វិស័យហិរញ្ញវត្ថុ

តើការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិតជាធ្វើឱ្យពលរដ្ឋមានសម្ពាធហិរញ្ញវត្ថុខ្ពស់មែនឬ?


វិស័យមីក្រូហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការផ្តល់ជាដើមទុនដល់ប្រជាពលរដ្ឋ។ តែទោះជាបែបនេះក្តី មានមតិមួយចំនួនបានលើកឡើងថា ការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ បានធ្វើឱ្យពលរដ្ឋមានសម្ពាធហិរញ្ញវត្ថុខ្ពស់ រហូតឈានដល់ការរឹបអូសផ្ទះសំបែងជាដើម។ តើការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ពិតជាធ្វើឱ្យពលរដ្ឋមានសម្ពាធហិរញ្ញវត្ថុខ្ពស់ឬយ៉ាងណា?
វិស័យហិរញ្ញវត្ថុ
ដោយ

លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនង និងជាអ្នកនាំពាក្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចមិនសូវល្អ បញ្ហាបំណុលតែងតែត្រូវបានប្រជាពលរដ្ឋលើកយកមកជជែកវែកញែកច្រើននៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយក្នុងនោះមានមតិមួយចំនួនលើកឡើងថា ការខ្ចីបំណុលពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុធ្វើឱ្យពលរដ្ឋមានសម្ពាធខ្ពស់ និងឈានដល់ការការរឹបអូសផ្ទះសំបែងជាដើម។ តែយ៉ាងណា លោក បានអះអាងថា ក៏មានពលរដ្ឋមួយចំនួនយល់ច្បាស់អំពីសារសំខាន់នៃការខ្ចីបំណុលនេះ ពោលគឺការប្រើប្រាស់បំណុលឱ្យចំគោលដៅ និងមានប្រសិទ្ធភាព នោះវានឹងក្លាយជាឧបករណ៍មួយដែលមិនត្រឹមតែជួយឱ្យអ្នកប្រើប្រាស់មានចំណូលកើនឡើងទេ ថែមទាំងជួយជំរុញចរន្តសេដ្ឋកិច្ចជាតិឱ្យមានដំណើរការល្អផងដែរ។

​ជុំវិញបញ្ហាលើកឡើងអំពីបញ្ហបំណុលបានដាក់សម្ពាធដល់ពលរដ្ឋ និងឈានដល់ការការរឹបអូសផ្ទះសំបែងនេះ មន្ត្រីជាន់ខ្ពស់នៃសមាគមមីក្រូហិរញ្ញវត្ថុរូបនេះ បានអះអាងថា ស្ទើរតែទាំងស្រុងនៃករណីនេះ សុទ្ធសឹងតែកើតឡើងតាមរយៈការប្រើប្រាស់កម្ចីឯកជនក្រៅផ្លូវការរបស់ពលរដ្ឋ ដ្បិតថា គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមុននឹងផ្តល់កម្ចីជូនដល់អតិថិជន តែងតែវាយតម្លៃ និងថ្លឹងថ្លែងពីលទ្ធភាពសងត្រឡប់របស់កូនបំណុលជាមុនយ៉ាងដិតដល់។ ម្យ៉ាងទៀត នៅពេលដែលពលរដ្ឋមានបញ្ហាអស់លទ្ធភាពសងជាមួយគ្រឹះស្ថានហិរញ្ញវត្ថុ ពួកគេមិនបានមករកដំណោះស្រាយជាមួយគ្រឹះស្ថានដោយផ្ទាល់ តែបែរជាទៅខ្ចីបំណុលក្រៅផ្លូវការមកដោះស្រាយជំនួសវិញ ទើបជាបញ្ហាប្រឈមដែលបណ្តាលឱ្យពួកគេឈានទៅជាប់បំណុលវ័ណ្ឌក ហើយការប្រើប្រាស់បំណុលមិនចំគោលដៅក៏ជាកត្តារួមចំណែកធ្វើឱ្យពលរដ្ឋធ្លាក់ចូលក្នុងបញ្ហានេះផងដែរ។ លោក កាំង តុងងី បានបញ្ជាក់ដែរថា ជុំវិញការរឹបអូសទ្រព្យសម្បត្តិរបស់កូនបំណុលនេះ ទោះបីជាកូនបំណុលគ្មានលទ្ធភាពបង់សងយ៉ាងណាក៏ដោយ ក៏គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ គ្មានសិទ្ធក្នុងការរឹបអូសទ្រព្យបញ្ចាំរបស់កូនបំណុលនោះទេ ពោលគឺបញ្ហានេះត្រូវឆ្លងកាត់ដោយយន្តការតុលាការជាអ្នកដោះស្រាយ។

​​សូមជម្រាបថា គិតត្រឹមដំណាច់ឆ្នាំ២០២៤ អត្រាអតិថិជនបង់សងត្រលប់យឺតលើសពី៣០ថ្ងៃក្នុងវិស័យមីក្រូហិរញ្ញវត្ថុ មានក្នុងរង្វង់៨,២% នៃចំនួនអតិថិជនសរុបជាង១,៥លាននាក់។ ការបង់សងត្រលប់យឺតនេះមានការកើនឡើងប្រមាណ២,៣% បើធៀបនឹងឆ្នាំ២០២៣។ គិតត្រឹមដំណាច់ឆ្នាំ២០២៤ ការផ្តល់ឥណទានក្នុងវិស័យមីក្រូហិរញ្ញវត្ថុ បានឈានដល់ជាង៥ពាន់លានដុល្លារអាម៉េរិក៕




អត្ថបទបន្ទាប់


ក្រុមហ៊ុនផ្លូវការ GAC Motor Cambodia ប្រកាសចាត់វិធានការលើអ្នកគ្មានសិទ្ធិនាំចូលរថយន្ត GN8

ក្រុមហ៊ុន GAC Motor Cambodia ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ TH Group បានប្រកាសដល់សាធារណជនអំពីសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខលើម៉ាករ…

តើមានកត្តាអ្វីជួយឱ្យអចលនទ្រព្យក្នុងក្រុងបាវិត និងក្រុងប៉ោយប៉ែត មានតម្រូវការខ្ពស់នៅដើមឆ្នាំនេះ?

វិបត្តិសេដ្ឋកិច្ចសកលបានធ្វើឱ្យវិស័យអចលនទ្រព្យពិភពលោករួមទាំងកម្ពុជាបានទទួលរងការរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ បញ្ហានេះក៏បា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ