ទោះជាយ៉ាងណា ធនាគារកណ្ដាលរុស្ស៊ី ទទួលស្គាល់ថា ការបង្កើតប្រព័ន្ធទូទាត់ថ្មីនេះ ជួបបញ្ហាប្រឈមជាច្រើន ហើយពិបាកនឹងជំនួសប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងត្រូវការពេលវេលាបន្ថែមទៀត។
យោងតាមទីភ្នាក់ងារព័ត៌មាន TASS នៃប្រទេសរុស្ស៊ី បានឱ្យដឹងថា នៅសប្តាហ៍នេះ ធនាគារកណ្តាលរុស្ស៊ី បានពិភាក្សាអំពីឧបសគ្គនានា ដែលរារាំងកំណើនសេដ្ឋកិច្ចរុស្ស៊ី ដោយផ្តោតសំខាន់លើបញ្ហាទូទាត់ប្រាក់ជាអន្តរជាតិ ដោយសារការដាក់ទណ្ឌកម្មរបស់លោកខាងលិច។ ហើយស្របពេលដែលខ្លួនធ្វើជាប្រធានប្ដូរវេននៃប្លុកប្រទេស BRICS រុស្ស៊ី ក៏កំពុងព្យាយាមបង្កើតប្រព័ន្ធទូទាត់ថ្មីមានឈ្មោះថា BRICS Bridge ដើម្បីជំនួសប្រព័ន្ធទូទាត់អន្តរជាតិ SWIFT ដែលពិភពលោកទាំងមូលកំពុងប្រើសព្វថ្ងៃផងដែរ។
ទោះជាយ៉ាងណា ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី អ៊ែលវីរ៉ា ណាប៊ូលលីណា (Elvira Nabiullina) បានទទួលស្គាល់ថា ការអភិវឌ្ឍឈានទៅដល់ការបង្កើតបាននូវប្រព័ន្ធទូទាត់ថ្មី BRICS Bridge ជួបបញ្ហាប្រឈមជាច្រើន ហើយពិបាកនឹងជំនួសប្រព័ន្ធទូទាត់អន្តរជាតិ SWIFT និងត្រូវការពេលវេលាបន្ថែមទៀត ដែលមួយផ្នែកដោយសារសម្ពាធទណ្ឌកម្មមកលើបណ្ដាដៃគូរបស់រុស្ស៊ី។
ទណ្ឌកម្មរបស់លោកខាងលិច ក៏បានជះផលប៉ះពាល់មកផ្សារហ៊ុនក្រុងមូស្គូ (Moscow Exchange) ផងដែរ ដោយសារការបញ្ឈប់ការជួញដូរប្រាក់ដុល្លារ និងអឺរ៉ូ។ ជាការឆ្លើយតប ប្រទេសរុស្ស៊ី កំពុងប្រើប្រាស់ប្រាក់យន់ របស់ប្រទេសចិន កាន់តែខ្លាំងឡើងសម្រាប់ការទូទាត់ និងបានបន្ទន់ជំហររបស់ខ្លួនលើការប្រើប្រាស់រូបិយប័ណ្ណឌីជីថល ឬគ្រីបតូ សម្រាប់ប្រតិបត្តិការទូទាត់ជាអន្តរជាតិ។
ទេសាភិបាលធនាគារកណ្តាលរុស្ស៊ី លោកស្រី អ៊ែលវីរ៉ា ណាប៊ូលលីណា បានលើកឡើងថា បច្ចេកវិទ្យាហិរញ្ញវត្ថុថ្មីៗផ្តល់ឱកាសថ្មីៗសម្រាប់ការទូទាត់ឆ្លងដែន។ ទោះជាយ៉ាងណា ក្រុមមន្ត្រីរុស្ស៊ី មានការប្រុងប្រយ័ត្នណាស់ក្នុងការពិភាក្សាអំពីយន្តការទាំងនេះជាសាធារណៈ ដើម្បីជៀសវាងប្រតិកម្មរហ័សពីបណ្តាប្រទេសលោកខាងលិច៕
ដោយ: តែម សុខុម