
តាមសេចក្តីរាយការណ៍មួយរបស់សារព័ត៌មាន Bloomberg បានឲ្យដឹងថា កម្មករចិន ចំនួន២២០ នាក់ ត្រូវបានរដ្ឋអាជ្ញាដែលមានសមត្ថកិច្ចគ្រប់គ្រងស្ថានភាពការងារកម្មករនៅប្រទេសប្រេស៊ីល រកឃើញថា កំពុងធ្វើការក្នុងស្ថានភាពដូចទាសករ។ អាជ្ញាធរនេះ ក៏បានចោទប្រកាន់ពីភាពមិនប្រក្រតីជាមួយនឹងទិដ្ឋាការ ដែលប្រើដើម្បីនាំពលករទៅប្រទេសប្រេស៊ីល និងការរឹបអូសលិខិតឆ្លងដែនរបស់ពួកគេ។ មកដល់ពេលនេះ កម្មករដែលគេបានរកឃើញបានដាក់ពាក្យបណ្តឹងទាមទារសំណងដែលមានតម្លៃប្រមាណ៤៦លានដុល្លារ។
ពាក់ព័ន្ធនឹងការលើកឡើងនេះ តំណាងក្រុមហ៊ុន BYD នៅប្រេស៊ីល បានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍មួយដោយអះអាងពីគោរពសិទ្ធកម្មករ និងច្បាប់ការងាររបស់ប្រទេសប្រេស៊ីលរបស់ខ្លួន ហើយថា ខ្លួនកំពុងសហការជាមួយការិយាល័យអយ្យការការងារ ហើយនឹងផ្តល់ការអត្ថាធិប្បាយបន្ថែមទៀតលើបណ្តឹងនេះ។
មកដល់ពេលនេះ រោងចក្រ BYD នៅក្នុងប្រទេសប្រេស៊ីល គឺជារោងចក្រដំបូងគេរបស់ក្រុមហ៊ុននៅក្រៅអាស៊ី ហើយទីនេះត្រូវបានគេដឹងថា ជាប្រភពនៃការនាំចេញរថយន្តចិន ដ៏ចម្បងមួយទៅកាន់ទីផ្សារផ្សេងៗនៅលើពិភពលោក។ រោងចក្រ BYD នៅប្រេស៊ីលត្រូវបានគេដឹងថា អាចមានសមត្ថភាពផលិតរថយន្តរហូតដល់ទៅ១៥ម៉ឺនគ្រឿង នៅក្នុងមួយឆ្នាំ៕
ដោយៈ សរ សុជាតិ