វិស័យពាណិជ្ជកម្ម

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម អះអាងថា ទោះអង់គ្លេស មិនយកពន្ធលើទំនិញកម្ពុជា តែមិនអាចជំនួសទីផ្សារអាម៉េរិក បាននោះទេ


ចក្រភពអង់គ្លេស ដែលជាទីផ្សារនាំចេញធំជាងលំដាប់ទី៧របស់កម្ពុជា នៅឆមាសទី១ឆ្នាំនេះ បានសម្រេចបន្តផ្តល់ការលើកលែងពន្ធលើផលិតផលសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកនាំចូលពីកម្ពុជា ដើម្បីលើកកម្ពស់ និងជំរុញពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចាត់ទុកការអនុគ្រោះក្រោមវិធានការពាណិជ្ជកម្មថ្មីរបស់អង់គ្លេសនេះ គឺជាការបើកឱកាសថ្មីបន្ថែមទៀតក្នុងការជំរុញការនាំចេញរបស់កម្ពុជា និងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលកំពុងមានកំណើនវិជ្ជមានជាបន្តបន្ទាប់។
វិស័យពាណិជ្ជកម្ម
ដោយ

ស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា បានឱ្យដឹងថា ចក្រភពអង់គ្លេស បានដាក់ចេញកញ្ចប់នៃវិធានការពាណិជ្ជកម្មថ្មីដោយមិនយកពន្ធលើទំនិញនាំចូលដូចជាសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិកពីប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងកម្ពុជា ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ តទៅ។ វិធានការពាណិជ្ជកម្មថ្មីនេះនឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវលទ្ធភាពកាន់តែច្រើនក្នុងការនាំចូលផលិតផលមានតម្លៃប្រកួតប្រជែងរាប់ចាប់តាំងពីសម្លៀបំពាក់ រហូតដល់អាហារ និងគ្រឿងអេឡិចត្រូនិក ក៏ដូចជាផ្តល់ភាពងាយស្រួលដល់ការធ្វើពាណិជ្ជកម្មរវាងប្រទេសកំពុងអភិវឌ្ឍន៍ជាមួយចក្រភពអង់គ្លេស។

ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានចាត់ទុកចក្រភពអង់គ្លេស គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា នាពេលបច្ចុប្បន្ននេះ បើទោះបីជាអង់គ្លេស បានចាកចេញពីសហគមន៍អឺរ៉ុប ក៏ដោយ តែអង់គ្លេស នៅតែបន្តទំនាក់ទំនងពាណិជ្ជកម្មដ៏ល្អជាមួយកម្ពុជា ក្រោមការផ្តល់ប្រព័ន្ធអនុគ្រោះពន្ធលើទំនិញនាំចូលពីកម្ពុជា ដដែល។ ទន្ទឹមនឹងនេះ ឯកឧត្តម បានចាត់ទុកការលើកលែងពន្ធរបស់អង់គ្លេស លើទំនិញសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិករបស់កម្ពុជា វាជារបត់ថ្មីនៃការបើកឱកាសបន្ថែមទៀតក្នុងការជំរុញការនាំចេញទំនិញកម្ពុជា ទៅកាន់ចក្រភពអង់គ្លេស បន្ថែមលើកំណើនដែលមានស្រាប់នាពេលបច្ចុប្បន្ននេះ។ តែយ៉ាងណាអ្នកនាំពាក្យរូប​នេះអះអាងថា ការនាំចេញទំនិញសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិករបស់កម្ពុជា ទៅកាន់អង់គ្លេស មិនអាចជំនួសទីផ្សារអាម៉េរិក ដែលជាទីផ្សារនាំចេញដ៏ធំរបស់កម្ពុជា បាននោះទេ។

​ជាមួយគ្នានេះ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងចក្រភពអង់គ្លេសនៅប៉ុន្មានខែកន្លងមកនេះមានកំណើនល្អគួរឱ្យកត់សម្គាល់។ អ្នកជំនាញរូបនេះ ជឿជាក់ថា ក្រោមវិធានការពាណិជ្ជកម្មថ្មីរបស់អង់គ្លេស ដែលលើកលែងពន្ធលើផលិតផលសម្លៀកបំពាក់ និងគ្រឿងអេឡិចត្រូនិករបស់កម្ពុជា វានឹងជួយជំរុញកំណើនដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យមានការកើនឡើងខ្ពស់បន្ថែមទៀត។ តែទោះជាយ៉ាងណាក៏ដោយអ្នកជំនាញរូបនេះស្នើឱ្យរាជរដ្ឋាភិបាលកម្ពុជា ខិតខំប្រឹងចរចាជាមួយបណ្តាប្រទេសដៃគូពាណិជ្ជកម្មធំៗរបស់ខ្លួនបន្ថែម ដើម្បីសម្រាលបន្ទុកពីគំនាបពន្ធរបស់អាម៉េរិក។

​គួរបញ្ជាក់ថា នៅឆ្នាំ២០២៤ កន្លងទៅ ចក្រភពអង់គ្លេស ជាទីផ្សារនាំចេញទំនិញធំជាងគេលំដាប់ទី៨ របស់កម្ពុជា បន្ទាប់ពីអាម៉េរិក វៀតណាម ចិន ជប៉ុន កាណាដា អេស្ប៉ាញ និងអាល្លឺម៉ង់។ របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅឆមាសទី១ ឆ្នាំ២០២៥ នេះ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស មានទំហំជាង៥១៥លានដុល្លារ កើនឡើងជាង១៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន​។ ក្នុងនោះការនាំចេញរបស់កម្ពុជា ទៅចក្រភពអង់គ្លេស មានទំហំប្រមាណ៤៩០លានដុល្លារកើនឡើងជាង១៤%៕




អត្ថបទបន្ទាប់


ធនាគារ ខេប៊ីប្រាសាក់ បន្ថែមពេលវេលាបម្រើសេវាដល់ថ្ងៃសៅរ៍ នៅសាខាទួលគោក និងសាខាវិមានឯករាជ្យ

ភ្នំពេញ៖ ធនាគារ ខេប៊ីប្រាសាក់ មានសេចក្តីសោមនស្សរីករាយជម្រាបជូនអតិថិជននិងសាធារណជនអំពីការបន្ថែមពេលវេលាបម្រើសេវានៅព្រឹកថ្ងៃសៅរ៍ នៅសាខាចំ…

លម៉ើឆ្នាំនេះផ្តល់ទិន្នផលខ្ពស់ តែអ្នកដាំបារម្ភការហូរចូលលម៉ើពីបរទេសធ្វើឱ្យតម្លៃធ្លាក់ចុះ

លម៉ើជាដំណាំមួយប្រភេទ ដែលមានតម្លៃខ្ពស់ និងសម្បូរដាំនៅតំបន់មជ្ឈិមបូព៌ា ប៉ុន្តែបច្ចុប្បន្នដំណាំប្រភេទនេះ ក៏មានដាំនៅកម្ពុជា ដោយកសិករខ្មែរផងដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ