សេចក្ដីព្រាងច្បាប់នេះ ត្រូវបានសភាតំណាងរាស្ត្រទ្វេបក្សរបស់សហរដ្ឋអាម៉េរិក អនុម័តដោយសំឡេង៣៥២សំឡេងទល់នឹង៦៥សំឡេង។ ទោះជាយ៉ាងណា សេចក្ដីព្រាងច្បាប់នេះប្រឈមមុខនឹងភាពមិនច្បាស់លាស់នៅក្នុងព្រឹទ្ធសភា ដែលសមាជិកព្រឹទ្ធសភាខ្លះពេញចិត្តវិធីសាស្រ្តផ្សេងពីនេះ ក្នុងការធ្វើនិយ័តកម្មលើ App គ្រប់គ្រងដោយបរទេសបែបនេះ ដែលបង្កឱ្យមានការព្រួយបារម្ភអំពីសុវត្ថិភាព។
លោក ឆាក់ ស្គូម័រ (Chuck Schumer) ប្រធានសំឡេងភាគច្រើននៃព្រឹទ្ធសភាអាម៉េរិក បានបញ្ជាក់ថា ព្រឹទ្ធសភានឹងពិនិត្យផ្ទៀងផ្ទាត់សេចក្ដីច្បាប់នេះ។ នេះជាវិធានការចុងក្រោយបំផុតក្នុងចំណោមវិធានការជាបន្តបន្ទាប់របស់ក្រុងវ៉ាស៊ីនតោន ដើម្បីឆ្លើយតបទៅនឹងការព្រួយបារម្ភផ្នែកសន្តិសុខជាតិរបស់សហរដ្ឋអាម៉េរិក ចំពោះការឈ្លបយកការណ៍សម្ងាត់ពីសំណាក់ប្រទេសចិន រាប់ចាប់ពីយានយន្តដែលមានភ្ជាប់បណ្ដាញអ៊ីនធឺណិត បន្ទះឈីប AI កម្រិតខ្ពស់រហូតដល់រថយន្តស្ទូចនៅតាមកំពង់ផែក្នុងសហរដ្ឋអាម៉េរិក។
ជោគវាសនារបស់ TikTok ដែលប្រើប្រាស់ដោយពលរដ្ឋអាម៉េរិក ប្រមាណ១៧០លាននាក់ បានក្លាយជាបញ្ហាដ៏ចម្បង និងក្ដៅគគុកមួយនៅរដ្ឋធានី វ៉ាស៊ីនតោន ទីដែលក្រុមសមាជិកសភាអាម៉េរិក បានត្អូញត្អែរថា ការិយាល័យរបស់ពួកគេទទួលបានការហៅទូរសព្ទចូលយ៉ាងច្រើនសន្ធឹកសន្ធាប់ពីក្រុមអ្នកប្រើប្រាស់ TikTok ដែលប្រឆាំងនឹងសេចក្ដីព្រាងច្បាប់នេះ។
ជាការឆ្លើយតបទៅនឹងការបោះឆ្នោតរបស់សភាអាម៉េរិក ខាងលើនេះ លោក សូ ជី ឈូ (Shou Zi Chew) នាយកប្រតិបត្តិក្រុមហ៊ុន TikTok ដែលអះអាងថា លោកជាពលរដ្ឋសិង្ហបុរី និងដែលកំពុងធ្វើទស្សនកិច្ចនៅរដ្ឋធានីវ៉ាស៊ីនតោន បានលើកឡើងថា ប្រសិនបើសេចក្ដីព្រាងច្បាប់នេះត្រូវបានចុះហត្ថលេខាឱ្យក្លាយទៅជាច្បាប់មែននោះ វានឹងឈានទៅដល់ការដាក់បម្រាមលើ TikTok នៅលើទឹកដីសហរដ្ឋអាម៉េរិក ហើយបម្រាមបែបនោះនឹងធ្វើឱ្យអាជីវកម្មខ្នាតតូចខាតបង់រាប់ពាន់លានដុល្លារ។
លោកបានបន្ថែមថា ក្រុមហ៊ុន TikTok របស់លោកនឹងអនុវត្តសិទ្ធិស្របច្បាប់របស់ខ្លួនដើម្បីទប់ស្កាត់បម្រាមបែបនេះ។ សេចក្ដីព្រាងច្បាប់ផ្ដល់ឱសានវាទដល់ក្រុមហ៊ុន TikTok ចំនួន១៦៥ថ្ងៃ ដើម្បីប្តឹងតវ៉ាតាមផ្លូវច្បាប់ បន្ទាប់ពីវាត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី ចូ បៃឌិន ដែលបាននិយាយកាលពីសប្តាហ៍មុនថា លោកនឹងចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់នេះ៕
ដោយ: តែម សុខុម