រាជរដ្ឋាភិបាលក្រុងឡុងដ៏ បានដាក់គោលដៅនឹងសម្រេចកិច្ចព្រមព្រៀងទាំងពីរខាងលើនេះ ឱ្យខានតែបាននៅឆ្នាំក្រោយឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយសារព័ត៌មានជប៉ុន Nikkei។
បើតាមខុទ្ទកាល័យនាយករដ្ឋមន្ត្រីអង់គ្លេស ក្រុមអ្នកចរចាដែលជាសមាជិកកិច្ចព្រមព្រៀងវឌ្ឍនភាព និងគ្រប់ជ្រុងជ្រោយ សម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CP TPP) ប្រមាណ១៥០នាក់ បានមកជំនុំគ្នាក្នុងទីក្រុងឡុងដ៏អស់ជាច្រើនថ្ងៃ កាលពីខែវិច្ឆិកា ក្នុងកិច្ចខិតខំប្រឹងប្រែង បើកផ្លូវឱ្យអង់គ្លេសចូលជាសមាជិកដែរ។ ដោយឡែក ក្នុងកិច្ចព្រមព្រៀងជាមួយឥណ្ឌា រដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិអង់គ្លេសលោកស្រី កេមី បេតណុច (Kemi Badenoch) បានធ្វើដំណើរទៅរដ្ឋធានីញូដេលីរបស់ឥណ្ឌា ដើម្បីជំរុញកិច្ចចរចាពាណិជ្ជកម្មសេរីដែរ។ ប៉ុន្តែ កិច្ចខិតខំប្រឹងប្រែងទាំងពីរ មិនទទួលបានជោគជ័យក្នុងការសម្រេចបានការព្រមព្រៀងគ្នាចុងក្រោយឡើយ។ ទោះយ៉ាងណា រដ្ឋបាលលោក ស៊ុនណាក់ នាយករដ្ឋមន្ត្រីអង់គ្លេស មានបំណងបញ្ចប់កិច្ចព្រមព្រៀងទាំងពីរនៅឱ្យបានអំឡុងឆ្នាំ២០២៣ខាងមុខនេះ។
គួរជម្រាបថា ចក្រភពអង់គ្លេសបាននឹងកំពុងបង្កើនការចូលរួមនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ហើយកិច្ចព្រមព្រៀងទាំងពីរនេះ ជាផ្នែកសំខាន់ណាស់នៃការទូតសេដ្ឋកិច្ចរបស់អង់គ្លេសនៅក្នុងតំបន់។ ក្រោមការដឹកនាំរបស់អតីតនាយករដ្ឋមន្ត្រីលោកស្រី Liz Truss ចក្រភពអង់គ្លេសធ្លាប់បានសន្យាថា នឹងបញ្ចប់ការចរចាដើម្បីចូលរួមជាមួយកិច្ចព្រមព្រៀង CP TPP នៅចុងឆ្នាំ២០២២នេះ។ ដោយឡែកអ្នកកាន់តំណែងមុនលោកស្រី Liz Truss ទៀតគឺលោក Boris Johnson ជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi កាលពីខែមេសា ធ្លាប់បានដាក់កំណត់គោលដៅ ដើម្បីបញ្ចប់ការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនៅចុងខែតុលាផងដែរ។
បើតាមប្រភពស្និទ្ធនឹងបញ្ហានេះឱ្យដឹងថា កាលពីខែកុម្ភៈឆ្នាំ២០២១ ចក្រភពអង់គ្លេសបានដាក់ពាក្យចូលជាសមាជិកដំបូងបង្អស់ក្រោយប្រទេសទាំង១១ដែលជាសមាជិកដើម បានបង្កើត CPTPP ឡើងកាលពីឆ្នាំ២០១៨។ ប៉ុន្តែភាគីទាំងពីរមានការខ្វែងគំនិតគ្នា លើបរិមាណទីផ្សារដែលសមាជិកដើមរបស់ CPTPP អាចទទួលបានក្នុងវិស័យមួយចំនួនពីប្រទេសអង់គ្លេស។
ទន្ទឹមនឹងនេះ ឥណ្ឌាកំពុងជំរុញឱ្យចក្រភពអង់គ្លេសបន្ធូរបន្ថយការរឹតបន្តឹងទិដ្ឋាការការងារ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរបស់ពួកគេ។ ប៉ុន្តែសំណូមពរនេះ ត្រូវបានសមាជិកមួយចំនួននៃបក្សអភិរក្សនិយមដែលកំពុងកាន់អំណាចជំទាស់ថា អាចនាំឱ្យមានការកើនឡើងនៃអន្តោប្រវេសន៍។
សូមជម្រាបថា បន្ទាប់ពីចាកចេញពីសហភាពអឺរ៉ុបក្នុងខែមករាឆ្នាំ២០២០ ចក្រភពអង់គ្លេសក្រោមការដឹកនាំរបស់លោក បូរីស ចនសុនបានចាប់ផ្តើមបន្តការចរចាពាណិជ្ជកម្មជាមួយបណ្តាប្រទេសនៅខាងក្រៅប្លុកនេះ។ ក្រោយមក លោកស្រី Liz Truss ដែលនៅពេលនោះជារដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញការងារនេះ។ គិតមកទល់នឹងពេលនេះ ចក្រភពអង់គ្លេសបានបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេស និងតំបន់យ៉ាងហោចណាស់សរុប ៧០រួមទាំងប្រទេសដែលមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុបផងដែរ ដូចជាអូស្ត្រាលី និងនូវែលសេឡង់ជាដើម៕