វៀតណាម-ចិន-អាមេរិក

តើវៀតណាមប្រឹងប្រែងអ្វីខ្លះ ក្នុងការរក្សាតុល្យភាពរវាងទំនាក់ទំនងជាមួយអាមេរិក និងចិន?


មេដឹកនាំកំពូលៗរបស់វៀតណាមកាលពីសប្តាហ៍មុន បាននិយាយពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីចិន និងអាមេរិក។ កិច្ចសន្ទនាបន្តបន្ទាប់គ្នាជាមួយនាយករដ្ឋមន្ត្រីចិន លោក លី ឈាង (Li Qiang) និងជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក ចូ បៃឌិន (Joe Biden) គូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងហាណូយក្នុងការស្វែងរកជំហរកណ្តាល ចន្លោះគូប្រជែងដែលជាមហាអំណាចទាំងពីរ ដើម្បីទាញយកផលប្រយោជន៍ពីរទាំងសងខាងក្នុងពេលតែមួយ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានជប៉ុន Nikkei Asia។
វៀតណាមលេងសម្លឹកបៀការទូតរវាងចិន-អាមេរិក រូបភាព Nikkei Asia
ដោយ

រដ្ឋាភិបាលវៀតណាមបានប្រកាសឱ្យដឹងថា នាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មីញ ជីញ (Pham Minh Chinh) ដែលជាមេដឹកនាំលំដាប់លេខ ៣ ក្នុងជួរបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាគ្នាជាមួយនាយករដ្ឋមន្ត្រីចិនលោក លី ឈាង (Li Qiang) កាលពីថ្ងៃអង្គារ ទី ៤ មេសា។

បើតាមប្រភពរដ្ឋាភិបាលវៀតណាម លោក ផាម មីញ ជីញ បានស្នើឱ្យប្រទេសចិនជំរុញការនាំចូលបន្ថែមទៀត ព្រមទាំងបើកទីផ្សាររបស់ខ្លួនសម្រាប់ទំនិញពីកសិដ្ឋានវៀតណាម ក៏ដូចជាបង្កើនកូតាទំនិញវៀតណាមដែលដឹកជញ្ជូនឆ្លងកាត់ប្រទេសចិនទៅកាន់ប្រទេសទីបី។ លោក ផាម មីញ ជីញ ក៏បាននិយាយផងដែរថា ភាគីទាំងពីរគួរតែធ្វើការរួមគ្នា ដើម្បីបង្កើនសមត្ថភាព និងប្រសិទ្ធភាពនៃនីតិវិធីពន្ធគយ។

គួររំលឹកថា ការពិភាក្សាទាំងនេះបានធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីមានការសន្ទនាតាមទូរស័ព្ទដាច់ដោយឡែកមួយទៀត រវាងអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូជុង (Nguyen Phu Trong) និង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី ២៩ ខែមីនាកន្លងទៅ។ ក្នុងនោះទៀតសោត បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកវៀតណាម លោក ង្វៀន ភូជុង និង លោក ចូ បៃដិន បានពិភាក្សាអំពីក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិកដឹកនាំដោយសហរដ្ឋអាមេរិក និងបានព្រមព្រៀងគ្នាលើការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក៏ដូចជាលើភាពចាំបាច់ នៃការធានាសេរីភាពនាវាចរណ៍នៅក្នុងដែនទឹកអន្តរជាតិនៃសមុទ្រចិនខាងត្បូងដែរ។

គួររំលឹកឡើងវិញបន្តិចថា ប្រធានបក្សកុម្មុយនីស្តវៀតណាម លោក ង្វៀន ភូជុង បានបានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិនភា្លមៗ ក្រោយបញ្ចប់សម័យប្រជុំសមាជជាតិលើកទី ២០ នៃបក្សកុម្មុយនិស្តចិនកាលពីឆ្នាំមុន ហើយក្នុងនោះភាគីទាំងពីរបានសន្យាថានឹងធ្វើឱ្យកាន់តែស៊ីជម្រៅថែមទៀតនូវភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយ។

តាមរយៈដំណើរវិវត្តចុងក្រោយនេះ គេអាចមើលឃើញថាវៀតណាមកំពុងតែបង្ហាញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើឲ្យមានតុល្យភាពការទូត និងទាញប្រយោជន៍ក្នុងពេលជាមួយគ្នាពីទំនាក់ទំនងជាមួយប្រទេសចិនដែលនៅជាប់នឹងរបងផ្ទះ និងពីសហរដ្ឋអាមេរិកដែលត្រូវបានទីក្រុងហាណូយចាត់ទុកជាដៃគូយុទ្ធសាស្ត្រនិងពាណិជ្ជកម្មនៅចំពោះមុខកំណើនកាន់តែខ្លាំងនៃការប្រណាំងប្រជែងគ្នារវាងមហាអំណាចទាំងពីរ លើផ្នែកការទូត បច្ចេកវិទ្យា និងយោធាជាដើម៕




អត្ថបទបន្ទាប់


តើចិនប្រកាន់យកវិធានការណ៍អ្វីខ្លះ ដើម្បីប្រឆាំងនឹងជំនួបរវាងប្រធានាធិបតីកោះតៃវ៉ាន់ និងប្រធានសភាអាមេរិក?

ព័ត៌មាន
ជំនួបរវាងមេដឹកនាំកំពូលកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវិន (Tsai Ing-wen) និងប្រធានសភាសហរដ្ឋអាមេរិក លោក ខេវិន ម៉ាកខាធី នៅរដ្ឋកាលីហ្វ័ញ៉…

អ្នកជំនាញលើកទឹកចិត្តឲ្យពលរដ្ឋចូលរួមវិនិយោគក្នុងវិស័យហិរញ្ញវត្ថុ ប៉ុន្ដែកុំយកសាច់ប្រាក់ដែលចាំបាច់ក្នុងជីវភាពទៅវិនិយោគ

ព័ត៌មាន
ខណៈការវិនិយោគក្នុងផ្សារភាគហ៊ុន និងការយកប្រាក់ទៅដាក់ក្នុងធនាគារ ដើម្បីទទួលបានការប្រាក់ ជាដើម កំពុងតែមានការពេញនិយមជាខ្លាំងក្នុងវិស័យហិ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ