វិស័យអាកាសចរណ៍

វិស័យអាកាសចរណ៍កម្ពុជាងើបឡើងវិញ៥៥% ខណៈនៅ១០ខែឆ្នាំនេះទទួលបានជើងហោះហើរជាង៤ម៉ឺនជើង


ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា បានចាប់ផ្ដើមកម្រើកឡើងវិញ ខណៈនៅត្រឹមរយៈពេល១០ខែក្នុងឆ្នាំ២០២៣ មានអ្នកដំណើររហូតជាង៤លាននាក់ បានធ្វើដំណើរតាមផ្លូវអាកាស។ មន្រ្តីជាន់ខ្ពស់នៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា តួលេខនៃចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាសមានការកើនឡើងជាង១៤០% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២ ដែលអាចសន្មតបានថា វិស័យឧស្សាហកម្មតាមផ្លូវអាកាសនៅកម្ពុជាត្រូវបានស្ដារឡើងវិញជាង៥៥% បើធៀបនឹងឆ្នាំ២០១៩ ពេលមិនទាន់មានការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។
វិស័យអាកាសចរណ៍
ដោយ

ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល១០ខែ ចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ ការដឹកជញ្ជូនតាមផ្លូវអាកាសនៅកម្ពុជា ទទួលអ្នកដំណើរតាមផ្លូវអាកាសជាង៤លាននាក់ មានការកើនឡើង១៤៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ថ្នាក់ដឹកនាំរូបនេះបានបន្ថែមថា នៅក្នុងរយៈពេលនេះដែរមានជើងហោះហើរជាង៤ម៉ឺនជើង បានហោះហើរចេញចូលប្រទេសកម្ពុជា មានការកើនឡើង៩៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។

ពាក់ព័ន្ធនឹងប្រតិបត្តិការហោះហើរនេះដែរ ឯកឧត្ដម ម៉ៅ ហាវណ្ណាល់ បានគូសបញ្ជាក់បន្ថែមថា នៅដើមខែវិច្ឆិកា ឆ្នាំ២០២៣ ប្រតិបត្តិការហោះហើរដឹកជញ្ជូនអ្នកដំណើរជាតិ និងអន្តរជាតិ និងការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសជាមធ្យមមានជើងហោះហើរជាង៩រយជើង ក្នុងមួយសប្តាហ៍បានហោះហើរចេញនិងចូលអាកាសយានដ្ឋានអន្តរជាតិទាំងបី និងមានក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក និងក្រៅស្រុកចំនួន ៣២ក្រុមហ៊ុនកំពុងតភ្ជាប់ជើងហោះហើរឡើងវិញពីប្រទេសអាស៊ានទាំង៨ រួមទាំងចិន កូរ៉េខាងត្បូង តំបន់រដ្ឋាភិបាលពិសេសហុងកុង កោះតៃវ៉ាន់ និងរដ្ឋកាតាផងដែរ។

ជារួមថ្នាក់ដឹកនាំរូបនេះសន្មតថា ស្ថានភាពវិស័យឧស្សាហកម្មតាមផ្លូវអាកាសនៅកម្ពុជាបានស្ដារឡើងវិញជាង៥៥% ហើយ បើធៀបទៅនឹងឆ្នាំ២០១៩ មុនពេលមិនទាន់មានវិបត្តិជំងឺកូវីដ-១៩។

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាមានអាកាសយានដ្ឋានអន្តរជាតិ កំពុងដំណើរការចំនួន៣ រួមមាន អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ។

ជាមួយគ្នានេះកម្ពុជាកំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិ ចំនួនពីរបន្ថែមទៀតរួមមានអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដោយបច្ចុប្បន្នសម្រេចការសាងសង់បានជាង៥៥% និងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ដែលបច្ចុប្បន្នបានបញ្ចប់ការសាងសង់ស្ទើរ១០០%ហើយ៕

អត្ថបទ៖ បូ ដូឡា​

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាកការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ ព្រោះកត្តាអាកាសធាតុ

ព័ត៌មាន
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បញ្ជាឲ្យផ្អាករាល់ការធ្វើដំណើរតាមផ្លូវទឹកទាំងអស់ជាបណ្ដោះអាសន្នដោយសារមានខ្យល់បោកបក់ខ្លាំងនៅលើផ្ទៃសមុ…

ក្រុមហ៊ុនសិង្ហបុរីមួយនឹងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីធំជាងគេមួយនៅកម្ពុជា នាចុងឆ្នាំនេះ

ព័ត៌មាន
ក្រុមហ៊ុនសិង្ហបុរីមួយនឹងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីដ៏ធំជាងគេមួយនៅខេត្តកំពង់ធំនៅចុងឆ្នាំនេះ ដែលវានឹងរួមចំណែកជួយធ្វើឱ្យឧស្សាហកម្មកែច្នៃ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ