ប្រទេសជប៉ុន

ការផ្ដល់ឥណទានតាមប្រព័ន្ធអ៊ិនធឺណិត ជំរុញឲ្យបំណុលទាក់ទងនឹងទំនិញប្រើប្រាស់នៅជប៉ុនហក់ឡើងខ្ពស់


ការកើនឡើងនូវសេវាកម្មផ្តល់ប្រាក់កម្ចីតាមអ៊ីនធឺណិត ដែលធ្វើប្រតិបត្តិការយ៉ាងងាយស្រួលតាមរយៈទូរស័ព្ទឆ្លាតវៃ ឬស្មាតហ្វូននោះ បានជួយជំរុញឱ្យមានកំណើនគួរឱ្យកត់សម្គាល់ក្នុងបំណុលរបស់អ្នកប្រើប្រាស់នៅប្រទេសជប៉ុន។ គេបានសង្កេតឃើញថា សេវាកម្មនេះបានកើនប្រហែល ៦% គិតត្រឹមចុងខែមីនា បើធៀបនឹងពេលដូចគ្នាកាលពីមួយឆ្នាំមុន។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាននីកេអេស៊ា។
ការផ្ដល់កម្ចីតាមរយៈទូរស័ព្ទបានជំរុញឱ្យមានកំណើនខ្ពស់បំផុតនៅក្នុងបំណុលរបស់អ្នកប្រើប្រាស់នៅជប៉ុន

សមាគមសេវាកម្មហិរញ្ញវត្ថុជប៉ុន (JFSA) បានឱ្យដឹងថា ប្រាក់កម្ចីរបស់អ្នកប្រើប្រាស់ដែលគ្មានការធានាមិនទាន់សង បានកើនឡើងយ៉ាងខ្លាំង ក្នុងអត្រាប្រហែល ៦% គិតត្រឹមខែមីនា បើធៀបនឹងពេលដូចគ្នាកាលពីមួយឆ្នាំមុន។ កំណើននេះ គឺមិនរាប់បញ្ចូលកម្ចីអចលនទ្រព្យឡើយ ហើយតួលេខនេះ គឺជាការកើនឡើងខ្លាំងបំផុតតាំងពីពេលចាប់ផ្ដើមតាមដានក្នុងឆ្នាំសារពើពន្ធ ២០០៨ មក។

សមតុល្យសរុបនៃការផ្ដល់ប្រាក់កម្ចីនេះមានចំនួន ១៩ ពាន់លានដុល្លារ គិតត្រឹមចុងខែមីនា ដែលជាចំនួនដ៏ច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេលជាង ១១ ឆ្នាំកន្លងមកនេះ។

ប្រធានសមាគម JFSA លោក ស៊ីន គូរ៉ាណាកា (Shin Kuranaka) បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃពុធទី១៤មិថុនាថា តម្រូវការហិរញ្ញប្បទានកំពុងវិលទៅរកកម្រិតដូចកាលពីមុនពេលផ្ទុះឡើងនូវជំងឺកូវីដ១៩ហើយ ដោយសារគេជឿថា អ្នកប្រើប្រាស់កំពុងស្វែងរកមូលនិធិសម្រាប់សកម្មភាពមួយចំនួន ដូចជាការធ្វើដំណើរកម្សាន្ត និងការញ៉ាំអាហារនៅក្រៅផ្ទះជាដើម។

នៅសហរដ្ឋអាមេរិក ការកើនឡើងនូវសេវាកម្ម«ទិញឥឡូវ បង់ប្រាក់ពេលក្រោយ» តាមអ៊ីនធឺណិត ដែលងាយស្រួលប្រើជាងកាតឥណទានទៅទៀតនោះ បាននាំឱ្យបំណុលកើនឡើងនៅក្នុងចំណោមមនុស្សវ័យក្មេង។ បំណុលរបស់អ្នកប្រើប្រាស់នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ជិត ៥ ទ្រីលានដុល្លារក្នុងខែមេសា។ នេះបើយោងតាមធនាគារជាតិរបស់អាមេរិក (Federal Reserve)។

ប្រទេសជប៉ុនក៏កំពុងមើលឃើញថា ឥណទានបុគ្គលបានធ្លាក់ចុះ ខណៈដែលសេវាកម្មឥណទានតាមទូរស័ព្ទមានការវិវត្តគួរឱ្យកត់សម្គាល់។ ការផ្ដល់សេវាកម្មបែបនេះប្រហែល ៩០% នៅតាមក្រុមហ៊ុនធំៗដែលផ្ដល់ហិរញ្ញប្បទានដល់អ្នកប្រើប្រាស់ ត្រូវបានធ្វើឡើងតាមរយៈអ៊ីនធឺណិត ភាគច្រើនតាមទូរស័ព្ទស្មាតហ្វូន ហើយអ្នកខ្ចីភាគច្រើនគឺជាស្រទាប់មនុស្សវ័យក្មេង។ អ្នកផ្តល់ប្រាក់កម្ចីមួយចំនួនបានបង្ហាញពីភាពងាយស្រួលនៃការទទួលបានប្រាក់កម្ចី ជាមួយនឹងអត្រាការប្រាក់ប្រចាំឆ្នាំប្រហែល ១៥% តាមអ៊ីនធឺណិត និងអាចដកប្រាក់ពីម៉ាស៊ីនអេធីអឹមបានថែមទៀត៕

អត្ថបទ ៖ សុខ ជា




អត្ថបទបន្ទាប់


ហេតុអ្វីថ្មីៗនេះរដ្ឋសម្រេចដំឡើង និងបញ្ចុះអត្រាពន្ធនាំចូល-អាករពិសេស លើមុខទំនិញមួយចំនួន?

ព័ត៌មាន
ចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ តទៅ រាជរដ្ឋាភិបាល តាមរយៈអគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានសម្រេចកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអ…

កម្ពុជារំពឹងទទួលបានទេសចរអន្តរជាតិ ៤លាននាក់ក្នុងឆ្នាំ២០២៣ ខណៈ៥ខែដើមឆ្នាំនេះ ទទួលបានជាង ២លាននាក់

ព័ត៌មាន
បើទោះបីជាស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នកំពុងស្ថិតនៅក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ ហើយវាបានជះឥទ្ធិពលមួយចំនួនដល់វិស័យទេសចរណ៍ពិភពលោក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ