ជាមួយគ្នានេះ ធនាគារជាតិនៃកម្ពុជាលើកទឹកចិត្តឱ្យប្រជាពលរដ្ឋប្រើប្រាស់កម្ចីតាមប្រព័ន្ធធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវស្របច្បាប់។
នៅក្នុងសន្និសីទសារព័ត៌មាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានគូសបញ្ជាក់ថា បញ្ហាប្រើប្រាស់កម្ចីក្រៅផ្លូវការតាមប្រព័ន្ធអនឡាញនៅតែបន្តកើតមានជាហូរហែរមកទល់ពេលនេះ ជាពិសេសការផ្សព្វផ្សាយឱ្យចូលរួមដាក់ប្រាក់វិនិយោគ ដើម្បីទទួលបានការប្រាក់ខ្ពស់ក្នុងរយៈពេលខ្លីជាដើម។ លោកជំទាវ បានលើកឡើងថា កាលពីពេលថ្មីៗនេះមានការផ្សព្វផ្សាយអំពីសេវាឥណទានដែលមិនមានទីតាំងច្បាស់លាស់តាមរយៈបណ្តាញសង្គមមួយចំនួន ដោយសន្យាថា គ្រាន់តែដាក់លុយវិនិយោគត្រឹម៣០០ដុល្លារ នឹងអាចទទួលបានការប្រាក់រហូតដល់១៨០០ដុល្លារ ក្នុងរយៈពេល២៤ម៉ោង។
ជុំវិញបញ្ហានេះ ថ្នាក់ដឹកនាំធនាគារជាតិកម្ពុជា ក្រើនរំលឹកឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកទាំងនេះ និងកុំទៅខ្ចីប្រាក់ក្រៅផ្លូវការយកទៅវិនិយោគ ព្រោះវាអាចនាំឱ្យខាត់បង់ប្រាក់ និងជំពាក់បំណុលវ័ណ្ឌក។ ទន្ទឹមនឹងនេះ លោកជំទាវ លើកទឹកចិត្តឱ្យពលរដ្ឋឱ្យប្រើប្រាស់កម្ចីផ្លូវការរបស់ស្ថាប័នធនាគារ ឬមីក្រូហិរញ្ញវត្ថុ ដើម្បីជៀសវាងហានិភ័យនានា។
ជាមួយគ្នានេះលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា កត់សម្គាល់ឃើញថា ករណីឆបោកតាមរយៈប្រព័ន្ធអនឡាញនេះបានកើនឡើងគួរឱ្យកត់សម្គាល់នៅមួយរយៈពេលចុងក្រោយនេះ ទាំងតាមរយៈការផ្តល់ប្រាក់កម្ចី និងការវិនិយោគទទួលបានប្រាក់ចំនេញខ្ពស់។ តែយ៉ាងណា ដើម្បីចៀសវាងនូវបញ្ហាឆបោកទាំងនេះ លោក រ័ត្ន សោភ័ណ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ត្រូវជ្រើសរើសការប្រើប្រាស់សេវាហិរញ្ញវត្ថុ ដែលស្របច្បាប់ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីធនាគារជាតិកម្ពុជា។
ជុំវិញករណីឆបោកតាមប្រព័ន្ធអនឡាញនេះ លោក សុខ វឿន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញវត្ថុកម្ពុជា បានលើកឡើងថា ថ្មីៗនេះមានករណីជនឆបោក បានទាក់ទងទូរសព្ទទៅអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដោយឱ្យអតិថិជនបង់តាមរយៈពួកគេទៅតាមចំនួនទឹកប្រាក់ណាមួយ តាមរយៈវីង ឬតាមឃ្យូអកូដ ហើយអតិថិជនអាចមិនចាំបាច់បង់ឥណទានរយៈពេល៦ខែ ឬ១ឆ្នាំ បន្ទាប់នោះទេ ដែលធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនបានធ្លាក់ចូលទៅក្នុងល្បិចរបស់ជនឆបោកទាំងនោះ។
សូមជម្រាបថា កន្លងមកធនាគារជាតិនៃកម្ពុជា តែងតែក្រើនរំលឹកជាបន្តបន្ទាប់ដល់ប្រជាពលរដ្ឋឱ្យជៀសវាងការប្រើប្រាស់សេវាហិរញ្ញវត្ថុក្រៅផ្លូវការនេះ ដ្បិតថា វាអាចបង្កផលវិបាកជាច្រើនមកលើសេដ្ឋកិច្ច និងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ និងការអនុវត្តកិច្ចសន្យាមិនសុចរិត ដែលបង្កប់នូវការកេងចំណេញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់៕