នៅក្នុងសុន្ទរកថាខ្លីមួយទៅកាន់ប្រជាជាតិ ដែលប្រកាសពីការលាលែងពីមុខតំណែង លោកស្រី ថេរេសា ម៉េ បញ្ចប់ដោយភាពអួលដើមក។ តើលោកស្រីមានពាក្យពេចន៍ចុងក្រោយអ្វីខ្លះ ទៅកាន់ប្រជាជាតិរបស់លោកស្រី?
ខាងក្រោមនេះ គឺជាខ្លឹមសារនៃសុន្ទរកថាខ្លីរបស់លោកស្រី ថេរេសា ម៉េ ទៅកាន់ប្រជាជាតិរបស់លោកស្រី៖
«កាលពីឆ្នាំ២០១៦ យើងបានផ្ដល់ជម្រើសដល់ប្រជាជនអង់គ្លេស ... ហើយគ្មានអ្នកណាស្មានដល់ ប្រជាជនអង់គ្លេសបានជ្រើសរើសយកការចាកចេញពីសហភាពអឺរ៉ុប។ ខ្ញុំមានអារម្មណ៍ជឿជាក់នៅថ្ងៃនេះ ដូចគ្នានឹងកាលពី៣ឆ្នាំមុនដែរ ថា នៅក្នុងប្រទេសលទ្ធិប្រជាធិបតេយ្យ ប្រសិនបើអ្នកផ្ដល់ជម្រើសឲ្យប្រជាជន អ្នកមានកាតព្វកិច្ចត្រូវអនុវត្តនូវអ្វីដែលជាការសម្រេចចិត្តរបស់ពួកគេ។ ខ្ញុំបានខំប្រឹងប្រែងបំពេញកាតព្វកិច្ចនេះអស់ពីលទ្ធភាពហើយ។ ខ្ញុំបានចរចាលក្ខខណ្ឌនៃការចាកចេញរបស់យើង និងទំនាក់ទំនងថ្មីជាមួយនឹងប្រទេសជិតខាងរបស់យើង ដែលការពារការងាររបស់យើង សន្តិសុខរបស់យើង និងសហភាពរបស់យើង។
ខ្ញុំបានធ្វើគ្រប់បែបយ៉ាងដើម្បីបញ្ចុះបញ្ចូលតំណាងរាស្ត្ររបស់យើង ដើម្បីឲ្យគាំទ្រកិច្ចព្រមព្រៀងនោះ។ ប៉ុន្តែ គួរឲ្យសោកស្ដាយ ខ្ញុំធ្វើមិនបានជោគជ័យទេ។ ខ្ញុំបានព្យាយាម ៣លើក។ ខ្ញុំជឿជាក់ថា វាជារឿងត្រឹមត្រូវ ដែលត្រូវខំអត់ធ្មត់និងតស៊ូជាបន្តទៀត ទោះបីជាឱកាសបរាជ័យមានខ្ពស់ខ្លាំងក្ដី។ ប៉ុន្តែ ឥឡូវនេះ វាច្បាស់ណាស់សម្រាប់ខ្ញុំ ថា វាជាឧត្ដមប្រយោជន៍របស់ប្រទេសជាតិ ដែលត្រូវទុកឲ្យនាយករដ្ឋមន្ត្រីថ្មីដឹកនាំកិច្ចប្រឹងប្រែងនេះ។
ដូច្នេះ នៅថ្ងៃនេះ ខ្ញុំសូមប្រកាសថា ខ្ញុំលាលែងពីតំណែងជាអ្នកដឹកនាំគណបក្សអភិរក្សនិងសហភាពនិយម ពីថ្ងៃសុក្រ ទី៧ ខែមិថុនា តទៅ ដើម្បីគេអាចរៀបចំជ្រើសរើសអ្នកបន្តវេនពីរូបខ្ញុំ។ ខ្ញុំបានយល់ព្រមជាមួយប្រធានគណបក្ស និងប្រធានគណៈកម្មាធិការ ១៩២២ ថា ដំណើរការនៃការជ្រើសរើសអ្នកដឹកនាំថ្មី គួរធ្វើឡើងនៅសប្ដាហ៍បន្ទាប់ពីការលាលែងរបស់ខ្ញុំ។ ខ្ញុំបានទូលថ្វាលព្រះមហាក្សត្រិយានី ឲ្យទ្រង់បានជ្រាបពីគោលបំណងរបស់ខ្ញុំ ហើយខ្ញុំនឹងបន្តបំពេញតួនាទីជានាយករដ្ឋមន្ត្រីរបស់ព្រះមហាក្សត្រិយានី រហូតដល់ដំណើរការជ្រើសរើសមេដឹកនាំថ្មីបញ្ចប់សព្វគ្រប់។
ក្នុងពេលដ៏ខ្លីខាងមុខនេះ ខ្ញុំនឹងចាកចេញពីការងារដែលជាកិត្តិយសដ៏ធំធេងបំផុតសម្រាប់ជីវិតរបស់ខ្ញុំ ក្នុងនាមជានាយករដ្ឋមន្ត្រីស្ត្រីទីពីរ ប៉ុន្តែ ខ្ញុំមិនមែនជានាយករដ្ឋមន្ត្រីស្ត្រីចុងក្រោយបង្អស់នោះទេ។ ខ្ញុំធ្វើបែបនេះ ដោយគ្មានចេតនាអាក្រក់នោះទេ ប៉ុន្តែ ដោយសេចក្ដីដឹងគុណយ៉ាងជ្រាលជ្រៅនិងជាអមតៈ ចំពោះឱកាសដែលខ្ញុំទទួលបាន នៅក្នុងការបម្រើប្រទេសដែលខ្ញុំស្រលាញ់»៕