
នាពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើរថយន្ត Lynk & Co នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អ្នកឧកញ៉ា លី សុភ័ក្ត ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Lynk & Co Automotive (Cambodia) បានបង្ហាញមោទកភាពយ៉ាងក្រៃលែងក្នុងការសហការនាំយករថយន្តទំនើបបែបអ៊ឺរ៉ុប ដើម្បីបំពេញតម្រូវការក្នុងស្រុក ពោលគឺតាមរយៈកិច្ចសហប្រតិបត្តិការនេះ គឺជាការចាប់ផ្ដើមនៃយុគសម័យថ្មីសម្រាប់ឧស្សាហកម្មរថយន្តនៅកម្ពុជា។ បើតាមការបញ្ជាក់របស់ថ្នាក់ដឹកនាំក្រុមហ៊ុនរូបនេះ បន្ទាប់ពីការចុះហត្ថលេខាខាងលើ ក្រុមហ៊ុន Lynk & Co Automotive នឹងមានគម្រោងបញ្ចេញនូវរថយន្តម៉ូដែលដ៏គួរឱ្យទាក់ទាញផងដែរ។
ជាមួយគ្នានេះលោក Zhang Hongjun ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន DSB បានគូសបញ្ជាក់ថា ក្រុមហ៊ុនមានក្តីរីករាយណាស់ដែលបាននាំយកម៉ាកយីហោ Lynk & Co មកកាន់ប្រទេសកម្ពុជា ដែលជាទីផ្សារមួយមានសក្តានុពលខ្ពស់ សម្រាប់ភាពស៊ីវិល័យ និងនវានុវត្តន៍។ ថ្នាក់ដឹកនាំរូបនេះ បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តក្នុងការផ្តល់ជូននូវដំណោះស្រាយ ដែលជារថយន្តទំនើប និងល្បីល្បាញក្នុងពិភពលោក ដើម្បីបង្កើនបទពិសោធន៍ថ្មីជាមួយបច្ចេកវិទ្យាទំនើបក្នុងការបើកបរសម្រាប់ប្រជាជនជំនាន់ថ្មីនៅក្នុងប្រទេសកម្ពុជា។
គួរជម្រាបថា កិច្ចព្រមព្រៀងសហប្រតិបត្តិការពាណិជ្ជកម្មខាងលើនេះ បានធ្វើឱ្យក្រុមហ៊ុន Lynk & Co Automotive (Cambodia) ក្លាយជាអ្នកនាំចូល និងចែកចាយផ្តាច់មុខ ទាំងរថយន្ត និងគ្រឿងបន្លាស់ ម៉ាក Lynk & Co តែមួយគត់នៅកម្ពុជា។ រថយន្តម៉ាក Lynk & Co ត្រូវបានបង្កើតឡើងនាឆ្នាំ២០១៦ ដោយកិច្ចសហការគ្នារវាង Geely Auto Group និង Volvo Cars Group ដែលត្រូវបានទទួលស្គាល់លើការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការរចនាបែបទាន់សម័យ សម្រាប់ប្រជាជនជំនាន់ថ្មី។ ការពង្រីកទីផ្សារមកកម្ពុជា ជាសក្ខីកម្មបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រថយន្តម៉ាក Lynk & Co ក្នុងការផ្តល់ជូននូវរថយន្តលំដាប់ខ្ពស់ដែលរួមបញ្ចូលវិស្វកម្មស៊ុយអែតជាមួយនឹងការផលិតប្រកបដោយនវានុវត្តន៍៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាព តែន ចិន