មុនទៅដល់ប្រទេសចិននៅថ្ងៃអាទិត្យ លោក ប្លីនខេន បានគូសបញ្ជាក់ឡើងវិញកាលពីថ្ងៃសៅរ៍ ចំពោះមុខរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ផាក ជីន (Park Jin) ថា ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះការការពារកូរ៉េខាងត្បូងគឺ«រឹងដូចដែក»។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីល័រ (Matthew Miller) នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃដដែល។ ក្នុងនោះដែរ រដ្ឋមន្ត្រីទាំងពីរបានសម្រេចធ្វើការថ្កោលទោសរួមគ្នាលើរបបក្រុងព្យុងយ៉ាង ដែលនៅតែបន្តការសាកល្បងកាំជ្រួចដោយខុសច្បាប់ និងបានជំរុញឱ្យទីក្រុងប៉េកាំងប្រើឥទ្ធិពលរារាំងកូរ៉េខាងជើងឱ្យបែររកមកផ្លូវការទូតវិញ។
ក្រោយជំនួបជាមួយសមភាគីកូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អាន់តូនី ប្លីនខេន ក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសជប៉ុនលោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា ដោយបានបញ្ជាក់ពីការប្តេជ្ញាចិត្តដូចគ្នាចំពោះប្រទេសជប៉ុន។ មេដឹកនាំការទូតកំពូលទាំងបីប្រទេសបានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ពួកគេថ្កោលទោសការបាញ់សាកល្បងជាថ្មីនូវមីស៊ីលប៉ាលេស្ទីករយៈចម្ងាយខ្លីពីរគ្រាប់ ដែលទីក្រុងព្យុងយ៉ាងបានបាញ់ថ្មីៗនេះ។ ការបាញ់កាំជ្រួចដោយកូរ៉េខាងជើងបានកើតឡើងក្រោយពេលដែលប្រទេសនេះបានព្រមានឆ្លើយតបចំពោះសមយុទ្ធយោធាដែលកំពុងបន្តធ្វើរវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
មែនទែនទៅ ការចេញសេចក្តីថ្លែងការណ៍ត្រីភាគីរួមគ្នានេះក៏បានបង្ហាញផងដែរ ពីការការចុះសម្រុងគ្នាកាន់តែជិតស្និតនៃជំហររបស់កូរ៉េខាងត្បូង និងជប៉ុន ក្រោមរដ្ឋាភិបាលថ្មីនៃប្រទេសទាំងពីរ ហើយវាក៏ជាគោលដៅនៃនយោបាយការបរទេសរបស់អាមេរិកក្រោមរដ្ឋបាលលោក ចូ បៃដិន ដែរ ដែលចាំបាច់ធ្វើឱ្យសម្ព័ន្ធមិត្តរបស់ខ្លួនទាំងពីរមានជំហរស្របគ្នាឡើងវិញ ដើម្បីរួមគ្នាប្រឆាំងនឹងកូរ៉េខាងជើង និងទប់ស្កាត់ឥទ្វិពលរបស់ចិននៅក្នុងតំបន់។
គួរជម្រាបថា លោក ប្លីនខេន បានទៅដល់រដ្ឋធានីប៉េកាំង ប្រទេសចិននៅថ្ងៃអាទិត្យ ទី ១៨ មិថុនា។ គេចាត់ទុកជារឿងកម្រ ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយនេះ ដែលមន្ត្រីការទូតកំពូលរបស់អាមេរិកបានទៅជាន់ដីប្រទេសចិន។ ដំណើរទស្សនកិច្ចនេះមានគោលបំណងបន្ធូរភាពតានតឹង និងរឹតចំណងការទូតនៃប្រទេសសេដ្ឋកិច្ចធំទាំងពីរលើលោកឡើងវិញ បន្ទាប់ពីវាបានធ្លាក់ចុះដល់កម្រិតទាបបំផុត៕