ចរន្តទិញលក់ដែក និងគ្រឿងសំណង់នៅកម្ពុជានៅតែបន្តធ្លាក់ចុះ

ក្រុមអាជីវករថា ចរន្តទិញលក់ដែក និងគ្រឿងសំណង់នៅកម្ពុជានៅតែបន្តធ្លាក់ចុះ បើទោះបីសេដ្ឋកិច្ចហាក់ល្អប្រសើរជាងមុនក្តី


ចរន្តទិញលក់ដែកនិងគ្រឿងសំណង់នៅកម្ពុជាមិនទាន់បានបង្ហាញសញ្ញាវិជ្ជមានខ្លាំងគួរឲ្យកត់សម្គាល់នោះទេ បើទោះបីសេដ្ឋកិច្ច និងការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ នៅកម្ពុជាហាក់មានភាពល្អប្រសើរជាងមុនក៏ដោយ។ ការនៅទ្រឹងនៃការទិញលក់នេះ ត្រូវបានក្រុមម្ចាស់ដេប៉ូលក់គ្រឿងសំណង់ សន្និដ្ឋានថា អាចបណ្តាលមកពីប្រជាពលរដ្ឋបន្តជួបបញ្ហារឿងប្រាក់ចំណូល ឬអាចមកពីការវិនិយោគក្នុងវិស័យសំណង់ និងអចលនទ្រព្យមានការថយចុះ។
ក្រុមអាជីវករថា ចរន្តទិញលក់ដែក និងគ្រឿងសំណង់នៅកម្ពុជានៅតែបន្តធ្លាក់ចុះ បើទោះបីសេដ្ឋកិច្ចហាក់ល្អប្រសើរជាងមុនក្តី

មិនមែនតែការលក់ដែកទេដែលនៅទ្រឹង សូម្បីការម៉ៅការលើគម្រោងសាងសង់ក៏ស្ថិតក្នុងសភាពទ្រឹងដែរនាពេលបច្ចុប្បន្ននេះ។ អ្នកជំនាញម៉ៅការសាងសង់ជឿជាក់ថា វិស័យសំណង់ និងអចលនទ្រព្យនៅឆ្នាំ២០២៣ នេះនឹងមិនមានការរីកចម្រើនខ្លាំងនោះទេ បើធៀបនឹងឆ្នាំ២០២២។ ពាក់ព័ន្ធតម្លៃដែក និងគ្រឿងសំណង់ទាំងអ្នកលក់ដែក និងអ្នកម៉ៅការអះអាងថា ពុំមានការប្រែប្រួលនោះទេ ពោលគឺមានតម្លៃចន្លោះពី ៧៦០ដុល្លារទៅ៧៨០ដុល្លារក្នុងមួយតោន។

លោក ង៉ូវ ជីតុង ម្ចាស់ដេប៉ូលក់ដែកកាយ៉េ តុង ធារី បានអះអាងថា បច្ចុប្បបន្នដែកនៅដេប៉ូរបស់លោកលក់ចេញតែក្នុតម្លៃជិត៧រយដុល្លារអាមេរិកក្នុង១តោនតែប៉ុណ្ណោះ ធ្លាក់ចុះច្រើនបើធៀបនឹងតម្លៃលក់ចេញកាលពីឆ្នាំ២០២២ ដែលមានតម្លៃជាង៧រយដុល្លារក្នុង១តោន។ បើទោះតម្លៃដែកមានការធ្លាក់ចុះក្តី តែម្ចាស់ដេប៉ូរូបនេះអះអាងថា ចរន្តទិញលក់ដែកនៅតែបន្តធ្លាក់ចុះដដែល ពុំមានការប្រែប្រួលខ្លាំងនោះទេ បើធៀបនឹងការលក់កាលពីអំឡុងពេលកម្ពុជារងនូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ខ្លាំង។ បើទោះបីមិនបានដឹងពីមូលហេតុជាក់លាក់នៃការធ្លាក់ចុះនៃការលក់នេះក៏ដោយ តែម្ចាស់ដេប៉ូរូបនេះវាយតម្លៃថា អាចបណ្តាលមកពីការធ្លាក់ចុះនៃគម្រោងសាងសង់នៅកម្ពុជា។

ហាក់ផ្ទុយពីការលើកឡើងរបស់ម្ចាស់ដេប៉ូលក់ដែកខាងលើ លោកស្រី ចាំង ចាន់ណា អ្នកគ្រប់គ្រងដេប៉ុលក់ដែក កាំង លាងហ៊ី ដែលជាដេប៉ូលក់ដែកផលិតក្នុងស្រុកបានលើកឡើងថា តម្លៃដែកនៅដេប៉ូរបស់លោកស្រីនៅមួយខែចុងក្រោយមានការកើនឡើងជាបន្តបន្ទាប់ ដោយដែក១តោនលក់ចេញចន្លោះពីជិត៨រយដុល្លារទៅដល់៩រយដុល្លារទៅតាមប្រភេទដែកនីមួយៗ។ ទោះយ៉ាងណា អ្នកគ្រប់គ្រងរូបនេះអះអាងថា ការឡើងចុះតម្លៃដែកនេះបានធ្វើឲ្យមានការលំបាកក្នុងការលក់ ហើយវាបានទម្លាក់ការបរិមាណលក់ឲ្យធ្លាក់ចុះគួរឲ្យកត់សម្គាល់ ស្ទើរដូចអំឡុងពេលវិបត្តិកូវីដ-១៩។

របាយការណ៍ពីក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចូលសម្ភារៈសំណង់កាលពីឆ្នាំ២០២២ សម្រេចបានជាង១ពាន់៣រយលានដុល្លារ មានការធ្លាក់ចុះ ១% ធៀបនឹងឆ្នាំ២០២១ ប៉ុន្ដែ បើមើលទៅលើការនាំចូល ដែក និងដែកថែបវិញមានប្រមាណ ៤៧៧លានដុល្លារ កើន ២២%។

ពាក់ព័ន្ធនឹងវិស័យសំណង់នេះដែរ លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ពិស្ណុកា ដែលជាក្រុមហ៊ុនម៉ៅការសាងសង់ដ៏ធំមួយនៅកម្ពុជាបានលើកឡើងថា មកទល់ពេលនេះវិស័យសំណង់ពុំទាន់មានការប្រែប្រួលគួរឲ្យកត់សម្គាល់នោះទេ បើធៀបឆ្នាំ២០២២ ហើយនៅឆ្នាំនេះលោកជឿជាក់ថា វិស័យសំណង់នឹងនៅតែស្ថិតក្នុងការស្ថានភាពនៃការងើបឡើងវិញសន្សឹមៗ មិនមានសន្ទុះខ្លាំងនោះទេ។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិស័យសំណង់ និងអចលនទ្រព្យ ដែលជាជន្ទល់ដ៏សំខាន់មួយក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ដោយកាលពីឆ្នាំ២០២២ វិស័យសំណង់បានកើនឡើងត្រឹមតែ ០,៥%ប៉ុណ្ណោះ ខណៈវិស័យអចលនទ្រព្យកើន ០,២% បើធៀបនឹងឆ្នាំ២០២១។ ក្រសួងសេដ្ឋកិច្ចព្យាករណ៍ថា នៅឆ្នាំ២០២៣ នេះ វិស័យសំណង់នឹងបន្តកើនឡើងយឺតក្នុងរង្វង់១,១% ខណៈវិស័យអចលនទ្រព្យ១,២% ក្រោយក្រសួងសេដ្ឋកិច្ចរំពឹងការងើបឡើងយឺតនៃលំហូរវិនិយោគទុនបរទេស ហើយវិស័យនេះនឹងទ្រទ្រង់ការវិនិយោគ និងតម្រូវការក្នុងស្រុក។ មន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ចបានព្រមានកាលពីពេលកន្លងមកថា វិស័យសំណង់ និងអចលនទ្រព្យអាចប្រឈមនឹងខ្វះឥណទាន ដើម្បីទ្រទ្រង់ និងពង្រីកប្រតិបត្តិការរបស់ខ្លួន ក្រោយទំហំឥណទានឯកជនមានការកើនឡើងខ្លាំងរហូតដល់ជិត៥៦ពាន់លានដុល្លារ ដែលប្រហាក់ប្រហែលនឹង១៨០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាទៅហើយ៕




អត្ថបទបន្ទាប់


កម្ពុជានាំចូលស្រាបៀរ និងស្រាចម្រុះកើនឡើង១៣៨% នៅឆ្នាំ២០២២ ទោះមានវត្តមានរោងចក្រផលិតស្រាបៀរក្នុងស្រុកកើនឡើងក្ដី

ស្របពេលឆ្នាំ២០២២ជាឆ្នាំ ដែលកម្ពុជាបានបើកសកម្មភាពសង្គម និងសេដ្ឋកិច្ចលើគ្រប់វិស័យឡើងវិញពីវិបត្តិជំងឺកូវិដ-១៩ បានជំរុញឲ្យតម្រូវ និងការប្រើប្រ…

អង្គការណាតូ និងជប៉ុនប្រកាសរឹតចំណងសម្ព័ន្ធភាព ចំពោះមុខការគំរាមកំហែងជាប្រវត្តិសាស្ត្ររបស់ចិន និងរុស្ស៊ី

អគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg និងនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានសន្យារួមគ្នាកាលពីថ្ងៃអង្គារទី៣១ខែមករា ដើម្បី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ