អាមេរិក-អ៊ុយក្រែន

ក្នុងដំណើរទស្សនកិច្ចលើកដំបូងនៅអាមេរិក តើលោកហ្សេលេនស្គី បាននិយាយអំពាវនាវអ្វីខ្លះទៅកាន់លោក ចូ បៃដិន និងសភាអាមេរិក?


ក្នុងដំណើរទស្សនកិច្ចដ៏កម្រ និងជាលើកដំបូងទៅកាន់ទឹកដីសហរដ្ឋអាមេរិក ចំពេលដែលសង្គ្រាមអូសបន្លាយដល់ប្រមាណ ៣០០ថ្ងៃមកហើយនោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រាប់ទៅសភាអាមេរិកកាលពីថ្ងៃពុធ ទី២១ ខែធ្នូថា ជំនួយរាប់សិបពាន់លានដុល្លារដែលសហរដ្ឋអាមេរិកបានអនុម័តដើម្បីជួយដល់អ៊ុយក្រែនក្នុងការប្រយុទ្ធទប់ទល់នឹងការឈ្លានពានរបស់រុស្ស៊ី គឺមិនមែនជាសប្បុរសធម៌នោះទេ ប៉ុន្តែវាជាការវិនិយោគលើសណ្តាប់ធ្នាប់ពិភពលោក។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តើដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គីទៅសហរដ្ឋអាមេរិកបង្ហាញថា សង្គ្រាមមិនអាចបញ្ចប់ឬ?

លោក ហ្សេលេនស្គី បាននិយាយច្បាស់ៗប្រាប់ទៅកាន់សភាអាមេរិកថា «លុយរបស់អ្នកមិនមែនជាសប្បុរសធម៌ទេ» តែវាគឺជាការវិនិយោគលើសន្តិសុខ និងលទ្ធិប្រជាធិបតេយ្យលើពិភពលោក»។

ការមកដល់របស់លោក Zelenskiy ត្រូវបានទទួលការស្វាគមន៍យ៉ាងអធិកអធមនៅក្នុងសាលប្រជុំសភាអាមេរិក ដែលសមាជិកទាំងនោះបានកាន់និងលើកទង់ជាតិអ៊ុយក្រែនដ៏ធំមួយនៅពេលលោកបានដើរចូលមកដល់។ លោក ហ្សេណេនស្គី បាននិយាយយ៉ាងដូច្នេះថា៖ «វាជាកិត្តិយសដ៏អស្ចារ្យសម្រាប់ខ្ញុំក្នុងការឈរថ្លែងក្នុងសភាសហរដ្ឋអាមេរិកទៅកាន់អ្នក និងប្រជាជនអាមេរិកទាំងអស់។ ដោយឆ្លងកាត់ស្ថានការដ៏អាប់អួរ និងគ្រោះថ្នាក់បំផុត អ៊ុយក្រែនមិនបានដួលរលំនោះទេ ហើយ «យើងបានយកឈ្នះរុស្ស៊ីក្នុងសមរភូមិនៅក្នុងស្មារតីរបស់មនុស្សនៅលើពិភពលោក»។ នេះបើតាមប្រសាសន៍របស់លោក ហ្សេលេនស្គី។

យ៉ាងណាមិញ ក្នុងការបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មាននៅសេតវិមានជាមួយប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden លោក ហ្សេលេនស្គី បានលើកឡើងថា៖ «សន្តិភាព» ជាមួយរុស្ស៊ីមានន័យថា គឺជាការសម្របសម្រួល ឬការដោះដូរលើអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសអ៊ុយក្រែន ប៉ុន្តែលោកបានចោទសួរឡើងថា តើក្នុងន័យបែបនោះ វាមានសន្តិភាពទេសម្រាប់ឪពុកម្តាយ និងប្រជាជនអ៊ុយក្រែនដែលបានបាត់បង់កូនចៅ និងសាច់ញាតិរបស់ពួកគេនោះ?

លោកហ្សេលេនស្គីបាននិយាយថា «ខ្ញុំមិនដឹងថាអ្វីជាសន្តិភាពនោះទេ! សម្រាប់ខ្ញុំក្នុងនាមជាប្រធានាធិបតី សន្តិភាពគឺគ្មានការសម្របសម្រួល ឬការដោះដូរណាមួយចំពោះអធិបតេយ្យភាព សេរីភាព និងបូរណភាពទឹកដីនៃប្រទេសរបស់ខ្ញុំទេ!» ហើយលោកបានបន្ថែមថា រុស្ស៊ីត្រូវសងការខូចខាតទាំងអស់ដែលបង្កដោយការឈ្លានពានរបស់ខ្លួនមកឱ្យប្រជាជនអ៊ុយក្រែនវិញ។

មែនទែនទៅ លោក Zelenskiy បានចូលរួមក្នុងក្នុងការថ្លែងជាប្រវត្តិសាស្ត្រ ក្នុងនាមជាមេដឹកនាំនៃប្រទេសផ្សេងនៅក្នុងព្រឹទ្ធសភានិងសភាអាមេរិក ដែលការថ្លែងបែបនេះ គឺជាប្រពៃណីមួយនៅអាមេរិក ដែលបានចាប់ផ្តើមពីឆ្នាំ ១៨៧៤ ជាមួយនឹងដំណើរទស្សនកិច្ចដោយស្តេចហាវ៉ៃ Kalakaua និងដំណើរទស្សនកិច្ចនៅសម័យសង្គ្រាមលោកលើទី២ ដោយនាយករដ្ឋមន្ត្រីអង់គ្លេសលោក Winston Churchill ក៏ដូចជាព្រះមហាក្សត្រិយានីអេលីហ្សាបែត និងសម្តេចប៉ាបផងដែរ។

អ្វីដែលគេចាប់អារម្មណ៍នោះ សមាជិកសភា និងសមាជិកព្រឹទ្ធសភាមកពីគណបក្សទាំងពីររបស់អាមេរិក បានបង្ហាញការសាទរយ៉ាងខ្លាំងចំពោះសុន្ទរកថារបស់លោក Zelenskiy ដោយថា «អ៊ុយក្រែននឹងឈរលើឆន្ទៈរបស់ខ្លួន ហើយនឹងមិនចុះចាញ់ឡើយ» ខណៈដែលលោក ហ្សេលេនស្គីបានលើកឡើងប្រដូចការស្ថានការប្រទេសរបស់លោកទៅនឹងសមរភូមិប្រយុទ្ធដ៏អស្ចារ្យរបស់សហរដ្ឋអាមេរិកក្នុងសង្គ្រាមលោកលើកទី២ និងសម័យបដិវត្តន៍អាមេរិក។

ទន្ទឹមនឹងគ្នានេះ ចំណុចរបត់ថ្មីនេះត្រូវបានគេមើលឃើញថា មិនមានសញ្ញាណាមួយនៃការចរចាសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនោះទេ ហើយទាំងរុស្ស៊ី និងអ៊ុយក្រែនបានបង្ហាញពីឆន្ទៈក្នុងការបន្តការប្រយុទ្ធគ្នា បើទោះបីជាលោក Zelenskiy បាននិយាយថា លោកបានពិភាក្សាអំពីរូបមន្តសន្តិភាពអ៊ុយក្រែនចំនួន ១០ ចំណុចជាមួយលោក បៃដិន ប្រធានាធិបតីអាមេរិកក៏ដោយក្តី។

បើតាមអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន មិនបានឃើញពីសញ្ញាណាមួយដែលបង្ហាញថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន មានឆន្ទៈក្នុងការចូលរួមក្នុងការបង្កើតសន្តិភាពនោះទេ។

ដោយឡែក វិមានក្រឹមឡាំងវិញបាននិយាយកាលពីថ្ងៃទី ២១ខែធ្នូដែរថា ខ្លួនមិនឃើញឱកាសនៃកិច្ចចរចាសន្តិភាពជាមួយទីក្រុងកៀវនោះដែរ។ នៅក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មាន អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា ការបន្តការផ្គត់ផ្គង់អាវុធរបស់លោកខាងលិចដល់អ៊ុយក្រែននឹងនាំទៅរកការចាក់ឬសជ្រៅនៃជម្លោះតែប៉ុណ្ណោះ។

គួរជម្រាបដែរថា បើតាមប្រធានាធិបតី Joe Biden និងរដ្ឋមន្ត្រីការបរទេស Antony Blinken បាននិយាយកាលពីថ្ងៃពុធ ទី២១ធ្នូថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយយោធាបន្ថែមទៀតចំនួនជាង ១,៨ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមទាំងការផ្ទេរប្រព័ន្ធការពារអាកាស Patriot ដើម្បីទប់ទល់នឹងការបាញ់ស្រោចមីស៊ីលរបស់រុស្ស៊ីផងដែរ៕




អត្ថបទបន្ទាប់


អង់គ្លេសដាក់គោលដៅឆ្នាំក្រោយនឹងចូលរួមក្នុងព្រមព្រៀងតំបន់ធំៗ និងកិច្ចព្រមព្រៀងទ្វេភាគីជាមួយឥណ្ឌាឲ្យបាន

ព័ត៌មាន
ចាប់តាំងពីបានចាកចេញពីសហភាពអឺរ៉ុប(Brexit) កាលពីដើមឆ្នាំ២០២០ ហើយលែងទទួលបានអត្ថប្រយោជន៍ ការលើកលែងពីប្លុកមួយនេះតទៅទៀត អង់គ្លេសបានស្វះស្…

លោកពូទីន នឹងពង្រីកកងកម្លាំងប្រដាប់អាវុធបន្ថែម ៣០% ចំពេលលោកហ្សេលេនស្គីទៅជាន់ទឹកដីអាមេរិក

ព័ត៌មាន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃពុធ ទី២១ ខែធ្នូ បានផ្តល់ការគាំទ្រចំពោះផែនការមួយក្នុងការបង្កើនទំហំកងកម្លាំងប្រដាប់អាវុធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ