរបស់អាម៉េរិក ដែលរីកប៉ោងឥតឈប់ឈរឈានដល់៣៨ទ្រីលានដុល្លារអាម៉េរិក។
លោក Elon Musk បានលើកឡើងក្នុងសម្រង់សម្តីដើមថា៖«ខ្ញុំគិតថា នោះជារឿងតែមួយគត់ដែលនឹងជួយដោះស្រាយវិបត្តិបំណុលរបស់សហរដ្ឋអាម៉េរិក ពីព្រោះបច្ចុប្បន្នបំណុលរបស់សហរដ្ឋអាម៉េរិក គឺខ្ពស់ខ្លាំងណាស់។ ការបង់ការប្រាក់លើបំណុលជាតិ គឺលើសពីទំហំថវិកាយោធាទាំងមូលរបស់សហរដ្ឋអាម៉េរិក ទៅទៀត នេះគ្រាន់តែការបង់ការប្រាក់ប៉ុណ្ណោះ ហើយក្នុងរយៈពេលខ្លីវានឹងបន្តកើនឡើងទៀត»។
កំពូលមហាសេដ្ឋីរូបនេះបានសង្កត់ធ្ងន់ថា បច្ចេកវិទ្យា AI និងមនុស្សយន្តនឹងជួយកែលម្អប្រព័ន្ធសេដ្ឋកិច្ច និងប្រព័ន្ធហិរញ្ញវត្ថុទាំងមូលរបស់សហរដ្ឋអាម៉េរិក តាមរយៈការបង្កើនផលិតភាពការងារ ដែលជាលទ្ធផលនឹងអាចជួយដោះស្រាយបំណុលជាង៣៨ទ្រីលានដុល្លាររបស់សហរដ្ឋអាម៉េរិក បាន៕
ដោយ: តែម សុខុម