ទំនាក់​ទំនង​ កម្ពុជា-​ឥណ្ឌា

កម្ពុជា​នៅ​ក្រេប​ប្រយោជន៍​បាន​តិច​នៅ​ឡើយ ពី​មហាអំណាច​សេដ្ឋកិច្ច​ឥណ្ឌា!


ដ្បិត​ថា កម្ពុជា​និង​ឥណ្ឌា​គឺ​មាន​ទំនាក់​ទំនង​ល្អ​ជាមួយ​គ្នា​ជា​យូរ​មក​ហើយ ទាំង​ផ្នែក​នយោបាយ​ការទូត និង​វប្បធម៌​ក៏​ពិត​មែន ប៉ុន្ដែ បើ​ពិនិត្យ​មើល​លើ​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​វាង​កម្ពុជា និង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​មួយ​នេះ ហាក់​នៅ​មាន​កម្រិត​ទាប​នៅ​ឡើយ បើ​ធៀប​នឹង​ទំហំ​​ពាណិជ្ជកម្ម​រវាង​កម្ពុជា​-ចិន និង​ប្រទេស​ជិត​ខាង​កម្ពុជា​ដទៃ​ទៀត។
កម្ពុជា​នៅ​ក្រេប​ប្រយោជន៍​បាន​តិច​នៅ​ឡើយ ពី​មហាអំណាច​សេដ្ឋកិច្ច​ឥណ្ឌា។
ដោយ

របាយការណ៍​ពី​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​បង្ហាញ​ថា ការ​វិនិយោគ​របស់​ឥណ្ឌា​មក​កាន់​កម្ពុជា​នៅ​ឆ្នាំ​២០១៧​​នេះ មាន​ប្រមាណ​តែ ៤,៥​លាន​ដុល្លារ​ប៉ុណ្ណោះ ខណៈ​ដែល​កាល​ពី​ឆ្នាំ​២០១៦ មាន​ប្រមាណ ២០​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ឥណ្ឌា​បាន​វិនិយោគ​ភាគ​ច្រើន​ទៅ​លើ​វិស័យ​កសិកម្ម សុខាភិបាល និង​ទេសចរណ៍ ជាដើម។ ចំនួន​ទឹក​ប្រាក់​វិនិយោគ​នេះ គឺ​នៅ​មាន​ចំនួន​តិច​តួច​ណាស់ បើ​ធៀប​ជាមួយ​នឹង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ចិន ដែល​បាន​មក​វិនិយោគ​នៅ​​កម្ពុជា។

ជាមួយ​គ្នា​នេះ​ដែរ បើ​ពិនិត្យ​ទៅ​មើល​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ឥណ្ឌា នៅក្នុង​រយៈពេល​ពេញ​១​ឆ្នាំ ឆ្នាំ​២០១៦​វិញ ឃើញ​ថា មាន​ប្រមាណ ១១២​លាន​ដុល្លារ​អាមេរិក ក្នុង​នោះ ការ​នាំចេញ​របស់​កម្ពុជា​ទៅ​ឥណ្ឌា មាន​ជាង ២២​លាន​ដុល្លារ​អាមេរិក និង​ការ​នាំចូល​ពី​ឥណ្ឌា​មក​វិញ មាន​ជាង ៨៩​លាន​ដុល្លារ​អាមេរិក។ 

ដោយ​ឡែក គិត​ត្រឹម ៣​ខែ ឆ្នាំ​២០១៧ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-​ឥណ្ឌា មាន​ប្រមាណ​ជាង ៣៤​លាន​ដុល្លារ​អាមេរិក។ ក្នុងនោះ ផលិតផល​សំខាន់ៗ​ដែល​កម្ពុជា​នាំចូល​ពី​ឥណ្ឌា មាន​ដូចជា ថ្នាំ​ពេទ្យ សម្ភារៈ​អគ្គិសនី ឧបករណ៍ និង​គ្រឿង​បន្លាស់​អេឡិចត្រូនិក យានយន្ដ ស្បែក​សត្វ និង​ឧបករណ៍​ផ្សេងៗ​ជាច្រើន​ទៀត ខណៈ​ផលិតផល​កម្ពុជា​នាំ​ចេញ​ទៅ​ឥណ្ឌា​វិញ មាន​ដូចជា សម្លៀក​បំពាក់ និង​គ្រឿង​បន្សំ​នៃ​សម្លៀក​បំពាក់ កៅស៊ូ និង​ផលិតផល​ធ្វើ​ពី​កៅស៊ូ និង​ផលិត​ផល​កសិកម្ម ជាដើម ។ល។

នាយករដ្ឋមន្ត្រី​ឥណ្ឌា ទទួល​ស្វាគមន៍​នាយក​រដ្ឋមន្ត្រី​កម្ពុជា។

ឯកឧត្តម ស៊ាង ថៃ អ្នក​នាំ​ពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​លើក​ឡើង​ថា បច្ចុប្បន្ន ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ឥណ្ឌា បើ​ធៀប​នឹង​ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​ប្រទេស​ក្បែរ​ខាង ដូចជា ថៃ​និង​វៀតណាម គឺ​នៅ​មាន​ទំហំ​តូច​នៅ​ឡើយ​ទេ ប៉ុន្ដែ តាមរយៈ​ការ​ជួយ​ជ្រោម​ជ្រែង​រវាង​រាជ​រដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ លោក​ជឿ​ជាក់​ថា នៅ​ពេល​អនាគត ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​រវាង​កម្ពុជា​និង​ឥណ្ឌា នឹង​មាន​ទំហំ​កាន់​តែ​ធំ​ឡើងៗ។ 

ជាក់​ស្ដែង ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា-​វៀតណាម ឆ្នាំ​២០១៧ មាន​ប្រមាណ ៤​ពាន់​លាន​ដុល្លារ ខណៈ​ឆ្នាំ​២០១៨​នេះ គ្រោង​ជំរុញ​ឲ្យ​បាន​កើន​ឡើង​ដល់ ៥​ពាន់​លាន​ដុល្លារ។ 

រីឯ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា-ថៃ នៅ​ឆ្នាំ​២០១៧ សរុប​មាន​ប្រមាណ​ជាង ៦,៦​ពាន់​លាន​ដុល្លារ មាន​កំណើន​ប្រមាណ​ជាង ៦​ភាគរយ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៦ ហើយនៅ​ឆ្នាំ​២០១៨​នេះ រំពឹង​ថា នឹង​មាន​កំណើន ៥%​ទៀត​ផងដែរ។ ដោយឡែក ទំហំ​ពាណិជ្ជកម្ម កម្ពុជា​-ចិន ក៏​ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា មាន ៥​ពាន់​លាន​ដុល្លារ​ដែរ នៅ​ឆ្នាំ​២០១៧​មុន​នេះ។

ដ្បិត​ថា សន្ទុះ​ផ្នែក​សេដ្ឋកិច្ច ពាណិជ្ជកម្ម រវាង​ប្រទេស​ទាំង​ពីរ កម្ពុជា​និង​ឥណ្ឌា នៅ​មាន​កម្រិត​មួយ​តូច​ទាប​ក៏​ពិត​មែន ប៉ុន្ដែ រាជរដ្ឋាភិបាល​ប្រទេស​ទាំង​ពីរ ក៏​មិន​នៅ​ស្ងៀម​នោះ​ដែរ ពោល​គឺ​បាន​និង​កំពុង​ខិតខំ​ជំរុញ​ការ​វិនិយោគ និង​បង្កើន​ឱកាស​ពាណិជ្ជកម្ម​បន្ថែម​ទៀត​សម្រាប់​ប្រទេស​ទាំង​ពីរ។ 

ជាក់​ស្ដែង ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈ​៥​ថ្ងៃ​របស់​សម្ដេច​តេជោ ហ៊ុន សែន នៅ​ប្រទេស​ឥណ្ឌា​ដើម្បី​ចូលរួម​ពិធី​បើក​កិច្ច​ប្រជុំ​កំពូល​រំឭក​ខួប​អនុស្សាវរីយ៍​២៥​ឆ្នាំ អាស៊ាន​-ឥណ្ឌា ក្នុង​សប្ដាហ៍​នេះ ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច​មើល​ឃើញ​ថា គឺ​ជា​ការ​បង្កើន​ឱកាស ក៏​ដូចជា​ជំរុញ​ឲ្យ​លំហូរ​វិនិយោគ និង​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មាន​កាន់​តែ​ច្រើន​ឡើង​ផងដែរ។ 

សូម​ជម្រាប​ថា បច្ចុប្បន្ន ប្រទេស​ឥណ្ឌា​ត្រូវ​បាន​កត់​សម្គាល់​ឃើញ​ថា ជា​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​លំដាប់​ទី7 ហើយ​បើ​តាម​ការ​ចុះផ្សាយ​ពី​សារព័ត៌​អន្តរជាតិ​ធំៗ បាន​ឲ្យ​ដឹង​ថា ឥណ្ឌា​ក៏​មាន​មហិច្ឆតា នឹង​ប្រជែង​ឲ្យ​បាន​តំណែង​ជា​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​​​លំដាប់​ទី​៣ នៅ​ត្រឹម​ឆ្នាំ​២០២៧​ខាង​មុខ ខណៈ​ដែល​បច្ចុប្បន្ន ម្ចាស់​តំណែង​មហា​អំណាច​សេដ្ឋកិច្ច​ពិភព​លោក​លំដាប់​ទី​៣​នេះ គឺ​ជា​ប្រទេស​ជប៉ុន៕

None



អត្ថបទបន្ទាប់


រាជ​រដ្ឋាភិបាល​សម្រេច​លុប​ពន្ធ​ទីសត្តឃាត​ចាប់​ពី​ឆ្នាំ​២០១៨​នេះ​ត​ទៅ

រាជ​រដ្ឋាភិបាល​កម្ពុជា​នៅ​ឆ្នាំ​២០១៨​នេះ សម្រេច​មិន​យក​ពន្ធ​លើ​ទីសត្តឃាត​ទៀត​ទេ បន្ទាប់​​​ពីមាន​ការ​ស្នើសុំ​យ៉ាង​ទទូច​ម្តង​ហើយ​ម្តង​ទៀ…

ឃីម សុខហេង៖ អ្នក​ជំនួញ​មាន​៣​ប្រភេទ តើ​​អ្វី​ខ្លះ?

លោក ឃីម សុខហេង គ្រូ​ជំនាញ​ទន់ ដែល​មាន​វោហាសាស្រ្ត​ដ៏​ល្បី​ល្បាញ​ម្នាក់ បាន​មាន​ប្រសាសន៍​ថា សហគ្រិន ឬ​អ្នក​ជំនួញ មាន​៣​ប្រភេទ គឺ​ក្រុម​ម…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ