តម្លៃនៃការជួញដូ Bitcoin កាលពីថ្ងៃព្រហស្បតិ៍ បានបន្តស្ទុះឡើងបន្ថែមទៀតចាប់តាំងពីលទ្ធផលនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាម៉េរិកកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ រូបិយប័ណ្ណគ្រីបតូដ៏ធំបំផុតរបស់ពិភពលោកមួយនេះកំពុងត្រូវបានគេជួញដូរក្នុងតម្លៃ៩ម៉ឺន៨ពាន់ដុល្លារទៅ៩ម៉ឺន៩ពាន់ដុល្លារ។ តម្លៃនៃការជួញដូរ Bitcoin មានការកើនឡើងទ្វេដងនៅឆ្នាំនេះ ដោយកើនឡើងប្រហែល ៤០% ក្នុងរយៈពេលពីរសប្តាហ៍ចាប់តាំងពីលោក ត្រាំ ត្រូវបានបោះឆ្នោតឱ្យធ្វើជាប្រធានាធិបតីអាម៉េរិកបន្តពីលោក ចូ បៃដិន។
បើតាមអ្នកវិភាគ តម្លៃនៃការជួញដូរ Bitcoin វាស្ទុះឡើងខ្លាំងបែបនេះ គឺដោយសារតែលោក ត្រាំ គឺជារដ្ឋបុរសដែលប្រកាសគាំទ្រចរាចរណ៍ និងការទូទាត់ Bitcoin ក្រោមការសន្យាថា នឹងធ្វើឱ្យសហរដ្ឋអាម៉េរិកក្លាយជាមជ្ឈមណ្ឌលនៃការជួញដូរគ្រីបតូនៃភពផែនដី និងក្លាយជាកន្លែងប្រមូលស្តុកជាតិនៃ bitcoin នៅលើពិភពលោក។
ក្រៅពីលោក ត្រាំ លោក អេឡន ម៉ាស់ (Elon Musk) ដែលជាកំពូលអ្នកមានបំផុតនៅសហរដ្ឋអាម៉េរិក ក៏បង្ហាញការគាំទ្ររូបិយប័ណ្ណគ្រីបតូនេះផងដែរ។
លោកស្រី អាលីហ្សា កាវ (Alicia Kao)នាយកគ្រប់គ្រងនៃអត្រាការផ្លាស់ប្តូរការជួញដូរគ្រីបតូបាននិយាយថា អ្នកគ្រប់គ្នាដែលបានទិញ bitcoin បច្ចុប្បន្នកំពុងទទួលបានប្រាក់ចំណេញកប់ក្តោង។ លោកស្រីបានលើកឡើងថា ជាង១៦ឆ្នាំបន្ទាប់ពីការបង្កើតវា ការជូញដូរ Bitcoin បានស្ទុះឡើងដល់កម្រិតខ្ពស់បំផុត។
លោក ចូ ម៉ាកខេន (Joe McCann) នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន Asymmetric ដែលជាក្រុមហ៊ុនមូលនិធិការពារហានិភ័យនៃការជួញដូរតាមប្រព័ន្ធឌីជីថលនៅទីក្រុងម៉ាយអាមី បាននិយាយថា ស្ថានភាពនេះបានធ្វើឲ្យភាគហ៊ុន ដែលទាក់ទងនឹងគ្រីបតូឡើងថ្លៃជាមួយនឹងតម្លៃ Bitcoin ហើយភាគហ៊ុននៅក្នុងក្រុមហ៊ុន Bitcoin Niner MARA Holdings បានបន្តកើនឡើងជិត២,៣% កាលពីថ្ងៃព្រហស្បតិ៍ ផងដែរ។ មកដល់ពេលនេះ ប្រជាប្រិយភាពនៃការជួញដូរ Bitcoin កំពុងកើនឡើង ប៉ុន្តែនៅបណ្តាប្រទេសមួយចំនួនរាល់ប្រតិបត្តិការ និងការជួញដូរ Bitcoin ត្រូវបានគេចាត់ទុកថា ខុសច្បាប់៕
ដោយៈ សរ សុជាតិ