កូវីដ១៩-ការចិញ្ចឹមក្រពើ

តម្លៃកូនក្រពើដាំក្បាលចុះនៅ១ក្បាល ១ដុល្លារ កំពុងធ្វើឲ្យម្ចាស់កសិដ្ឋានចិញ្ចឹមខាតឡុងចុង


ម្ចាស់កសិដ្ឋានចិញ្ចឹមក្រពើធំៗនៅកម្ពុជា បានត្អូញត្អែរថា ឆ្នាំនេះ ការចិញ្ចឹមក្រពើកំពុងរងការខាតឡុងចុងខ្លាំងមែនទែន ដោយតម្លៃកូនក្រពើបានធ្លាក់ចុះខ្លាំង មកនៅត្រឹមតែ១ដុល្លារ និង ក្រោម១ដុល្លារប៉ុណ្ណោះក្នុងមួយក្បាល ខណៈដែលមេក្រពើពូជវិញ មួយក្បាលអាចលក់បានប្រមាណ ១០០ដុល្លារប៉ុណ្ណោះ ធៀបនឹងកាលពីមុនអាចលក់បានដល់ខ្ទង់ពាន់ដុល្លារ។
រូបភាពកូនក្រពើក្នុងកសិដ្ឋានចិញ្ចឹមសត្វក្រពើ Cambo Crocodile Farm ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញរបស់ លោក កាំង សារិន រូបភាព៖ ហំ ផានិត/ខេមបូណូមីស

លោក​កាំ​ង សា​រិ​ន ម្ចាស់​កសិដ្ឋាន Cambo Crocodile Farm ដែល​ជា​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​ដ៏​ធំ​និង​មាន​អាយុកាល​យូរ​ជាងគេ​បង្អស់ នៅ​សង្កាត់​ព្រែក​កំពឹស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រាប់​ក្រុមការងារ ខេ​ម​បូ​ណូ​មី​ស ថា  កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់​លោក កំពុង​ជួប​វិបត្តិ​កាន់តែ​ខ្លាំង​នៅ​ឆ្នាំ​មាន​វិបត្តិ​កូ​វី​ដ​១៩​នេះ ព្រោះ​មិន​ត្រឹម​កូន​ក្រពើ​ចុះថ្លៃ​ខ្លាំង​ទេ ថែម​ទាំង​ក្រពើ មិនសូវ​មាន​ពង​ច្រើន​ទៀត ដោយសារ​ខ្វះ​ចំណី​។ ម្យ៉ាងទៀត ការ​បិទ​ខ្ទប់​ក្នុង​តំបន់ បូក​រួម​ទាំង កូន​ក្រពើ​បាន​ងាប់​ជាង​១​ម៉ឺន​ក្បាល កាលពី​ទឹក​លិច​នៅ​ចុងឆ្នាំ​២០២០​កន្លង​ទៅ​ផង បាន​ធ្វើ​ឲ្យ​កសិដ្ឋាន​របស់​លោក​សា​រិ​ន​កំពុង​រង​ការ​ខាតបង់​ធ្ងន់ធ្ងរ​យ៉ាង​ខ្លាំង​។

លោក កាំ​ង សា​រិ​ន អះអាង​ថា លោក​មាន​គម្រោង​នឹង​លក់​ដី​អាង​ក្រពើ​នេះ​ហើយ ដោយសារ​តែ​ត្រូវការ​លុយ​សម្រាប់​ទិញ​ចំណី​ក្រពើ​ផង និង ដើម្បី​រក​ទីតាំង​ដែល​នៅ​ក្បែរ​ទឹក ដែល​អំណោយផល​ដល់​ការ​ចិញ្ចឹម​ក្រពើ​ផង​។

លោកកាំង សារិន ម្ចាស់កសិដ្ឋាន Cambo Crocodile Farm។ ហំ ផានិត - ខេមបូណូមីស

ជួប​វិបត្តិ​ស្រ​ដៀង​គ្នា​ដែរ  លោក ញឹ​ម បូរាណ ម្ចាស់​អាង​ចិញ្ចឹម​ក្រពើ​នៅ​ភូមិ​ដូនទាវ ឃុំ រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បាន​រៀបរាប់​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​ថា ឆ្នាំ​នេះ​តម្លៃ​កូន​ក្រពើ និង​មេ​ក្រពើ ចុះថ្លៃ​ខ្លាំង ហើយ​ក៏​មិនសូវ​មាន​ឈ្មួញ​ទិញ​ទៀត ដោយ​បាន​ធ្វើ​ឲ្យ​អ្នក​ចិញ្ចឹម​ក្រពើ​ខ្នាត​តូច​ជា​ច្រើន​នៅ​ខេត្តសៀមរាប​លក់​ដី​អាង​និង​ក្រពើ​ទៅ​ឲ្យ​កសិដ្ឋាន​ធំ​ៗ​អស់ហើយ ហើយ​មាន​ខ្លះ​ចាក់​ដី​លុប​ធ្វើ​លំនៅ​ឋាន​វិញ​។

ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​នៅ​ស្រុក​ប្រាសាទបាគង​រូប​នេះ បាន​គូស​ទៀត​ថា លោក​ក៏​មាន​គម្រោង​នឹង​លក់​អាជីវកម្ម​នេះ​ចោល​ដែរ តែ​ដោយសារ​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ​របស់​លោក​ធំ ពិបាក​នឹង​មាន​អ្នកទិញ ហើយ​បច្ចុប្បន្ន​នេះ​ស្ថិត​ស្ថានភាព​កូ​វី​ដ​-១៩​កំពុង​រាលដាល​ខ្លាំង​ទៀត ដូចនេះ​មិន​មាន​អ្នក​ចាប់អារម្មណ៍​នៅឡើយ​ទេ​។

លោក ញឹម បូរាណ ម្ចាស់អាងចិញ្ចឹមក្រពើនៅភូមិដូនទាវ ឃុំ រលួស ស្រុកប្រាសាទបាគង ខេត្តសៀមរាប។ រូបថត - ផ្តល់ឲ្យ

ជុំវិញ​តម្លៃ​កូន​ក្រពើ​មានការ​ធ្លាក់​ថ្លៃ និង​គ្មាន​ទីផ្សារ​នេះ ត្រូវ​បាន​លោក អ៊ិ​ន ហ៊ុ​ល អនុប្រធាន​នាយកដ្ឋាន​អភិរក្ស​ជលផល នៃ​ក្រសួងកសិកម្ម​បាន​បញ្ជាក់​ថា មិនមែន​មាន​តែ​កម្ពុជា​ទេ ដែល​ជួបនឹង​បញ្ហា​រឿង​ក្រពើ​ធ្លាក់​ថ្លៃ​នេះ នៅ​បណ្ដា​ប្រទេស​ជិតខាង ដូច​ជា វៀតណាម ក៏​កំពុង​រង​ផល​ប៉ះពាល់​ដូច​គ្នា​នេះ​ដែរ​។ ម្យ៉ាងទៀត សម្រាប់​កម្ពុជា នៅ​ក្នុង​ស្ថានភាព​នៃ​ការ​រីក​រាលដាល​ជំងឺ​កូ​វី​ដ​១៩ យ៉ាងធ្ងន់ធ្ងរ ដែល​ឈាន​ដល់​បិទ​ខ្ទប់​រាជធានី​ភ្នំពេញ និង ក្រុង​តា​ខ្មៅ បែប​នេះ ការ​ចិញ្ចឹម​ក្រពើ​អាច​នឹង​ស្ថិត​នៅ​ក្នុង​ភាព​ត្រ​ដាប​ត្រួស​កាន់តែ​ខ្លាំង​ថែម​ទៀត​ជាក់​ជា​មិន​ខាន​។

លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល នៃក្រសួងកសិកម្ម។ រូបថត-ផ្តល់ឲ្យ

សូម​បញ្ជាក់​ថា ការ​ចិញ្ចឹម​ក្រពើ​នៅ​ក្នុងស្រុក​បច្ចុប្បន្ន ភាគច្រើន​ជា​ការ​ចិញ្ចឹម​យក​កូន​លក់ ដែល​ពឹងផ្អែក​ខ្លាំង​លើ​ឈ្មួញកណ្ដាល​ដើម្បី​នាំ​ចេញ​បន្ដ​ទៅ​កាន់​ប្រទេស​ជិតខាង​ដូច​ជា​វៀតណាម និង​ថៃ​ជាដើម​។ ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ក្រពើ រំពឹង​ថា នៅ​ក្រោយ​ពេល​កូ​វី​ដ​-១៩ នឹង​មាន​អ្នក​វិនិយោគ​ក្នុងស្រុក ឬ​វិនិយោគិន​បរទេស អាច​នឹង​គិតគូរ​ពិចារណា ក្នុង​ការ​បើក រោងចក្រ កែ​ច្នៃ​ស្បែក ក្រពើ​ធ្វើ​ជា សម្ភារ​ប្រើប្រាស់ សម្រាប់​ការ​នាំ​ចេញ​ទៅ​លក់​នៅ​ក្រៅប្រទេស​បាន​ដោយ​ផ្ទាល់ បើ​មិន​ដូច្នេះ​ទេ អ្នក​ចិញ្ចឹម​នៅ​ក្នុងស្រុក នឹង​បោះបង់​ចោល​របរ​នេះ​កាន់តែ​ច្រើន បើសិនជា​ទីផ្សារ​ពឹង​តែ​លើ​ប្រទេស​វៀតណាម ដែល​ជា​ឈ្មួញកណ្ដាល​តែ​មួយ​យ៉ាង​ដូច្នេះ​៕

 ទស្សនាវីដេអូ៖

ចុច Like Facebook Page  របស់​ខេម​បូ​ណូ​មីស​ និងចូល​រួម​​ក្នុង ​​Telegram ដើម្បី​ទទួល​បាន​ព័ត៌មាន​ថ្មីៗ​លឿនរ​ហ័សមុនគេ: https://t.me/cambonomist

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុមអាជីវករលក់ដូរនៅផ្សារចាប់ផ្ដើមរអ៊ូពីភាពស្ងប់ស្ងាត់អ្នកទិញវិញហើយ

ព័ត៌មាន
ក្រោយរដ្ឋាភិបាលកម្ពុជា ដាក់ចេញវិធានការបិទខ្ទប់ភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ គេសង្កេតឃើញថា នៅតាមដងផ្លូវនានាក្នុងក្រ…

រដូវប្រមូលផលស្វាយជិតផុតហើយនៅឡើយការនាំចេញស្វាយទៅទីផ្សារចិននៅជាប់គាំង

ព័ត៌មាន
ស្របពេលដែលរដូវប្រមូលផលស្វាយកាន់តែជិតផុតទៅហើយនោះ ក្ដីរំពឹងការនាំចេញស្វាយទៅកាន់ទីផ្សារចិន ក៏នៅតែមិនទាន់ដឹងច្បាស់នៅឡើយថា អាចនឹងសម្រេចកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ