ប្រាក់ឈ្នួលកម្មករម៉ាឡេស៊ី

ម៉ាឡេស៊ីដំឡើងប្រាក់ឈ្នួលកម្មករ ៣៥% ខណៈអ្នកឃ្លាំមើលថា ជាការស្រូបទាញប្រជាប្រិយភាពរបស់អ្នកនយោបាយមុនការបោះឆ្នោត


ជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២២នេះ រដ្ឋាភិបាលម៉ាឡេស៊ីបានគិតគូរដំឡើងប្រាក់ឈ្នួលអប្បបរមាជូនកម្មករហូតដល់ទៅ៣៥% ពោលគឺកើនឡើងពីប្រាក់ឈ្នួលចន្លោះពី២៥២ដុល្លារ ទៅ ២៧៥ដុល្លារ មកដល់ ៣៤៤ដុល្លារ ដើម្បីគាំទ្រដល់ពលរដ្ឋម៉ាឡេស៊ីដែលរងផលប៉ះទង្គិចពីបញ្ហាសេដ្ឋកិច្ចដែលបង្កឡើងដោយកូវីដ១៩ និងបញ្ហាអតិផរណា ដែលបណ្តាលមកពីភ្លើងសង្គ្រាមនៅអ៊ុយក្រែន។ ការដំឡើងប្រាក់ឈ្នួលនេះ នឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីដើមខែឧសភាខាងមុខនេះតទៅហើយ។
ម៉ាឡេស៊ីដំឡើងប្រាក់ឈ្នួលកម្មករ៣៥%
ដោយ

យ៉ាងណា​ក៏​ដោយ ការ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ​រហូត​ដល់​៣៥%​នេះ ទោះបី​បាន​ជួយ​គាំទ្រ​ដល់​ពលរដ្ឋ ប៉ុន្តែ​មាន​មួយ​ផ្នែក​កំពុង​បង្កក្តី​បារម្ភ​ដល់​សេដ្ឋកិច្ច​ផង​ដែរ ដ្បិត អ្នកជំនាញ​សេដ្ឋកិច្ច​មើលឃើញ​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​កាន់តែ​ច្រើន​ភ្លាម​ៗ អាច​ប៉ះពាល់​ដល់​ប្រាក់​ចំណេញ​ក្នុង​វិស័យ​ឯកជន និង​ប៉ះពាល់​ដល់​ការ​វិនិយោគ ដែល​នៅ​ចុង​ក្រោយ​សេដ្ឋកិច្ច​របស់​ម៉ា​ឡេ​ស៊ី​នឹង​ងើប​យឺត​ចេញពី​វិបត្តិ​ជំងឺ​រាតត្បាត ។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ជប៉ុន Nikkei​។

បើ​មើលទៅ​លើ​ឧស្សាហកម្ម​ម៉ា​ឡេ​ស៊ី ដែល​ភាគច្រើន​នៅ​តែ​កំពុង​ដើរ​អូស​ជើង​នៅឡើយ ការ​កែសម្រួល​ប្រាក់​ឈ្នួល​ចុង​ក្រោយបង្អស់​របស់​រដ្ឋាភិបាល​ក្រុង​កូ​ឡា​ឡាំ​ពួរ ជា​ផល​ប៉ះពាល់ និង​ជា​ការ​រំខាន​មួយ​ភ្លាម​ៗ​។

ប្រធាន​សហព័ន្ធ​និយោជក​ម៉ា​ឡេ​ស៊ី លោក ហ៊ូ​សេន ហ៊ូ​ស្មាន់ (Hussain Husman) បាន​ប្រាប់ Nikkei ក្នុង​បទ​សម្ភាសន៍​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​៖ សហព័ន្ធ​និយោជក យល់​ឃើញ​ថា ការ​ដំឡើង​អត្រា​ប្រាក់​ឈ្នួល​អប្បបរមា​លើក​នេះ មាន​ទំហំ​ច្រើន និង​ភ្លាម​ៗ​ពេក​។ វា​នឹង​បន្ថែម​បញ្ហា​ប្រឈម ដែល​និយោជក​ក្នុង​វិស័យ​ឯកជន​កំពុង​ជួប​ប្រទះ​។ លើស​ពី​នេះ​ទៀត ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ពេក អាច​នឹង​រំខាន​ដល់​សេដ្ឋកិច្ច ដែល​បច្ចុប្បន្ន​កំពុង​ព្យាយាម​ងើបឡើង​វិញ​។

ក្រៅពី​តែ​ពី​ផល​ប៉ះពាល់​នៃ​វិធាន​កូ​វី​ដ​១៩​ក្នុង​សង្គម ប្រធាន​សហព័ន្ធ​រូប​នេះ បាន​កត់​សម្គាល់ថា អាជីវកម្ម​ម៉ា​ឡេ​ស៊ី​មួយ​ចំនួន​ក៏​កំពុង​ព្យាយាម ងើប​ចេញពី​ការ​ខូចខាត​នៃ​គ្រោះ​ធម្មជាតិ​ដែរ​។ ព្យុះ​ទី​ហ្វុ​ង រ៉ៃ ដែល​បាន​បោកបក់​លើ​ប្រទេស​ហ្វី​លី​ពី​ន និង​ម៉ា​ឡេ​ស៊ី កាលពី​ខែធ្នូ​ឆ្នាំទៅ​មិ​ញ បាន​បង្ក​ជា​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ប៉ះពាល់​ដល់​រដ្ឋ​ចំនួន​ប្រាំបី រួម​ទាំង​ទីក្រុង​គូ​ឡា​ឡាំ​ពួ និង​សេ​ឡង់​ហ្គ័​រ (Selangor) ដោយ​បាន​ឆក់​យក​ជីវិត​មនុស្ស ៥៥​នាក់ និង​មនុស្ស​ជិត ១០​ម៉ឺន​នាក់​ត្រូវ​ជម្លៀស​ចេញពីផ្ទះ​សម្បែង​។

អ្នកជំនាញ​ផ្សេង​ទៀត​និយាយ​ថា ពួក​គេ​មើលឃើញ​ថា មាន​ហេតុផល​នយោបាយ​នៅ​ពីក្រោយ​ការ​សម្រេចចិត្ត​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​។ ជាក់ស្តែង រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយ​នាយក​រដ្ឋមន្ត្រី អ៊ី​ស្មេ​ល សា​ប្រ៊ី​យ៉ា​កុប (Ismail Sabri Yaakob) សម្លឹង​មើល​លទ្ធភាព​រៀបចំ​ការ​បោះ​ឆ្នោត​សកល​នៅ​ចុងឆ្នាំ​នេះ​ហើយ ដូច្នេះ រដ្ឋាភិបាល​កំពុង​ខិតខំ​ទាញ​យក​ប្រជាប្រិយភាព​។

ទោះជា​យ៉ាងណា​ក៏​ដោយ រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី មិន​ចាត់​ទុក ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ វា​ជា​ការ​ស្រូប​ទាញ​សន្លឹក​ឆ្នោត​នោះ​ទេ ដោយ​បាន​អះអាង​ថា ខ្លួន​ចង់​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដើម្បី​ឱ្យ​ប្រជាជន​ម៉ា​ឡេ​ស៊ី​មាន​ជំហរ​ងើបឡើង​វិញ​ពី​វិបត្តិ​ជំងឺ​រាតត្បាត​។

រដ្ឋមន្ត្រីក្រសួង​ធនធានមនុស្ស​ម៉ា​ឡេ​ស៊ី លោក សារា​វ៉ា​ណា​ន ម៉ូ​រូ​ហ្កា​ន​(Saravanan Murugan) បាន​ប្រាប់ Nikkei ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​ចំនួន ១ ៥០០ រីង​ហ្គី​ត​ឬ​ស្មើនឹង​ប្រមាណ ៣៤៤​ដុល្លារ​នេះ គឺ​ត្រូវធ្វើ​ឲ្យ​ទាន់​ពេលវេលា ហើយ​ក្រុមហ៊ុន​ឯកជន​គួរតែ​ដឹង​ស្រាប់​ហើយ​ថា ដូច​មាន​ចែង​ក្នុង​ច្បាប់ នឹង​មានការ​ដំឡើង ត្រួតពិនិត្យ​កម្រិត​ប្រាក់ខែ​ឡើង​វិញ យ៉ាង​ហោច​ណាស់​ពីរ​ឆ្នាំ​ម្តង​។

រដ្ឋមន្ត្រី​រូប​នេះ​បន្ថែម​ថា ការ​ដំឡើង​ប្រាក់​ឈ្នួល​៣៥% ធ្វើ​ឡើង​បន្ទាប់​ពី​កត្តា​មួយ​ចំនួន​ត្រូវ​បាន​គេ​ពិចារណា ក្នុង​នោះ​រួម​មាន កំណើន​បន្ទាត់​ភាព​ក្រីក្រ និង​អត្រា​អតិផរណា​បច្ចុប្បន្ន​។ គួរ​ជម្រាប​ថា មុន​នឹង​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​ដូច​បច្ចុប្បន្ន ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ម៉ា​ឡេ​ស៊ី បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​អំឡុង​ពេល​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩​ខ្លាំង​។

មែនទែន​ទៅ ប្រទេស​ម៉ា​ស៊ី​ឡេ​ស៊ី គឺ​មាន​កំណើន​ប្រាក់​ឈ្នួល​យឺត​ជាងគេ នៅ​ក្នុង​ចំណោម​ប្រទេស​តំបន់​អាស៊ី​ផ្សេង​ទៀត នៅ​ក្នុង​រយៈពេល​១០​ចុង​ក្រោយ​នេះ​។ ក្នុង​រយៈពេល​១​ទសវត្សរ៍​មកនេះ ប្រាក់​ឈ្នួល​ជា​មធ្យម​នៅ​តាម​រោងចក្រ​ផលិត​ទំនិញ​បន្ត​ទៅ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន គឺ​មាន​កំណើន​យឺត​មែនទែន​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ធៀប​នឹង​ប្រ​ទស​ដ​ដៃ​ទៀត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​។ នេះ គឺជា​ផ្នែក​មួយ ដោយសារ​តែ​ប្រាក់​ឈ្នួល​នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី គឺ​មាន​កម្រិត​ខ្ពស់​រួច​ហើយ​ទៅ ធៀប​នឹង​ប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ដូច​ជា​ប្រទេស​វៀតណាម​ជាដើម​។

បើ​មើលទៅ​លើ​ទិន្នន័យ​ដែល​រៀបចំ​ដោយសារ​ព័ត៌មាន Nikkei បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ក្នុង​រយៈពេល​ចាប់ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២១ ក្នុង​ចំណោម​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប គឺ​ប្រទេស​កម្ពុជា មាន​កំណើន​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អតិ​ប្បបរ​មា​សម្រាប់​កម្មករ​ខ្ពស់​ជាងគេ​បង្អស់ ពោល​គឺ​មាន​កំណើន​ប្រមាណ​១៧០%​។ បន្ទាប់​ពី​នេះ គឺ​ប្រទេស​មី​យ៉ា​ន់​ម៉ា វៀតណាម ឥណ្ឌូ​នេ​ស៊ី និង​ឡាវ​ជាដើម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រធានក្រុមហ៊ុនដឹកជញ្ជូនពិភពលោក DHL ព្រមានថា វិធានការបិទខ្ទប់របស់ចិនបង្កហានិភ័យសម្រាប់សេដ្ឋកិច្ចពិភពលោក

ព័ត៌មាន
វិធានការបិទខ្ទប់អូសបន្លាយពេលកាន់តែយូរនៅក្នុងប្រទេសចិន នឹងបង្កហានិភ័យកាន់ខ្លាំងដល់ពាណិជ្ជកម្មពិភពលោក និងក្ដីរំពឹងពីកំណើនសេដ្ឋកិច្ច ពោលគឺ…

បុរីឈ្នះពានរង្វាន់និងលក់ដាច់ជាងគេ ក្បែរផ្សារAEON3 ត្រៀមបើកគម្រោងទី២របស់ខ្លួន!

ព័ត៌មាន
ជាមួយនឹងសមិទ្ធផល និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អតិថិជនរបស់ខ្លួនសម្រាប់គម្រោងទីមួយកន្លងមក បុរីឡាផាម បានចាប់ដៃគូសហការគ្នាសារជាថ្មីជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ