លោកបណ្ឌិត គិន ភា អ្នកជំនាញវិទ្យាសាស្រ្តនយោបាយ ជឿជាក់ថា ទោះបីគណបក្សប្រជាជនថៃ ឈ្នះឆ្នោតឡើងកាន់តំណែងនាយករដ្ឋមន្ត្រីក៏ដោយ ក៏បញ្ហាព្រំដែនជម្លោះរវាងកម្ពុជា និងថៃ មិនអាចដោះស្រាយបានដោយងាយស្រួលនោះឡើយ ហើយក៏មិនអាចឱ្យក្រុមទាហានថៃ ដកទ័ពចេញពីទឹកដីខ្មែរនោះដែរ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីឱ្យថៃ អាចដកទ័ពចេញពីទឹកដីខ្មែរ ដែលពួកគេវាយដណ្តើមកាន់កាប់បាន លុះត្រាតែមានកិច្ចចរចារួមគ្នារវាងយោធា និងរដ្ឋាភិបាលថៃ ដែលបានឈ្នះឆ្នោតហើយសម្រេចមតិរួមទើបអាចមានប្រសិទ្ធភាព។ អ្នកជំនាញរូបនេះបានព្រមានថា ស្របពេលដែលគណបក្សភូមិចៃថៃ របស់លោក អានុទីន កំពុងធ្លាក់ចុះប្រជាប្រិយភាព នោះថៃ អាចនឹងប្រើសន្លឹកបៀរព្រំដែនជាមួយកម្ពុជា ដោយបង្កឱ្យមានការប៉ះទង្គិចប្រដាប់អាវុធជាថ្មី ដើម្បីដុតកម្ដៅចរន្តជាតិនិយម និងទាក់ទាញការគាំទ្រឡើងវិញនៅមុនការបោះឆ្នោត។
ជាមួយគ្នានេះ លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវជឿជាក់ថា គណបក្សប្រជាជនថៃនឹងឈ្នះឆ្នោតឡើងដឹកនាំរដ្ឋាភិបាលថៃ បើផ្អែកលើលទ្ធផលស្ទង់មតិកាលពីពេលថ្មីៗ។ ជាការវាយតម្លៃរបស់អ្នកជំនាញរូបនេះ រដ្ឋាភិបាលថៃក្រោមការដឹកនាំរបស់គណបក្សនេះ អាចប្រឈមនឹងការធ្វើរដ្ឋប្រហារពីយោធា ព្រោះគោលនយោបាយនៅប្រទេសថៃ គឺរាជវាំងមានអំណាចលើសលប់។ លោកយល់ឃើញថា ដើម្បីឱ្យកម្ពុជា និងថៃ មានសន្តិភាពលុះត្រាតែប្រទេសថៃ ធ្វើវិសោធនកម្មច្បាប់បន្ថយអំណាចស្ដេច និងយោធា។
បើតាមអ្នកជំនាញ កម្ពុជា ត្រូវតែពង្រីងវិស័យការពារជាតិ និងវិនិយោគបន្ថែមទៅលើអាវុធទំនើបៗ ព្រោះថៃ មានភាគរយខ្ពស់ដែលយកកម្ពុជា ធ្វើជាឧបករណ៍នយោបាយរបស់ពួកគេ ដែលកម្ពុជា ចាំបាច់ត្រូវតែត្រៀមខ្លួន ដើម្បីទប់ទល់នឹងការរំលោភបំពានជាថ្មីរបស់យោធាថៃ។ ជាក់ស្ដែងបញ្ហាព្រំដែនរវាងកម្ពុជា ជាមួយថៃ នៅតែមានភាពតានតឹង បើទោះបីជាមានបទឈប់បាញ់ជាមួយគ្នាយ៉ាងណាក្ដី៕
អត្ថបទ៖ ជា ម៉ារ៉ា