ប្រទេសឥណ្ឌូនេស៊ី

ឥណ្ឌូនេស៊ីសរសើរការប្ដេជ្ញាចិត្តរបស់អាស៊ានក្នុងការលើកកំពស់សេដ្ឋកិច្ចទាក់ទងនឹងសមុទ្រ


នៅក្នុងថានៈជាប្រធានប្តូវេនរបស់អាស៊ាន, ប្រទេសឥណ្ឌូនេស៊ី តាមរយៈមន្រ្តីជាន់ខ្ពស់របស់ខ្លួន បានកោតសរសើរ និងជំរុញការប្តេជ្ញាចិត្តបន្ថែមទៀតពីសមាជិក ដើម្បីលើកកំពស់សេដ្ឋកិច្ចពណ៌ខៀវ ដែលគេដឹងថាជាប្រព័ន្ធសេដ្ឋកិច្ចបែបអភិរក្សនិងអាស្រ័យផលលើបរិស្ថានសមុទ្រនិងទឹកសាបប្រកបដោយនិរន្តរភាពក្នុងការអភិវឌ្ឍកំណើនសេដ្ឋកិច្ច។
ឥណ្ឌូនេស៊ីសរសើរអាស៊ានដែលលើកកំពស់សេដ្ឋកិច្ចពណ៌ខៀវឬសេដ្ឋកិច្ចសមុទ្រ

សេដ្ឋកិច្ចពណ៌ខៀវជាប្រព័ន្ធសេដ្ឋកិច្ចដ៏មានសក្ដានុពលធំមួយ ក្នុងការជួយសមាជិកអាស៊ានឱ្យបង្កើនប្រាក់ចំណូលប្រកបដោយនិរន្តភាព ដូច្នេះនៅក្នុងនាមជាប្រធានរបស់អាស៊ាន និងជាប្រទេសដីកោះមួយនៅក្នុងតំបន់ ឥណ្ឌូនេស៊ីកំពុងតែខិតខំត្រួសត្រាយផ្លូវសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចតាមច្រកនេះ។
អង្គការសម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) បានរាយការណ៍ថា តម្លៃបន្ថែមនៃសេដ្ឋកិច្ចមហាសមុទ្រពិភពលោក មានទំហំត្រឹម ១,៥ទ្រីលានដុល្លារនៅក្នុងឆ្នាំ ២០១០ ប៉ុន្តែនឹងកើនឡើងទ្វេរដងរហូតដល់ ៣ ទ្រីលានដុល្លារនៅឆ្នាំ ២០៣០ខាងមុខ។
សេចក្តីរាយការណ៍របស់សារព័ត៌មាន Jakartaglobe បានឲ្យដឹងថា ក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ីបានរកឃើញថា សិង្ហបុរី និងប្រ៊ុយណេ ជាប្រទេសដែលមានចំណូលខ្ពស់បំផុតក្នុងតំបន់អាស៊ាន ហើយឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ខណៈដែលកម្ពុជា មីយ៉ាន់ម៉ា ឡាវ និងវៀតណាម ស្ថិតក្នុងចំណោមប្រជាជាតិដែលមានចំណូលកម្រិតទាប និងមធ្យមនៅឡើយ លើកលែងតែហ្វីលីពិនដែលនៅក្នុងស្ថានភាពចំណូលមិនច្បាស់លាស់។ ប្រភពអះអាងថា សកម្មភាពសេដ្ឋកិច្ចពណ៌ខៀវ អាចជាប្រភពចំណូលចំបងមួយជួយពង្រឹងប្រជាជាតិសមាជិកអាស៊ានទាំងនេះ។

សូមរំលេចថា សមាគមអាស៊ានមានក្របខណ្ឌសេដ្ឋកិច្ចពណ៌ខៀវរបស់ខ្លួន ដែលជាវេទិកាមួយដើម្បីធ្វើឱ្យមានទស្សនៈនិងផែនការរួម ក្នុងការលើកកម្ពស់សេដ្ឋកិច្ចពណ៌ខៀវនៅក្នុងសមាគម។ យោងតាមក្របខណ្ឌនោះ សេដ្ឋកិច្ចពណ៌ខៀវជាកម្លាំងជំរុញថ្មីក្នុងវិស័យសេដ្ឋកិច្ច ដែលប្រើប្រាស់គោលការណ៍មួយចំនួន ក្នុងនោះមានដូចជាតម្លៃបន្ថែម បរិយាប័ន្ន និងនិរន្តរភាព ស្របគ្នានឹងការគិតគូរអំពីទិដ្ឋភាពប្រពៃណីផងដែរ។
លោក ស៊ូហាសូ មូណួហ្វា (Suharso Monoarfa ) រដ្ឋមន្ត្រីក្រសួងផែនការអភិវឌ្ឍន៍ជាតិឥណ្ឌូនេស៊ី បាននិយាយនៅក្នុងវេទិកាសេដ្ឋកិច្ចពណ៌ខៀវឆ្នាំ២០២៣ កាលពីថ្ងៃច័ន្ទថា អាស៊ានត្រូវការប្រភពកំណើនសេដ្ឋកិច្ចថ្មី ដើម្បីជំរុញ ឬធ្វើឲ្យប្រសើរឡើងនូវវឌ្ឈនភាពរបស់ប្រជាជននៅក្នុងតំបន់។
លោកបានគូសបញ្ជាក់ថា មកដល់ពេលនេះអាស៊ានមានផ្ទៃទឹកគ្របដណ្តប់សរុបរហូតដល់ទៅ ៦៦ ភាគរយ នៃតំបន់ទាំងមូល ហើយអាស៊ានក៏អាចនិយាយបានថា មានលំហរផ្ទៃមហាសមុទ្រសរុបប្រមាណជា ២,៥ ភាគរយ។ ម្យ៉ាងវិញទៀត ដែនទឹកនៅក្នុងតំបន់ទាំងមូល បានរួមចំណែកប្រមាណជា១៥ភាគរយនៃផលិតកម្មជលផលពិភពលោក និងផ្តល់ការងារដល់មនុស្សប្រមាណ ៦២៥លាននាក់ ។
លោកបានសង្កត់ធ្ងន់ថា ចំណុចនេះហើយ យើងគ្មានការសង្ស័យទេដែលថា សេដ្ឋកិច្ចពណ៌ខៀវអាចជាក្បាលម៉ាស៊ីនថ្មីនៃកំណើនសេដ្ឋកិច្ចរបស់អាស៊ាន ហើយការផ្លាស់ប្តូរទៅកាន់សេដ្ឋកិច្ចពណ៌ខៀវ អាចផ្តល់ឱកាសមួយក្នុងការជំរុញកំណើនអត្រាផលិតផលនៅក្នុងស្រុកសរុប ហើយក៏នឹងអាចជួយឱ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពជាច្រើននៅក្នុងអាស៊ាន៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


សេ្តចថៃស្នើឱ្យសមាជិកសភាទាំងអស់តម្កល់ផលផលប្រយោជន៍ជាតិជាធំ និងបម្រើប្រជាជនចេញពីបេះដូង

ព័ត៌មាន
ព្រះមហាក្សត្រថៃព្រះចៅម៉ាហា វិជ្ជរ៉ាឡុងកន កាលពីថ្ងៃចន្ទ ទី៣ កក្កដា បានស្នើសុំឱ្យសមាជិកថៃទាំងអស់បំពេញនូវកាតព្វកិច្ចខ្លួនដោយតម្កល់និងបម្រើផលប្រ…

អគ្គនាយកដ្ឋានចំណូលថៃកំពុងបង្កើតប្រព័ន្ធពន្ធឌីជីថល ដើម្បីសម្រួលការប្រមូលនិងបង់ពន្ធ

ព័ត៌មាន
ដើម្បីសម្រួលដល់អ្នកប្រកបរបរពាណិជ្ជកម្មក្នុងការងារបង់ពន្ធ, អគ្គនាយកដ្ឋានចំណូលនៅក្នុងប្រទេសថៃ កំពុងតែរៀបចំធ្វើប្រព័ន្ធពន្ធឌីជីថល។ ប្រព័ន្ធនេះក៏អ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ