ប្រទេសប្រេស៊ីល ក្រោមការដឹកនាំរបស់ប្រធានាធិបតី លូឡា ដា ស៊ីលវ៉ា (Lula da Silva) បានសម្រេចមិនចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI) របស់មហាយក្សចិន នោះឡើយ ហើយបានស្វះស្វែងរកមធ្យោបាយផ្សេងទៀត ដើម្បីសហការជាមួយបណ្ដាវិនិយោគចិន។ នេះបើយោងតាមលោក សែលសូ អាម៉ូរីម (Celso Amorim) ទីប្រឹក្សាពិសេសរបស់ប្រធានាធិបតីប្រេស៊ីលទទួលបន្ទុកកិច្ចការអន្តរជាតិបានទម្លាយឱ្យដឹងកាលពីថ្ងៃទី២៨ ខែតុលា។
ទីប្រឹក្សារូបនេះបានប្រាប់កាសែតប្រេស៊ីលមួយថា ប្រទេសប្រេស៊ីលមានបំណងចង់ឱ្យទំនាក់ទំនងជាមួយប្រទេសចិន ឈានដល់កម្រិតថ្មីមួយទៀតដោយមិនចាំបាច់ចុះកិច្ចព្រមព្រៀងចូលជាសមាជិកនៃគំនិតផ្ដួចផ្ដើមខាងលើនេះ។
លោក សែលសូ អាម៉ូរីម (Celso Amorim) បានលើកឡើងថា ប្រទេសប្រេស៊ីលមិនចុះសន្ធិសញ្ញានោះទេ ដោយពន្យល់ថា ប្រទេសប្រេស៊ីលមិនចង់យកគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងមូលនិធិវិនិយោគពាក់ព័ន្ធនឹងគំនិតផ្ដួចផ្ដើមរបស់មហាយក្សចិននេះធ្វើជាគោលនយោបាយសម្រាប់ធានាស្ថិរភាព ឬកំណើនសេដ្ឋកិច្ចជាតិរបស់ខ្លួននោះឡើយ។
លោក សែលសូ អាម៉ូរីម (Celso Amorim) បានបញ្ជាក់ថា ប្រទេសប្រេស៊ីល មានបំណងប្រើប្រាស់ផ្នែកខ្លះនៃគំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និងផ្លូវ ដើម្បីបង្កើតជាកិច្ចសហប្រតិបត្តិការជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងមូលនិធិវិនិយោគពាក់ព័ន្ធនានារបស់ប្រេស៊ីល ដោយមិនចាំបាច់ចូលរួមក្នុងគំនិតផ្តួចផ្តើម នេះជាផ្លូវការ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។
ការសម្រេចរបស់ប្រេស៊ីលនេះហាក់ផ្ទុយពីផែនការរបស់ប្រទេសចិន ដែលគ្រោងយកការចូលរួមរបស់ប្រេស៊ីលក្នុងគំនិតផ្ដួចផ្ដើមនេះធ្វើជាចំណុចស្នូល នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីចិនលោក ស៊ី ជិនភីង ទៅកាន់រដ្ឋធានីប្រាស៊ីលីយ៉ារបស់ប្រេស៊ីល នៅថ្ងៃទី២០ ខែវិច្ឆិកា ដ៏ខ្លីខាងមុខនេះ៕
ដោយ: តែម សុខុម