អចលនទ្រព្យ

អ្នកជំនាញ៖ ចរន្ដ​ពុះ​ដី​ឡូតិ៍​នៅ​ឆ្នាំ​២០១៨​នេះ នឹង​ថយ​ចុះ​ជាង​ឆ្នាំ​មុន


ចរន្ត​នៃ​ការ​អភិវឌ្ឍ​ពុះ​ដីឡូតិ៍​លក់​នៅ​ឆ្នាំ​២០១៨​នេះ ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​អចលន​ទ្រព្យ​អះអាង​ថា នឹង​មាន​ការ​ថយ​ចុះ​ជាង​ឆ្នាំ​មុន ខណៈ​ដែល​កន្លង​មក ការ​ទិញ​លក់​ដី​ឡូតិ៍ ពិសេស នៅ​តាម​តំបន់​ជាយៗ​រាជ​ធានី​ភ្នំពេញ មាន​ការ​ពេញ​និយម​យ៉ាង​ភ្លូក​ទឹក​ភ្លូក​ដី។ យ៉ាង​ណា​ក៏​ដោយ បើ​តាម​ក្រុម​អ្នក​ជំនាញ​អចលទ្រព្យ បើ​មើល​ឲ្យ​ស៊ី​ជម្រៅ​សម្រាប់​រយៈពេល​វែង ការ​អភិវឌ្ឍ​ពុះ​ដី​ឡូតិ៍​នេះ គឺ​មាន​ភាព​វិជ្ជមាន​តិច​ជាង​អវិជ្ជមាន។
អ្នក​ជំនាញថា ឆ្នាំ​២០១៨​នេះ ចរន្ត​នៃ​ការ​ពុះ​ដី​ឡូតិ៍​លក់​នឹង​ថម​ថយ​ចុះ​ជាង​ឆ្នាំ​មុន។
ដោយ

លោក​​ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA ដែល​បាន​និង​កំពុង​វិវឌ្ឍ​ខ្លួន​ទៅ​ជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលន​ទ្រព្យ​មួយ​នៅ​កម្ពុជា​ដែរ​នោះ បាន​មាន​ប្រសាសន៍​ថា នៅ​ឆ្នាំ​២០១៨​នេះ តាម​ការ​ស្រាវជ្រាវ និង​ប៉ាន់​ស្មាន​របស់​ក្រុមហ៊ុន​លោក​ផ្ទាល់ បាន​មើល​ឃើញ​ថា ចលនា​ទីផ្សារ​ពុះ​ដី​ឡូតិ៍​នឹង​មាន​ការ​ថយ​ចុះ ដោយសារ​តែ​បច្ចុប្បន្ន កំណើន​នៃ​ការ​ផ្គត់ផ្គង់​លំនៅដ្ឋាន​តម្លៃ​សមរម្យ បាន​និង​កំពុង​មាន​ការ​អភិវឌ្ឍ​កាន់តែ​ច្រើន​ឡើងៗ ដែល​បាន​បង្វែរ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ចំណូល​ទាប​និង​មធ្យម ងាក​មក​ការ​ទិញ​លំនៅដ្ឋាន​ទាំង​នោះ​វិញ ជា​ជាង​ការ​ទិញ​ដី​ឡូតិ៍។ 

មួយ​វិញ​ទៀត ដ្បិត​ថា ដីឡូតិ៍​មាន​តម្លៃ​សមរម្យ​ជាង​ការ​ទិញ​ផ្ទះ​ក៏​ដោយ ប៉ុន្ដែ ក៏​មាន​អ្នក​អភិវឌ្ឍ​ពុះ​ដី​ឡូតិ៍​មួយ​ចំនួន ហាក់​មិន​សូវ​គោរព​ទៅ​តាម​បទដ្ឋាន​របស់​អាជ្ញាធរ​ដែល​បាន​កំណត់ ដែល​ធ្វើ​ឲ្យ​អ្នក​ទិញ​ដី​ឡូតិ៍​មិន​ហ៊ាន​សម្រេច​ចិត្ត​ទិញ​ដូច​មុនៗ​នោះ​ឡើយ។ 

បើតាម​ការ​គូស​បញ្ជាក់​ពី​លោក​ឧកញ៉ា នួន រិទ្ធី នៅ​ថ្ងៃ​ខាង​មុខ ការ​អភិវឌ្ឍ​ពុះ​ដី​ឡូតិ៍​នេះ ក៏​អាច​នឹង​ត្រូវ​បាន​រឹត​បន្តឹង​ពី​អាជ្ញាធរ​ផង​ដែរ ប្រសិន​បើ​អ្នក​អភិវឌ្ឍ​ពុះ​ដី​ឡូតិ៍​មិន​ព្រម​អនុវត្ត​ទៅតាម​បទដ្ឋាន​របស់​អាជ្ញាធរ។ តួយ៉ាង ដីឡូតិ៍​មួយ​ចំនួន​ពុះ​លក់​ទំហំ​តូច ខ្វះ​ប្រព័ន្ធ​លូ​ទឹក និង​ការ​តភ្ជាប់​ទឹក​ភ្លើង ព្រមទាំង​មិន​មាន​បន្សល់​ចំណី​មុខ និង​ក្រោយ​ផ្ទះ និង​ការ​សង់​សំណង់​មិន​មាន​សោភ័ណ​ភាព​ជាដើម។

លោក​​ឧកញ៉ា នួន រិទ្ធី ប្រធាន​ក្រុមហ៊ុន​អចលន​ទ្រព្យ KFA

លោក​ឧញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL ដែល​ជា​ក្រុមហ៊ុន​មាន​វ័យ​ចំណាស់​ជាង​គេ​មួយ​នៅ​កម្ពុជា បាន​លើក​ឡើង​ដែរ​ថា ថ្វើ​បើ​ បច្ចុប្បន្ន ការ​ទិញ​លក់​ដី​ឡូតិ៍​មាន​សន្ទុះ​កើន​ឡើង ដែល​បង្ហាញ​ពី​សញ្ញា​រស់​រវើក​នៃ​ទីផ្សារ​ដី​ធ្លី​ក៏​ដោយ ប៉ុន្ដែ ការ​ពុះដី​ឡូតិ៍​ដែល​មិន​មាន​ស្ដង់ដារ ឬ​មិន​បាន​គិតគូរ​ពី​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្បាស់​លាស់ វា​នឹង​ធ្វើ​ឲ្យ​អ្នក​រស់នៅ​តំបន់​នោះ នឹង​​ជួប​ញ្ហា​ទៅ​ថ្ងៃ​អនាគត ហើយ​រាជ​រដ្ឋាភិបាល​ក៏​គួរតែ​គិតគូរ​ពី​បញ្ហា​នេះ​ផង​ដែរ។ ជាក់​ស្ដែង ដី​ឡូតិ៍​ភាគ​ច្រើន ត្រូវ​បាន​ពុះ​លក់ ដោយ​មិន​មាន​ប្រព័ន្ធ​លូ​ទឹក និង​ផ្លូវ​ត្រឹមត្រូវ មិន​មាន​ទុក​ទីធ្លារ សួនច្បារ ឬ​កន្លែង​ហាត់​ប្រាណ​ជាដើម។

បញ្ហា​ទាំង​អស់​នេះ​ហើយ នឹង​ធ្វើ​ឲ្យ​មាន​បញ្ហា​ប្រឈម​ទៅ​ថ្ងៃ​អនាគត ហើយ​តម្លៃ​ដី​ឡូតិ៍​នោះ​ទៀត​សោត ក៏​មិន​អាច​ឡើង​ថ្លៃ​បាន​ខ្ពស់​នោះ​ដែរ។ លោក​ឧកញ៉ា បាន​គូស​បញ្ជាក់​ទៀត​ថា ការ​ពុះ​ដី​ឡូតិ៍​ដោយ​មិន​​ស្រប​ទៅ​តាម​បទដ្ឋាន ឬ​ប្លង់​គោល​របស់​អាជ្ញាធរ វា​ក៏​នឹង​ធ្វើ​ឲ្យ​ខូច​ទ្រង់ទ្រាយ​ដី​សម្រាប់​ការ​អភិវឌ្ឍ​សំខាន់ៗ​នា​ពេល​អនាគត ហើយ​វា​ក៏​ជា​បញ្ហា​ឈឺ​ក្បាល​មួយ​ដែល​អាជ្ញាធរ​នឹង​ត្រូវ​ប្រឈម ប្រសិន​បើ​មិន​មាន​វិធានការ​ទប់​ស្កាត់​ឲ្យ​បាន​ជាក់​លាក់។ 

លោក​ឧញ៉ា ចេង ខេង អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ CPL

បើតាម​អ្នក​ជំនាញ​អចលន​ទ្រព្យ​ខាង​លើ មុន​នឹង​ឈាន​ទៅ​ផ្ដល់​ជូន​អាជ្ញាប័ណ្ណ​ក្នុង​ការ​អភិវឌ្ឍ​ដីឡូតិ៍​ទៅ​កាន់​ក្រុមហ៊ុន​អភិវឌ្ឍន៍ អាជ្ញាធរ ពិសេស ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ គួរតែ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ឲ្យ​បាន​ម៉ត់​ចត់​លើ​គម្រោង​នោះ ពិសេស គឺ​ការ​អភិវឌ្ឍ​ស្រប​ទៅ​តាម​បទដ្ឋាន មាន​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ និង​ធ្វើការ​តាមដាន​ការ​សាងសង់​នានា​ បន្ទាប់​ពី​ការ​ទិញ​ដី​នោះ​ជាដើម ដើម្បី​ធានា​ថា ការ​សង់​សំណង់​ទាំង​នោះ​ត្រឹមត្រូវ​ តាម​គោលការណ៍​អភិវឌ្ឍន៍​ទីក្រុង​ជាដើម ជៀសវាង​ការ​ប្រឈម​នឹង​បញ្ហា​ទៅថ្ងៃ​ក្រោយ។ 

សូម​ជម្រាប​ដែរ​ថា បច្ចុប្បន្ន ការ​ពុះ​ដី​ឡូតិ៍​នៅ​តំបន់​ជាយៗ​រាជ​ធានី​ភ្នំពេញ បាន​និង​កំពុង​មាន​ការ​ផុសផុល​យ៉ាង​ខ្លាំង ពិសេស គឺ​ភាគ​ច្រើន មាន​តំបន់​ប៉ែក​ខាង​លិច​រាជ​ធានី​ភ្នំពេញ ដូចជា​តំបន់​ទំបន់​កប់​ស្រូវ សង្កាត់​ពន្សាំង និង​ព្រែក​ព្នៅ ជាដើម និង​ប៉ែក​ខាង​ត្បូង​ឈៀង​ខាង​លិច ក៏​មាន​ការ​ពុះ​ដី​ឡូតិ៍​ខ្លាំង​ផង​ដែរ។ លើស​ពី​នេះ សូម្បី​តែ​នៅ​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ក៏​មាន​ការ​និយម​ពុះ​ដី​ឡូតិ៍​នេះ ហើយ​បើ​តាម​ការ​អះអាង​ពី​អ្នក​ជំនាញ គឺ​មាន​អ្នក​អភិវឌ្ឍ​ភាគច្រើន​មិន​សូវ​បាន​គិតគូរ​ពី​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ច្បាស់លាស់​នោះទេ។ ដូច្នេះ មុន​នឹង​សម្រេច​ចិត្ត​ទិញ​ដី​ឡូតិ៍ ចូរ​អ្នក​គិត​គូរ​ឲ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ ជាពិសេស ការ​ពិនិត្យ​ទៅ​លើ​ប្លង់​ដី​ជាមួយ​នឹង​ម្ចាស់​គម្រោង ជាដើម៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចង់អុំទូក ងូត​ទឹក​ជ្រោះ បោះតង់​និង​គយគន់​ធម្មជាតិ សាក​ទៅ​លេង"ក្ដាតសាណាកា"ម្ដង​មើល៍!

ព័ត៌មាន
ការ​ដើរ​លេង​កម្សាន្ត​នៅ​កន្លែង​ធម្មជាតិ​ដ៏​ស្រស់​បំព្រង ដែល​មាន​ព្រែក​ទឹក​ថ្លា​ឆ្វង់​សម្រាប់​អុំ​ទូក​លេង ងូត​ទឹក​ជ្រោះ​ហូរ​ធ្លាក់​ពី​លើ​…

សួន​សត្វ​ធំ​ជាង​គេ​នៅ​កម្ពុជា​បើក​ឲ្យ​ចូល​​ទស្សនា​​​ថ្ងៃទី១ មេសា ខាង​មុខ!

ព័ត៌មាន
បន្ទាប់​ពី​ពន្យារ​ពេល​ម្តង​ហើយ​ម្តង​ទៀត នៅ​ទីបំផុត សួន​សត្វ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​កម្ពុជា និង​ជា​ព្រៃ​កម្សាន្ត​ភ្នំពេញ​ទីមួយ ដែល​មាន​ឈ្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ