ការអះអាងបែបនេះធ្វើឡើង នៅក្នុងកិច្ចប្រជុំទ្វេភាគី រវាងសម្តេចតេជោហ៊ុន សែន ជាមួយ ឯកឧត្តម អូលីវីយេ បេស រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ ដើម្បីជជែកទៅលើការពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង លើវិស័យនានាដែលមានសក្តានុពលសម្រាប់ជាប្រយោជន៍ដល់ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបប្រជុំទ្វេភាគីនោះ ឯកឧត្តម អូលីវីយេ បេស រដ្ឋមន្ត្រីប្រតិភូអម រដ្ឋមន្ត្រីក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបង្ហាញពីជំនឿលើការវិនិយោគនៅកម្ពុជាយ៉ាងខ្លាំង ដោយឈរលើមូលហេតុថា កម្ពុជាបានចាប់ផ្ដើមពីចំណុចសូន្យ ហើយបានបំបែកឯកតកម្ម លើការជំរុញកំណើនសេដ្ឋកិច្ច អស់រយៈពេល២០ឆ្នាំ។ ឯកឧត្តម បន្ថែមថា កម្ពុជាបន្តធ្វើកំណែទម្រង់ បង្កបរិយាកាសអំណោយផលសម្រាប់ការវិនិយោគ ហើយកម្ពុជាកំពុងមានអ្នកមានចំណូលមធ្យមច្រើនផងដែរ។ ក្នុងន័យនេះ ប្រតិភូបារាំងសម្រេចធ្វើការជាមួយកម្ពុជា ស្វែងរកការវិនិយោគលើវិស័យ រថភ្លើងល្បឿនលឿន ការដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស វិស័យសំណង់ វិស័យថាមពល និងវិស័យដទៃទៀត និងសុំស្វែងយល់ពីសម្ដេចតេជោ ហ៊ុន សែន អំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រាប់ប្រតិភូវិនិយោគបារាំងថា កម្ពុជាអនុញ្ញាតឲ្យធ្វើការវិនិយោគ ១០០% សម្រាប់ផ្លូវដែកថ្មីល្បឿនលឿនពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងហូជីមិញ។ និងចំពោះផ្លូវដែក ២ខ្សែទៀត ដែលមានស្រាប់ គឺត្រូវធ្វើការពង្រីក ហើយលើកទឹកចិត្តឲ្យមានការវិនិយោគពីវិស័យឯកជនតាមរយៈទម្រង់វិនិយោគ B.O.T មានន័យថា សាងសង់ហើយ ក្រុមហ៊ុនជាអ្នកគ្រប់គ្រងប្រតិបត្តិការក្នុងរយៈពេលកំណត់ណាមួយ ហើយក៏ផ្ទេរមកឲ្យរដ្ឋវិញ។ ជាមួយគ្នានេះ សម្ដេចតេជោ បានបញ្ជាក់ដែរថា ពាក់ព័ន្ធនឹងថាមពលស្អាត កម្ពុជាកំពុងតែប្រើប្រាស់ថាមពលស្អាត ប្រមាណ៦២% ហើយកំពុងតែទាក់ទាញវិនិយោគមកបន្ថែមទៀត ប៉ុន្តែមិនអនុម័ត ឲ្យបង្កើតរោងចក្រអគ្គិសនី ប្រើប្រាស់ធ្យូងថ្មថ្មី ឬធ្វើទំនប់វារីអគ្គិសនីកាត់ទន្លេមេគង្គឡើយ ខណៈកម្ពុជាកំពុងតែលើកទឹកចិត្តឱ្យមានការប្រើប្រាស់ថាមពល ពន្លឺព្រះអាទិត្យ។
ទន្ទឹមនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនប្រតិភូវិនិយោគបារាំង អំពីវិស័យវិនិយោគជាអាទិភាពរបស់កម្ពុជាផងដែរ ក្នុងនោះគឺការជំរុញនយោបាយឧស្សាហកម្ម ជំរុញឲ្យមានការវិនិយោគលើឧស្សាហកម្ម បច្ចេកវិទ្យាជាន់ខ្ពស់ ជំរុញឲ្យមានការវិនិយោគលើវិស័យឧស្សាហកម្មកែច្នៃ ដែលកម្ពុជាមានវត្ថុធាតុដើម ដូចជាស្វាយចន្ទី កៅស៊ូ ដំឡូង និងស្រូវជាដើម សម្រាប់ធ្វើការកែច្នៃ មិនត្រឹមតែទៅកាន់ទីផ្សារកម្ពុជាទេ ប៉ុន្តែទៅកាន់ទីផ្សារដទៃទៀតដែលជាដៃគូរបស់កម្ពុជាទៀតផងដែរ៕