
នាឱកាសដ៏វិសេសវិសាលនេះ មានកិត្តិយសនៃការអញ្ជើញចូលរួមរបស់ លោកជំទាវ ចម និមល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងគណៈប្រតិភូ មកពីសមាគម ឧកញ៉ាកម្ពុជា ដែលដឹកនាំដោយអ្នកឧកញ៉ា សៀ ឫទ្ធី និងជាអ្នកបានផ្ដួចផ្ដើមរៀបចំព្រឹត្តិការណ៍នេះ។ គណៈប្រតិភូបានចូលរួមជាមួយអ្នកដឹកនាំធុរកិច្ចម៉ាឡេស៊ី មានតំណាងចូលរួមមកពីក្រុមហ៊ុនជាច្រើនរួមមាន MMAG, Revenue Group, Velocity Capital Partners និងក្រុមហ៊ុនផ្សេងៗទៀត ដោយផ្តោតលើការពិភាក្សាអំពី ឱកាស វិនិយោគ ជាយុទ្ធសាស្រ្ត នៅក្នុង ប្រទេសកម្ពុជា។

ក្នុងជំនួបនោះ អ្នកឧកញ៉ា សៀ ឫទ្ធី អនុប្រធានសមាគមឧកញ៉ាកម្ពុជា បានសង្កត់ធ្ងន់លើកំណើនដ៏រឹងមាំរបស់ប្រទេសកម្ពុជា និងភាពអំណោយផលសម្រាប់ការវិនិយោគពីបរទេស។ លោកបានមានប្រសាសន៍ថា “នេះជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ប្រទេសរបស់យើងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំ ដែលជំរុញដោយកម្លាំងពលកម្មវ័យក្មេង និងស្វាហាប់ជាមួយ បរិយាកាសវិនិយោគប្រកបដោយភាព អំណោយផល និងគោលនយោបាយ របស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រ។
អ្នកឧកញ៉ាបន្តថា “បរិយាកាសធុរកិច្ចនៅកម្ពុជា គឺបើកចំហ និងតម្លាភាព ជាមួយនឹងគោលនយោបាយដែលអាចព្យាករណ៍បាន ដែលគាំទ្រអ្នកវិនិយោគបរទេស”។

អ្នកឧកញ៉ា សៀ ឫទ្ធី បានចង្អុលបង្ហាញពីភាពរឹងមាំនៃកម្លាំងពលកម្ម ដោយកត់សម្គាល់ថា កម្លាំងពលកម្ម "កាន់តែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងអាចសម្របខ្លួនបាន ធ្វើឱ្យប្រទេសកម្ពុជាក្លាយ ជាជម្រើសប្រកួតប្រជែងក្នុងការផលិត និងសេវាកម្ម។ ការបង្កើតក្រុមហ៊ុនថ្មីនៅកម្ពុជា មានភាពរហ័សរហួន ជាងប្រទេសជិត ខាង ជាច្រើន ដោយសារដំណើរការមានភាពរលូន ហើយរដ្ឋាភិបាលប្តេជ្ញាគាំទ្រអាជីវកម្មបរទេសគ្រប់ជំហាន"។ ជាមួយគ្នានេះស្ថិរភាពរូបិយបណ្ណ និងមូលដ្ឋានគ្រឹះ បទប្បញ្ញត្តិ ដ៏រឹងមាំត្រូវបានបង្កើតឡើងជាអត្ថប្រយោជន៍សំខាន់មួយទៀត សម្រាប់អ្នកវិនិយោគថ្មី៖ "ការវិនិយោគមានភាពងាយស្រួលក្នុងប្រទេសកម្ពុជា ហើយស្ថិរភាពនៃរូបិយបណ្ណផ្តល់ទំនុកចិត្តដល់អ្នកវិនិយោគបរទេស។ បន្ថែមពីនេះ ច្បាប់វិនិយោគផ្តល់នូវការលើកទឹកចិត្ត និងអត្ថប្រយោជន៍ពន្ធជាច្រើន ដែលធានាបាននូវក្របខ័ណ្ឌបទប្បញ្ញត្តិរឹងមាំសម្រាប់ការវិនិយោគគ្រប់ប្រភេទ"។

អ្នកឧកញ៉ា សៀ ឫទ្ធី ក៏ បាន លើក ឡើង អំពី សក្ដានុពលរបស់កម្ពុជាជាមជ្ឈមណ្ឌលភស្តុភារ និងការតភ្ជាប់ជាមួយអ្នកវិនិយោគម៉ាឡេស៊ីយ៉ាងដូច្នេះថា "យើងកំពុងសម្លឹងមើល យ៉ាងសកម្ម ក្នុងការអភិវឌ្ឍប្រទេសកម្ពុជាជាមជ្ឈមណ្ឌលដឹកជញ្ជូន និងពង្រីកតំបន់ពាណិជ្ជកម្មសេរីរបស់យើង។ គំនិតផ្តួចផ្តើមទាំងនេះ នឹងពង្រឹងការតភ្ជាប់និងភាពទាក់ទាញរបស់យើងសម្រាប់អាជីវកម្មអន្តរជាតិ" ។

ជាសេចក្តីសន្និដ្ឋាននៃកិច្ចប្រជុំនេះ មេដឹកនាំធុរកិច្ចកម្ពុជាបានរំលឹកឡើងវិញចំពោះអ្នកចូលរួមពីប្រទេសម៉ាឡេស៊ី អំពីអត្ថប្រយោជន៍ និងពេលវេលានៃការវិនិយោគក្នុងប្រទេស ដោយកត់សម្គាល់ថា "នេះគឺជាពេលវេលាដ៏ត្រឹមត្រូវក្នុងការវិនិយោគមកកាន់ប្រទេសកម្ពុជា។ ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីស្វាគមន៍អ្នកវិនិយោគម៉ាឡេស៊ី និងផ្តល់ការគាំទ្រចាំបាច់ទាំងអស់សម្រាប់ភាពជោគជ័យ និងការរីកចម្រើនយូរអង្វែង"។


