ដំណាំស្វាយចន្ទី

ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា រំពឹងការកែច្នៃគ្រាប់ស្វាយចន្ទីនឹងកើនឡើង ខណៈមន្រ្តីពាក់ព័ន្ធរកវិធីរក្សាលំនឹងតម្លៃស្វាយចន្ទីកុំឲ្យធ្លាក់ថ្លៃខ្លាំង


ក្រុមប្រតិភូសហភាពអឺរ៉ុបថ្មីៗនេះ បានចុះសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា ដើម្បីត្រៀមនាំចេញទៅកាន់បណ្ដាប្រទេសនៅអឺរ៉ុប។ ថ្នាក់ដឹកនាំសហព័ន្ធស្វាយចន្ទីកម្ពុជា លើកឡើងថា ប្រតិភូសហភាពអឺរ៉ុប បានចាប់អារម្មណ៍ចំពោះគុណភាព គ្រាប់ស្វាយចន្ទីកម្ពុជា ដែលផ្ទុកនូវសារធាតុល្អៗជាច្រើន លើសពីគ្រាប់ស្វាយចន្ទីរបស់បណ្ដាប្រទេសមួយចំនួន។
ដំណាំស្វាយចន្ទី
ដោយ

ជុំវិញនឹងស្ថានភាពដំណាំស្វាយចន្ទីនេះដែរ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមការងារចម្រុះរបស់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយដើម្បីជួយរក្សាលំនឹងតម្លៃ ដើម្បីបន្តរក្សាខ្សែច្រវាក់ផលិតកម្ម កែច្នៃក្នុងស្រុកផងដែរ។

លោក អាន តារា ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា បានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា គោលបំណងរបស់ប្រតិភូសហភាពអឺរ៉ុបមកសិក្សាស្វែងយល់ពីខ្សែច្រវាក់ផលិតកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជា គឺបន្ទាប់ពីសហភាពអឺរ៉ុប បានចុះអនុស្សារណៈជាមួយសហព័ន្ធស្វាយចន្ទីកម្ពុជា ដើម្បីជួយជំរុញការកែច្នៃគ្រាប់ស្វាយចន្ទីកម្ពុជាឱ្យមានស្តង់ដាខ្ពស់ និងនាំចេញទៅក្រៅប្រទេស។

ថ្នាក់ដឹកនាំសហព័ន្ធរូបនេះ បានឲ្យដឹងថា សហភាពអឺរ៉ុប មានគម្រោងជួយដល់ខ្សែច្រវាក់កែច្នៃ និងខ្សែច្រវាក់តម្លៃ ក្នុងនោះរាប់ទាំងការផលិត ព្រមទាំងការនាំចេញ ខណៈពេលដែលសហភាពអឺរ៉ុប គឺជាប្រទេសដែលមានការនាំចូលគ្រាប់ស្វាយចន្ទីធំជាងគេនៅលើពិភពលោក និងស្របពេលដែលកម្ពុជា គឺជាប្រទេសដែលផលិតស្វាយចន្ទីលំដាប់ទី៣ នៅលើពិភពលោក និងមានសារធាតុចិញ្ចឹមល្អលើសគេ។

យ៉ាងណាក៏ដោយ សម្រាប់លោក អាន តារា ហាក់ដូចជាព្រួយបារម្ភចំពោះស្ថានភាពនៃការកៃច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា ដ្បិតបច្ចុប្បន្នការកែច្នៃនៅមានកម្រិតតិចតួចនៅឡើយ ហើយមិនស្របតាមទីផ្សារនៃការបញ្ជាទិញនោះដែរ។

​ប្រធានសហព័ន្ធស្វាយចន្ទីកម្ពុជា ជឿជាក់ថា សមត្ថភាពនៃការកែច្នៃគ្រាប់ស្វាយចន្ទីនឹងមានការកើនឡើងជាបន្តបន្ទាប់ស្របតាមគោលនយោបាយរដ្ឋាភិបាល ស្ដីពីស្វាយចន្ទី ដែលចង់បានការកែច្នៃឱ្យបាន២៥% នៅឆ្នាំ២០២៧ និងបាន៥០% នៅឆ្នាំ២០៣២។ការណ៍នេះ ត្រូវបានលោក អាន តារា លើកឡើងថានឹងធ្វើឱ្យវិស័យដំណាំស្វាយចន្ទីរបស់កម្ពុជា មានការរីកចម្រើនទៅថ្ងៃអនាគត។

​ពាក់ព័ន្ធនឹងដំណាំស្វាយចន្ទីនេះដែរ កាលពីថ្ងៃទី១៣ ខែមីនា ក្រុមការងារក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម ដឹកនាំកិច្ចប្រជុំបន្ទាន់ដើម្បពិនិត្យពិភាក្សា ពីស្ថានភាពខ្សែច្រវាក់តម្លៃស្វាយចន្ទីនាពេលបច្ចុប្បន្ន និងស្វែងរកវិធានការដោះស្រាយ។កិច្ចប្រជុំនេះ បានពិភាក្សាដោយផ្តោតទៅលើការវិភាគកត្តាផ្សេងៗ ដែលជះឥទ្ធិពលលើតម្លៃស្វាយចន្ទី មានដូចជាកតា្តអាកាសធាតុ ធាតុចូលកសិកម្ម តម្រូវការនាំចេញ របាំងពន្ធគយ ផលិតកម្មនិងពាណិជ្ជកម្ម ស្វាយចន្ទីពិភពលោក សេដ្ឋកិច្ចពិភពលោក និងសមត្ថភាពនៃការកែច្នៃក្នុងស្រុកជាដើម។

តាមការវិភាគនៅក្នុងឆ្នាំ២០២៤នេះ ស្វាយចន្ទីកម្ពុជាមានគុណភាព និងបរិមាណផលទាបជាងឆ្នាំ២០២៣ ដោយសារតែស្ថានភាពអែលនីណូ ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់តម្លៃគ្រាប់ស្វាយចន្ទីសើម​។ទន្ទឹមនេះ ក្រុមការងារចម្រុះក៏បានពិភាក្សាអំពីគោលនយោបាយជាតិ ស្វាយចន្ទី និងការវិភាគលើប្រភពហិរញ្ញវត្ថុ និងកម្ចីនានា ដើម្បីគាំទ្រការប្រមូលទិញគ្រាប់ស្វាយចន្ទីនៅក្នុងដំណាក់កាលនេះ ដើម្បីជួយរក្សាលំនឹងតម្លៃដើម្បីបន្តរក្សាខ្សែច្រវាក់ផលិតកម្មកែច្នៃក្នុងស្រុកផងដែរ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សភាអាម៉េរិក អនុម័តច្បាប់ចាប់បង្ខំឱ្យក្រុមហ៊ុនចិន ByteDance ដកភាគហ៊ុនចេញពីក្រុមហ៊ុន TikTok បើមិនចង់ប្រឈមបម្រាមនៅលើទឹកដីអាម៉េរិក

ព័ត៌មាន
សភាតំណាងរាស្ត្រអាម៉េរិក បានអនុម័តសេចក្ដីព្រាងច្បាប់មួយដោយសំឡេងគាំទ្រច្រើនលើសលប់កាលពីថ្ងៃពុធ ទី១៣ ខែមីនា ដែលនឹងផ្តល់ឱសានវាទប្រមាណ៦ខែ ដើ…

តម្លៃមាសនៅកម្ពុជាហក់ឡើងដល់ជាង២៦០០ដុល្លារក្នុង១តម្លឹង ខណៈអ្នកជំនាញថា អាចកើនឡើងបន្ថែមទៀត

ព័ត៌មាន
តម្លៃមាសនៅកម្ពុជា បានហក់ឡើងខ្ពស់ជាបន្តបន្ទាប់នៅពីរសប្តាហ៍ចុងក្រោយនេះ ពោលគឺបច្ចុប្បន្នមាសមួយតម្លឹងលក់ចេញក្នុងតម្លៃដល់ទៅជាង២៦០០ដុល្លារ កើនឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ