រាជរដ្ឋាភិបាលរំពឹងយ៉ាងមុតមាំថា «គោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យយានយន្តអគ្គិសនី២០២៤-២០៣០» ដែលបានដាក់ចេញនេះ នឹងដើរតួនាទីជាផែនទីបង្ហាញផ្លូវ និងជាកម្លាំងចលករដ៏មានប្រសិទ្ធភាពសម្រាប់តម្រង់ទិសដល់ការវិនិយោគ ការជំរុញការប្រើប្រាស់ និងការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីជាជំហានៗ ផ្អែកលើយន្តការទីផ្សារ និងទៅតាមលទ្ធភាព និងធនធានរបស់រាជរដ្ឋាភិបាល សម្រាប់ចាប់យកកាលានុវត្តភាពថ្មីដែលកំពុងលេចឡើង ស្របនឹងនិន្នាការតំបន់ និងសកល ដើម្បីលើកកម្ពស់កំណើនប្រកបដោយចីរភាព និងកាន់តែមានពិពិធកម្ម ដើម្បីកសាងភាពធន់ដ៏រឹងមាំនៃសង្គមសេដ្ឋកិច្ចកម្ពុជា។
ចក្ខុវិស័យនៃគោលនយោបាយជាតិនេះ គឺប្រែក្លាយកម្ពុជា ទៅជាប្រទេសដែលមានការប្រើប្រាស់យានយន្តអគ្គិសនីក្នុងកម្រិតសមរម្យ ដើម្បីគាំទ្រ និងសម្រេចបានការអភិវឌ្ឍប្រកបដោយចីរភាព និងធានានូវសុខុមាលភាពប្រជាជន។ យ៉ាងណាមិញតាមរយៈគោលនយោយបាននេះកម្ពុជា ដាក់គោលដៅជំរុញការប្រើប្រាស់យានយន្តអគ្គិសនីឱ្យបាន៧៧ម៉ឺនគ្រឿង នៅត្រឹមឆ្នាំ២០៣០ ក្នុងនោះរថយន្តអគ្គិសនីចំនួន៣ម៉ឺនគ្រឿង ទោចក្រយានយន្តអគ្គិសនី៧២ម៉ឺនគ្រឿង និងត្រីចក្រយានយន្តអគ្គិសនី ចំនួន២ម៉ឺនគ្រឿង។
គោលនយោបាយជាតិនេះ បានគូសបញ្ជាក់ថា ការប្រើប្រាស់យានយន្តអគ្គិសនី បានផ្តល់អត្ថប្រយោជន៍ជាច្រើនក្នុងទិដ្ឋភាពបរិស្ថាន សេដ្ឋកិច្ច សន្តិសុខថាមពល និងជាពិសេសការឈោងចាប់នូវបច្ចេកវិទ្យាថ្មីៗស្របនឹងនិន្នាការតំបន់ និងសកលលោក។ ជាក់ស្តែងនៅក្នុងចម្ងាយផ្លូវ១០០គីឡូម៉ែត្រ ការប្រើប្រាស់រថយន្តអគ្គិសនីត្រូវចាយថវិកាប្រមាណជាង៩ពាន់៦រយរៀល ចំណែកការប្រើប្រាស់យានយន្តប្រើប្រេងឥន្ធនៈត្រូវចំណាយថវិការហូតដល់ជាង៣ម៉ឺន៥ពាន់៧រយរៀល។
យ៉ាងណាក៏ដោយ កម្ពុជាក៏អាចជួបបញ្ហាប្រឈមមួយចំនួនផងដែរក្នុងការអភិវឌ្ឍវិស័យយានយន្តអគ្គិសនីនេះ ដូចជាកម្ពុជា មិនទាន់មានគោលនយោបាយគ្រប់ជ្រុងជ្រោយ និងការផ្តល់ការលើលទឹកចិត្តគ្រប់គ្រាន់, ការរៀបចំស្តង់ដាបច្ចេកទេស និងបទប្បញ្ញត្តិផ្សេងៗមិនទាន់មានលក្ខណៈពេញលេញ, ស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនីមិនទាន់បានដាក់ឱ្យប្រើប្រាស់ទូលំទូលាយ, ធនធានមនុស្សមានចំនួនតិចតួចនៅឡើយ និងការយល់ដឹង និងទំនុកចិត្តលើការប្រើប្រាស់យានយន្តអគ្គិសនីនៅមានកម្រិតផងដែរ។
សូមជម្រាបថា បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន នៅឆមាសទី១ ឆ្នាំ២០២៤នេះ មានយានយន្តអគ្គិសនីចុះបញ្ជីសរុបចំនួន២,៩៦៨គ្រឿង ដោយក្នុងនោះមានទោចក្រយានយន្តចំនួន៩១៤គ្រឿង ត្រីចក្រយានយន្តចំនួន៤៤០គ្រឿង និងរថយន្តចំនួន១,៦១៤គ្រឿង៕