វិស័យពាណិជ្ជកម្ម

កម្ពុជា ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងពីរឱ្យឈានដល់ជាង២០ពាន់លានដុល្លារ


ការពង្រឹងការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសក្បែរខាង គឺជាកិច្ចការសំខាន់មួយដែលរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ ដើម្បីចូលរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាក់ស្តែង ថ្នាក់ដឹកនាំកម្ពុជា-វៀតណាម បានប្ដេជ្ញាជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យឈានដល់គោលដៅ២០ពាន់លានដុល្លារនាពេលខាងមុខនេះ ខណៈថ្នាក់ដឹកនាំកម្ពុជា-ឡាវ ប្ដេជ្ញាជំរុញឱ្យសម្រេចបានដល់៧០០លានដុល្លារត្រឹមឆ្នាំ២០៣០។
វិស័យពាណិជ្ជកម្ម
ដោយ

អ្នកជំនាញបានចាត់ទុកការប្តេជ្ញាពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្បែរខាងទាំងពីរនេះ វានឹងជួយជំរុញទីផ្សាររបស់កម្ពុជា ឱ្យកាន់តែរឹងមាំ ក្នុងខណៈពេលដែលកម្ពុជា និងថៃ កំពុងមានអរិភាពជាមួយគ្នា។

​​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្រ្តីឡាវ ក្នុងជំនួបពិភាក្សាទ្វេភាគីនាពេលថ្មីៗនេះ បានប្តេជ្ញាជំរុញពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់គោលដៅ៧០០លានដុល្លារនៅត្រឹមឆ្នាំ២០៣០។ ការប្តេជ្ញារបស់ប្រមុខរដ្ឋាភិបាលទាំងពីរត្រូវបានជំរុញតាមរយៈការពន្លឿនការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន សំដៅសម្រួលដល់ការដឹកជញ្ជូនទំនិញទៅវិញទៅមករវាងគ្នា ពោលគឺកម្ពុជា អាចដឹកជញ្ជូនផលិតផលកសិកម្មទៅកាន់ប្រទេសទី៣ ដោយឆ្លងកាត់ឡាវ ឯឡាវ អាចចាត់ទុកកម្ពុជា ជាច្រកផ្លូវដឹកជញ្ជូនទំនិញពីឡាវ ទៅកាន់ទីផ្សារអន្តរជាតិ ដោយប្រើប្រាស់ផែសមុទ្រកម្ពុជា។ ដោយឡែក ចំពោះទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាមវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោក ផាម មិញជិញ នាយករដ្ឋមន្ត្រីវៀតណាម ប្តេជ្ញាបន្តជំរុញកំណើនទំហំពាណិជ្ជកម្មទ្វេទិសឱ្យសម្រេចដល់គោលដៅ២០ពាន់លានដុល្លារនាពេលខាងមុខ និងជំរុញកិច្ចសហប្រតិបត្តិការបណ្តាខេត្តជាប់ព្រំដែន ដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ។

ពាក់ព័ន្ធបញ្ហានេះ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកការជំរុញទំហំពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសក្នុងតំបន់ឥណ្ឌូចិន ពោលគឺប្រទេសឡាវ និងវៀតណាម គឺជាកត្តាសំខាន់មួយក្នុងការរួមចំណែកជួយជំរុញកំណើនសេដ្ឋកិច្ច និងទីផ្សាររបស់កម្ពុជា ឱ្យកាន់តែរឹងមាំ និងរីកចម្រើនបន្ថែមទៀត ស្របពេលដែលប្រទេសកម្ពុជា និងថៃ កំពុងមានអរិភាពជាមួយគ្នា។

ជាមួយនឹងការលើកកម្ពស់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា ជាមួយវៀតណាម និងឡាវ ឱ្យកាន់តែប្រសើរ អ្នកជំនាញរូបនេះ បានវាយតម្លៃថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវជំរុញផលិតកម្មក្នុងស្រុកឱ្យបានកាន់តែខ្លាំងក្លាបន្ថែមទៀត ជាពិសេសការគាំទ្រដល់សហគ្រាស SME ក្នុងស្រុកតែម្តង។

​ជាមួយគ្នានេះ លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានវាយតម្លៃថា ការជំរុញទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសក្បែរខាងទាំងពីររបស់កម្ពុជា គឺមានសារសំខាន់ណាស់ក្នុងការពង្រឹងកំណើនសេដ្ឋកិច្ច ព្រមទាំងលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ ដ្បិតជាមូលដ្ឋានសេដ្ឋកិច្ចប្រទេសទាំងបី មានការបំពេញគ្នាទៅវិញទៅមកលើវិស័យសំខាន់ៗជាច្រើន។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីជំរុញគោលដៅបង្កើនទំហំពាណិជ្ជកម្មជាមួយប្រទេសទាំងពីរនេះ កម្ពុជា ត្រូវបន្តពង្រឹងការផលិតរបស់ខ្លួនបន្ថែម ព្រមទាំងពង្រីកការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ និងឡូជីស្ទីកបន្ថែមឱ្យកាន់តែប្រសើរ។

​ជុំវិញទំនាក់ទំនងរវាងប្រទេសកម្ពុជា វៀតណាម និងឡាវនេះដែរ នៅក្នុងជំនួបកំពូលថ្នាក់ដឹកនាំគណបក្សនៃប្រទេសទាំង៣ ភាគីទាំងបីបានសម្តែងនូវការជឿទុកចិត្តគ្នាខ្ពស់ក្នុងការប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក ដើម្បីឱ្យប្រទេសទាំងបីសម្រេចគោលដៅក្លាយជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៤៥ សម្រាប់វៀតណាម ឆ្នាំ២០៥០ សម្រាប់កម្ពុជា និងឆ្នាំ២០៥៥ សម្រាប់ប្រទេសឡាវ។

គួរបញ្ជាក់ថា ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងវៀតណាម កាលពីឆ្នាំ២០២៥ សម្រេចបានជាង១១ពាន់លានដុល្លារ ខណៈពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជានិងឡាវ សម្រេចបានជាង២០០លានដុល្លារ៕




អត្ថបទបន្ទាប់


តំណាងវិស័យឯកជន និងអគ្គនាយកពន្ធដារកម្ពុជា ជំរុញឱ្យម្ចាស់អាជីវកម្មចូលរួមអនុលោមតាមច្បាប់ពន្ធដារ ដើម្បីតម្លាភាព និងជំរុញសេដ្ឋកិច្ចជាតិ

នាវេទិកាពន្ធដារកម្ពុជា ឆ្នាំ២០២៦ ដែលបានធ្វើឡើងកាលពីថ្ងៃទី៥ និងទី៦ ខែកុម្ភៈ តំណាងវិស័យឯកជន និងអគ្គនាយកពន្ធដារកម្ពុជា បានជំរុញឱ្យម្ចាស់អា…

តើទេសចរណ៍សាសនា អាចក្លាយជាក្បាលម៉ាស៊ីនថ្មីក្នុងការស្រូបទាញភ្ញៀវទេសចរមកកម្ពុជាដែរទេ?

ក្រុមអ្នកជំនាញក្នុងវិស័យទេសចរណ៍ ស្នើឱ្យមានការរៀបចំ និងជំរុញតំបន់ទេសចរណ៍បែបសាសនាឱ្យកាន់តែមានភាពសម្បូរបែប ដើម្បីបង្កើនការទាក់ទាញភ្ញៀវទេស…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ