យ៉ាងណាមិញមន្ត្រីជាន់ខ្ពស់កម្ពុជារំពឹងថា ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជាជាមួយអូស្ត្រាលីនឹងបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ស្របពេលប្រទេសទាំងពីរកំពុងអនុវត្តន៍ផែនការភាពជាដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជាឆ្នាំ២០២៥-២០២៩។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីបានចាត់ទុកអូស្ត្រាលីជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា បើទោះបីជាទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅមានទំហំតូច បើធៀបនឹងទំហំពាណិជ្ជកម្មរវាងកម្ពុជាជាបណ្តាដៃគូពាណិជ្ជកម្មធំៗមួយចំនួនក៏ដោយ។
ការបង្ហាញក្តីរំពឹងរបស់ឯកឧត្តម វង្សីវិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តីធ្វើឡើងក្នុងអំឡុងពេល ឯកឧត្តម តំណាងរាជរដ្ឋាភិបាលចូលរួមក្នុងពិធីអបអរសាទរបុណ្យជាតិអូស្ត្រាលីឆ្នាំ២០២៦ នៅស្ថានទូតអូស្រ្តាលីប្រចាំនៅកម្ពុជាកាលពីល្ងាចថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៦ ។ឯកឧត្តម វង្សី វិស្សុត ជឿជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងអូស្ត្រាលីនឹងបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្តែងការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាលពីឆ្នាំ២០២៥ សម្រេចបានជាង៦០០លានដុល្លារអាម៉េរិកកើនឡើងជាង៤% បើធៀបនឹងឆ្នាំ២០២៤ ក្នុងនោះកម្ពុជានាំចេញទៅអូស្ត្រាលីមានទំហំជិត៥១០លានដុល្លារកើនឡើងជាង៤% ខណៈកម្ពុជានាំចូលពីអូស្ត្រាលីមកវិញមានទំហំជាង១១៥លានដុល្លារកើនឡើងជិត៤%បើធៀបនឹងឆ្នាំ២០២៤។
សម្រាប់ឯកឧត្តម វង្សី វិស្សុត អូស្ត្រាលីមិនត្រឹមតែជាដៃគូពាណិជ្ជកម្មដ៏មានសក្តានុពលនោះទេ តែក៏ជាដៃគូអភិវឌ្ឍដ៏សំខាន់ និងទុកចិត្តបានសម្រាប់កម្ពុជាផងដែរ ដោយប្រទេសនេះបានផ្តល់ជំនួយជាថវិកាប្រមាណ១,៤ពាន់លានដុល្លារ ដល់កម្ពុជាចាប់ពីទសវត្សរ៍ឆ្នាំ១៩៩០ មក ដោយជំនួយភាគច្រើនផ្តោតលើការអភិវឌ្ឍន៍ធនធានមនុស្ស។ ឯកឧត្តម វង្សី វិស្សុត បានបន្ថែមថា ការអនុវត្តផែនការភាពជាដៃគូអភិវឌ្ឍន៍អូស្ត្រាលី-កម្ពុជា ឆ្នាំ២០២៥-២០២៩ វាបានឆ្លុះបញ្ចាំងពីការប្តេជ្ញារួមគ្នារបស់ប្រទេសទាំងពីរក្នុងការបន្តអភិវឌ្ឍប្រទេសកម្ពុជាស្របតាមស្មារតីនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។
ទន្ទឹមនឹងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានសង្កត់ធ្ងន់ថា ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលចាប់ផ្តើមតាំងពីឆ្នាំ១៩៥២ ដែលឆ្លុះបញ្ចាំងពីការគាំទ្រយូរអង្វែងរបស់ប្រទេសអូស្ត្រាលីចំពោះអធិបតេយ្យភាព និងដំណើរការកសាងជាតិកម្ពុជា ទោះបីជាបរិការណ៍តំបន់ និងសកលលោកមានការផ្លាស់ប្តូរក៏ដោយ។ ឯកឧត្តម បានគូសបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើស្ទើរគ្រប់វិស័យទាំងក្នុងវិស័យកសិកម្ម សុខាភិបាល និងការផ្លាស់ប្តូរប្រជាជននិងប្រជាជនជាដើម បាននាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ។
យ៉ាងណាមិញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា កម្ពុជាស្វាគមន៍ចំពោះការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសអូស្ត្រាលីជាមួយតំបន់អាស៊ីអាគ្នេយ៍ឱ្យកាន់តែស៊ីជម្រៅតាមរយៈយុទ្ធសាស្ត្រសេដ្ឋកិច្ចនៅអាស៊ីអាគ្នេយ៍ដល់ឆ្នាំ២០៤០។ ក្នុងន័យនេះ ឯកឧត្តម បានបញ្ជាក់ថា កម្ពុជាផ្ដល់តម្លៃខ្ពស់ចំពោះការគាំទ្រយ៉ាងមុតមាំរបស់អូស្ត្រាលីចំពោះគោលនយោបាយពហុភាគីនិយម, មជ្ឈភាពអាស៊ាន និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ហើយកម្ពុជានឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយអូស្ត្រាលី និងប្រទេសជាសមាជិកអាស៊ាន ដើម្បីបន្តពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងអូស្ត្រាលីឱ្យកាន់តែស៊ីជម្រៅ៕
អត្ថបទ ខេមបូណូមីស, រូបភាពឯកសារ