រឿងអាស្រូវអចលនទ្រព្យ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសធំៗពីរ មានរឿងអាស្រូវពាក់ព័ន្ធការបោកប្រាស់


វិស័យអចលនទ្រព្យនៅប្រទេសវៀតណាម និងចិន ក្រៅពីប្រឈមមុខនឹងការធ្លាក់ចុះ វិស័យនេះក៏កំពុងប្រឈមមុខនឹងរឿងអាស្រូវមួយចំនួនផងដែរ ក្រោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗពីរកំពុងរងការចោទប្រកាន់ពីសំណាក់អតិថិជន។ បើតាមសេចក្តីរាយការណ៍របស់សារព័ត៌មានបរទេសមួយចំនួន វិស័យអចលនទ្រព្យនៅវៀតណាម មានការលេចចេញករណីបោកប្រាសអ្នកវិនិយោគ ខណៈដែលនៅចិនមានករណីពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការផ្ទេរប្រាក់ និងការចាប់ខ្លូនអ្នកទទួលខុសត្រូវរបស់គម្រោងជាច្រើននាក់។
រឿងអាស្រូវអចលនទ្រព្យ
ដោយ

ប៉ូលីសវៀតណាម កំពុងស្វែងរកជំនួយពីអ្នកវិនិយោគក្នុងការស៊ើបអង្កេត ដែលកំពុងបន្តទៅលើក្រុមហ៊ុនអចលនទ្រព្យមួយដែលមានឈ្មោះថា Van Thinh Phat Holdings Group ដែលបានរងនូវបទចោទប្រកាន់ថា បានបោកប្រាស និងសមគំនិតក្នុងទំហំទឹកប្រាក់ប្រមាណជាង៣០ទ្រីលានដុង ឫប្រមាណជា១,២០០លានដុល្លារ។

បើយោងទៅតាមសេចក្តីរាយការណ៍ដែលបានចុះផ្សាយនៅលើទំព័រសារព័ត៌មាន the Star បានឲ្យដឹងថា វិនិយោគិនរងគ្រោះមានចំនួនសរុបប្រហែល៤២,០០០នាក់ បានប្រឈមមុខនឹងការបាត់បង់ប្រាក់វិនិយោគរបស់ពួកគេ ក្រោយពេលដែលពួកគេបានសម្រេចចិត្តដាក់ទុនវិនិយោគនឹងគម្រោងអចលនទ្រព្យរបស់ក្រុមហ៊ុនខាងលើ។

ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងសន្តិសុខសាធារណៈវៀតណាម បានឃាត់ខ្លួន លោកស្រី ជុង មីឡាន (Truong My Lan) ប្រធានក្រុមហ៊ុននេះកាលពីឆ្នាំមុន ពីបទទទួលទ្រព្យសម្បត្តិតាមមធ្យោបាយក្លែងបន្លំ ក្រោយពេលដែលលោកស្រីត្រូវបានគេជឿថា មានទំនាក់ទំនងជាមួយធនាគារ Saigon Commercial Bank ដែលត្រូវបានគេស្គាល់ថា ធនាគារ SCB ជុំវិញករណីហិរញ្ញប្បទាន។

ការស៊ើបអង្កេតបានកើតឡើងនៅពេលដែលនិយ័តកររបស់ប្រទេសនេះព្យាយាមដាក់ចេញវិធានការនានា ដើម្បីជួយសង្រ្គោះវិបត្តិអចលនទ្រព្យ ដែលកំពុងជះឥទ្ធិពលដល់សេដ្ឋកិច្ចរបស់ប្រទេសវៀតណាម ហើយគេបានដឹងថា ក្រុមហ៊ុន Van Thinh Phat គឺជាក្រុមហ៊ុនដែលកំពុងតែដំណើរការគម្រោងកសាងមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅទីក្រុងហូជីមិញ។

ដោយឡែកនៅក្នុងប្រទេសចិន ឯណោះវិញ សារព័ត៌មាន Nikkei ក៏កំពុងតែរាយការណ៍ពីរឿងអាស្រូវមួយប្រហាក់ប្រហែលគ្នានេះផងដែរ ខណៈដែលអតីតនាយកប្រតិបត្តិ ប្រធានផ្នែកហិរញ្ញវត្ថុ និងមន្រ្តីពាក់ព័ន្ធប្រមាណជា១០នាក់ផ្សេងទៀតរបស់ក្រុមហ៊ុន China Evergrande ដែលជាក្រុមហ៊ុនអភិវឌ្ឈន៍អចលនទ្រព្យដ៏ធំរបស់ចិន កំពុងតែមានពិរុទ្ធលើការជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវនៃការផ្ទេរប្រាក់នៅធនាគារ។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យដែលជំពាក់បំណុលគេច្រើនជាងគេបំផុតរបស់ពិភពលោក China Evergrande ដែលចុះបញ្ជីនៅហុងកុង កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន រួមទាំងការស៊ើបអង្កេតទៅលើក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួន Evergrande Financial Wealth Management នៅតំបន់ស៊ីនជាំង (Shenzhen)ផងដែរ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមហ៊ុនកូរ៉េខាងត្បូងមួយគ្រោងបោះទុន១ពាន់លានដុល្លារ ផលិតបន្ទះឈីបនៅវៀតណាម

ព័ត៌មាន
ក្រុមហ៊ុន ហាណា មីក្រុង (Hana Micron) របស់ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបោះទុន១ពាន់លានដុល្លារវិនិយោគក្នុងផលិតកម្មបន្ទះឈីប នៅប្រទេសវៀតណាម …

សម្តេច ហ៊ុន ម៉ាណែត ជំរុញឱ្យពន្ធដារ ពិនិត្យរៀបចំយន្តការប្រមូលចំណូលកុំឱ្យជាន់គ្នា

ព័ត៌មាន
ដើម្បីជំរុញការអនុវត្តការងាររបស់អគ្គនាយកដ្ឋានពន្ធដារ ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងសុក្រិតភាពបន្ថែមទៀត ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ