អូស្ត្រាលីនិងឥណ្ឌូនេស៊ី

អូស្ត្រាលីនិងឥណ្ឌូនេស៊ីព្រមព្រៀងគ្នាសម្រួលដំណើរធ្វើធុរកិច្ចដោយប្រជាជនឥណ្ឌូនេស៊ីនៅប្រទេសអូស្ត្រាលី


នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស បានប្រកាសថា ប្រជាជនឥណ្ឌូនេស៊ីនឹងអាចទទួលបានទិដ្ឋាការអាជីវកម្មវែងជាងមុនសម្រាប់ការស្នាក់នៅក្នុងប្រទេសអូស្ត្រាលី ដោយកើនឡើងពី ៣ ឆ្នាំ ទៅ ៥ ឆ្នាំ ខណៈដែលអ្នកកាន់លិខិតឆ្លងដែនអេឡិចត្រូនិចឥណ្ឌូនេស៊ីនឹងត្រូវបានប្រទេសអូស្ត្រាលីផ្តល់អាទិភាព។ ទន្ទឹមនឹងនេះ ប្រជាជនឥណ្ឌូនេស៊ីក៏នឹងអាចទទួលបានទិដ្ឋាការសម្រាប់ការធ្វើដំណើរមកប្រទេសអូស្ត្រាលីញឹកញាប់ផងដែរ។ ការប្រកាសនេះបានកើតឡើងក្រោយពីរូបលោក និងលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី ដែលធ្វើទស្សនកិច្ច ៣ ថ្ងៃ នៅប្រទេសអូស្ត្រា
អូស្ត្រាលីនិងឥណ្ឌូនេស៊ីព្រមព្រៀងគ្នាសម្រួលដំណើរធ្វើធុរកិច្ចដោយប្រជាជនឥណ្ឌូនេស៊ីនៅប្រទេសអូស្ត្រាលី

ការធ្វើដំណើរដើម្បីអាជីវកម្មទៅប្រទេសអូស្ត្រាលី ដោយប្រជាជនឥណ្ឌូនេស៊ី នឹងមានភាពងាយស្រួលជាងមុន បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អានថូនី អាល់បានីស និងប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីថ្ងៃអង្គារ។ ការឯកភាពគ្នារបស់មេដឹកនាំទាំងពីរជាកិច្ចប្រឹងប្រែងលើកកម្ពស់ភាពជាដៃគូសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលីនិងប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានអេភី។
លោក អាល់បានីស បាននិយាយថា កិច្ចព្រមព្រៀងខាងលើផ្តល់ទិដ្ឋាការដែលមានសុពលភាពរយៈពេល ១០ ឆ្នាំ ឱ្យប្រជាជនឥណ្ឌូនេស៊ី ដែលជាការប្រែប្រួលប្លែកពីមុនយ៉ាងខ្លាំង និងជាការលុបបំបាត់ឧបសគ្គផ្នែករដ្ឋបាល ក្នុងទំនាក់ទំនងដែលកាន់តែជិតស្និទ្ធឡើងរវាងប្រទេសទាំងពីរ។
ក្រោយជំនួបកំពូលកាលពីថ្ងៃអង្គារ លោក អាល់បានីស បានគូសបញ្ជាក់ក្នុងសម្ដីដើមថា៖ «ថ្ងៃនេះ ទំនាក់ទំនងរបស់យើងឈានដល់កម្រិតថ្មីមួយទៀត ប្រទេសរបស់យើងជ្រើសរើសខិតជិតគ្នាកាន់តែកៀកឡើង»។
ចំណែកឯភាគីឥណ្ឌូនេស៊ីវិញ លោកប្រធានាធិបតី ចូកូ វីដូដូ ដែល បំពេញ ទស្សនកិច្ច រយៈពេល បី ថ្ងៃ នៅ ប្រទេស អូស្ត្រាលី បាន និយាយ ថា ប្រទេស ទាំង ពីរ ត្រូវសហការគ្នា កាត់ បន្ថយ ការ បំភាយ ឧស្ម័នពុលទៅក្នុងបរិយាកាស និង ផលិតអាគុយ សម្រាប់ រថយន្ត អគ្គិសនី។ ទីភ្នាក់ងារអេភីកត់សម្គាល់ឃើញថា ឥណ្ឌូនេស៊ីបាននឹងកំពុងសម្លឹងមើលវឌ្ឍនកម្មហេដ្ឋារចនាសម្ព័ន្ធសម្រាប់រថយន្តអគ្គិសនីនៅទូទាំងប្រទេស។
សូមរំលេចថា ប្រទេសអូស្ត្រាលីជាសម្ព័ន្ធមិត្តដ៏ជិតស្និតមួយរបស់បស្ចិមលោក ជាពិសេសជាដៃគូដ៏ស្អិតរមួតបំផុតរបស់សហរដ្ឋអាមេរិកនិងអង់គ្លេសក្នុងវិស័យសន្តិសុខនិងការពារជាតិ នៅចំពោះមុខការពង្រីកឥទ្ធិពលយោធានិងសេដ្ឋកិច្ចរបស់ប្រទេសចិនក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

ក្រោយជំនួបកាលពីថ្ងៃអង្គារជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី, លោក ចូកូ វីដូដូ ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី ដែលជាប្រធានប្ដូរវេនសមាគមអាស៊ានសម្រាប់ឆ្នាំ២០២៣ផង បានឆ្លៀតគូសបញ្ជាក់ក្នុងសម្ដីផ្ទាល់ថា៖ «យើងចង់ឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកក្លាយជាតំបន់ប្រកបដោយស្ថិរភាពនិងសន្តិភាព ដែលផ្តោតលើកិច្ចសហការនិងកិច្ចសហប្រតិបត្តិការជាក់ស្តែង»។
ប្រធានាធិបតីឥណ្ឌូនេស៊ីក៏ បាន ជំរុញ ឲ្យ ក្រុមហ៊ុននានារបស់ អូស្ត្រាលី ចូលរួមធ្វើការ ក្នុង ការងារ សាងសង់ រដ្ឋធានី ថ្មី របស់ ប្រទេសខ្លួន ដែល មាន ទីតាំង នៅលើ កោះប័រណេអូដែរ។ ជាការផ្លើយតប នាយករដ្ឋមន្ត្រីអូស្ត្រាលីបានប្រកាសកញ្ចប់ថ្មីជំនួយថ្មីសម្រាប់គាំទ្រការកសាងរដ្ឋធានីនោះ ដោយអនុញ្ញាតឱ្យអាជ្ញាធររាជធានីជាតិរបស់ប្រទេសអូស្ត្រាលីផ្តល់កិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូនេស៊ី។
សូមកត់សម្គាល់ផងថា ដំណើរទស្សនកិច្ចរបស់លោក ចូកូ វីដូដូ នៅប្រទេសអូស្ត្រាលី បានប្រព្រឹត្តទៅនៅពេលដែលរដ្ឋាភិបាលសហព័ន្ធឥណ្ឌូនេស៊ីគ្រោងបញ្ចប់ការតាក់តែងយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍ឆ្ពោះទៅឆ្នាំ ២០៤០ នាប៉ុន្មានសប្តាហ៍ខាងមុខ។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាល់បានីស បានអះអាងកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូនេស៊ីនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យតំបន់ឥណ្ឌូប៉ាស៊ីហ្វិកទទួលជោគជ័យ។




អត្ថបទបន្ទាប់


ថ្នាក់ដឹកនាំធនាគារជាតិ៖ ការភ្ជាប់ការទូទាត់ប្រាក់រៀលជាមួយវៀតណាម ឡាវ និងចិនអាចរួចរាល់នៅដំណាច់ឆ្នាំនេះ

ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ធនាគារជាតិនៃកម្ពុជាកំពុងរៀបចំនីតិវិធី ដើម្បីភ្ជាប់ការទូទាត់ប្រាក់រៀលតាម QR កូដរបស់ប្រ…

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីថ្លែងថា សិង្ហបុរីនៅតែរកស៊ីជាមួយមីយ៉ាន់ម៉ា ប៉ុន្តែរារាំងការលក់ទំនិញគ្រោះថ្នាក់ខ្លះទៅទីនោះ

សិង្ហបុរីត្រូវបានគេដឹងថាជារដ្ឋសមាជិកមួយនៅអាស៊ាន ដែលប្រឆាំងនឹងរបបយោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែមកដល់ពេលនេះសិង្ហបុរីនៅតែជាដៃគូពាណ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ