Covid-19 នៅប្រទេសថៃ

អាជ្ញាធរថៃ រកឃើញ Covid-19 ថ្មីចំនួន ១៥ ករណី ភាគច្រើន​គឺជាអ្នកដែលបានឆ្លងដែនដើរលេងនៅប៉ោយប៉ែត ហើយត្រឡប់ចូលប្រទេសថៃវិញ


ក្នុងចំណោមករណី Covid-19 ថ្មី ដែលប្រទេសថៃបានរកឃើញ ចំនួន ១៨៨ ករណីនៅថ្ងៃអាទិត្យនេះ គឺមាន ១៥ ករណី គឺបានរកឃើញលើអ្នកដែលបានធ្វើដំណើរកម្សាន្ដឆ្លងដែន ពីខេត្តស្រះកែវប្រទេសថៃ ចូលហាងផឹកស៊ីនៅក្នុងទីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យរបស់កម្ពុជា ហើយពួកគេត្រូវបានរកឃើញវិជ្ជមាន បន្ទាប់ពីបានត្រឡប់ចូលទៅក្នុងប្រទេសថៃវិញ។ នេះបើតាមការបញ្ជាក់របស់ ក្រសួងសុខាភិបាល​សាធារណៈរបស់ថៃ នៅក្នុង​សារព័ត៌មាន​បាងកកប៉ុស្ដិ៍។
អាជ្ញាធរថៃ រាយការណ៍ថា រកឃើញ Covid-19 ថ្មីចំនួន ១៥ ករណី គឺជាអ្នកដែលបានឆ្លងដែនដើរលេងនៅប៉ោយប៉ែត ហើយត្រឡប់ចូលប្រទេសថៃវិញ (រូបភាព៖https://www.timeout.com)
ដោយ

ប្រទេសថៃ នៅថ្ងៃអាទិត្យ​ទី ២២ ខែមីនានេះ បានរកឃើញ​ករណីឆ្លង​ Covid-19 ថ្មី ចំនួន ១៨៨ ករណី ដែលជា​ការរកឃើញ​ប្រចាំថ្ងៃ​មានការកើនឡើង​ច្រើនបំផុត ធៀបនឹងការរកឃើញនាពេល​កន្លមក ដែលវា​បានធ្វើឲ្យករណី​ឆ្លង Covid-19 ដែល​ប្រទេសថៃ រកឃើញ​សរុប​គិតមកទល់ថ្ងៃទី ២២ មីនានេះ គឺមានចំនួន ៥៩៩ ករណី។

យ៉ាងណាក៏ដោយចុះ ប្រភពព័ត៌មាននោះ មិនបានបញ្ជាក់​លម្អិតអំពីអត្តសញ្ញា​របស់​អ្នកដែលបាន​ឆ្លង​១៥ ករណី នោះទេ ហើយក៏បានមិនបាន​បញ្ជាក់ថា ពួកគេ​បាន​ស្នាក់នៅ​ក្នុងទីក្រុង​ប៉ោយប៉ែត​រយៈពេល​ប៉ុន្មានថ្ងៃនោះដែរ។

សារព័ត៌មាន​ថៃ បាងកកប៉ុស្ដិ៍ បានផ្សាយថា តាម​ក្រសួងសុខាភិបាល​សាធារណៈ​ថៃ បាន​គូសបញ្ជាក់យ៉ាងដូច្នេះថា «១៥ករណីថ្មី ត្រូវបានរាយការណ៍​នៅថ្ងៃអាទិត្យនេះ គឺជាអ្នកត្រឡប់​ចូលប្រទេសថៃវិញ បន្ទាប់ពីបាន​ដើរលេង​ក្នុងហាងផឹកស៊ី (Pubs) នៅក្នុងទីក្រុងប៉ោយប៉ែត ដោយឆ្លងកាត់​ព្រំដែន​កម្ពុជា ពីខេត្ត​ស្រះកែវ ប្រទេសថៃទៅ»។ 

លោក Taweesin Wisanuyothin អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​សាធារណៈថៃ បាន​និយាយ​នៅក្នុង​សន្និសីទព័ត៌មាន​ថា ករណីឆ្លងថ្មី ១៨៨ ករណីទើបរកឃើញនេះ គឺមានភាគច្រើន​មានជាប់ពាក់ព័ន្ធ​នឹង​ករណី​ពីមុន​ក្នុងអំឡុងពេល​ពួកគេទាំងនោះ បានចូលមើលការប្រកួតប្រដាល់​នៅពហុកីឡដ្ឋាន Lumpini។

លោក Taweesin បញ្ជាក់ទៀតថា មកទល់ពេលនេះ មាន​អ្នកឆ្លងមេរោគ​ Covid-19 នេះ ចំនួន ៧ករណី គឺមាន​ស្ថានភាព​ធ្ងន់ធ្ងរ ហើយមាន​១ករណី​គឺបានព្យាបាល​ធូរស្បើយ។

អ្នកនាំពាក្យ​រូបនេះ បាន​និយាយថា «ភាគច្រើន​នៃ​ករណីថ្មី គឺត្រូវបានរកឃើញ នៅក្នុងទីក្រុង​បាងកក​ ហើយ​គឺស្ថិតក្នុងចំណោម​មនុស្សវ័យក្មេង ដែល​បន្ដ​ធ្វើសកម្មភាព​សង្គមនានា ដែលអាច​បណ្ដាលឲ្យមាន​ការចម្លង​កើនឡើង។»

ក្រសួង​សុខាភិបាលសាធារណៈថៃ អំពាវនាវឲ្យ​សាធារណជន គួរតែ​ស្នាក់នៅក្នុងផ្ទះ។ មិនតែប៉ុណ្ណោះ ក្រសួង​ក៏បាន​អំពាវនាវ​ឲ្យប្រជាជន ដែលធ្វើការ​នៅក្នុង​កន្លែង ដែលត្រូវបានប្រកាស​ឲ្យផ្អាកដំណើរការ នៅក្នុងក្រុងបាងកក មិនត្រូវ​វិលត្រឡប់ទៅខេត្ត​ស្រុកកំណើត​របស់ពួកគេវិញទេ ព្រោះពួកគេ​អាច​ចម្លង​មេរោគនេះ ទៅសមាជិកគ្រួសាររបស់​ពួកគេ​ដែលនៅផ្ទះ ដែលវា​នឹងធ្វើឲ្យការ​ផ្ទុះរាលដាល​កាន់តែធ្ងន់ធ្ងរឡើង។

អាជ្ញាធរខេត្ត​ទាំងអស់​នៅប្រទេសថៃ ត្រូវបានបញ្ជា​ឲ្យមានការ​ត្រួតពិនិត្យ​យ៉ាងម៉ត់ចត់ ចំពោះ​អ្នកដែលបានចាកចេញ​ពីបាងកក ​ត្រឡប់​ទៅកាន់​ភូមិស្រុករបស់ពួកគេ។

សូមបញ្ជាក់ថា ដោយសារការរីករាលដាលកាន់តែខ្លាំងឡើង នៃជំងឺកូវីដ១៩ អាជ្ញាធរកម្ពុជានិងថៃ បានសម្រេចចិត្ត​រួមគ្នា​បិទ​ចក្រព្រំដែនស្ទើរតែ​ទាំងអស់ ដោយហាម​ការចេញ​ចូល​របស់ពលរដ្ឋរៀងៗខ្លួន ក្នុងរយៈពេល​១៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២០។ នេះបើតាមសេចក្តីជូន​ដំណឹងរបស់​ស្ថានអគ្គកុងស៊ុល​ប្រចាំខេត្តសាកែវបានចេញផ្សាយនៅថ្ងៃនេះ។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ពលរដ្ឋ​កម្ពុជា ដែលបានធ្វើចំណាកស្រុក​ទៅធ្វើការងារ​នៅប្រទេសថៃជាច្រើន​ ក៏បាន​ចាប់ផ្ដើម​វិលត្រឡប់​ពីប្រទេសថៃ ចូល​កម្ពុជា​​ក្រោយពីមាន​ការប្រកាស​បិទព្រំដែននេះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃប្រកាសបិទច្រកព្រំដែនរវាងកម្ពុជាស្ទើរតែទាំងអស់ដោយសារ កូវីដ១៩!

ព័ត៌មាន
ដោយសារការរីករាលដាលកាន់តែខ្លាំងឡើង នៃជំងឺកូវីដ១៩ អាជ្ញាធរកម្ពុជានិងថៃ បានសម្រេចចិត្តរួមគ្នាបិទចក្រព្រំដែន ដោយហាមការចេញចូលរបស់ពលរដ្ឋរៀង…

រកឃើញករណី​ឆ្លងកូវីដ​១៩ថ្មីទៀត ៣១នាក់ នៅខេត្ត​ព្រះសីហនុ; ករណី​សរុប​ឡើងដល់ ៨៤

ព័ត៌មាន
នៅថ្ងៃទី២២​ ខែមីនា ឆ្នាំ​២០២០​ វេលា​ម៉ោង ១០យប់ ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​ករណី​​វិជ្ជមាន កូវីដ១៩ ថ្មីបន្ថែមទៀត ចំនួន ៣១នាក់…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ