តើមូលហេតុអ្វីបានជាលោក បៃដិន គ្រោងធ្វើទស្សនកិច្ចនៅវៀតណាម?

លោកចូ បៃដិន នឹងស្កាត់ធ្វើដំណើទស្សនកិច្ចទៅវៀតណាមនាខែក្រោយ និងគ្រោងជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសនេះ


សេតវិមានបានប្រកាសកាលពីថ្ងៃចន្ទទី២៨សីហាថា ប្រធានាធិបតីលោក Joe Biden នឹងធ្វើដំណើរទៅកាន់ប្រទេសវៀតណាមនៅខែក្រោយ ដើម្បីជួបជាមួយអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោកង្វៀន ភូ ជុង (Nguyen Phu Trong) និងមេដឹកនាំវៀតណាមដទៃទៀត ក្នុងគោលបំណងពង្រឹងទំនាក់ទំនងប្រទេសទាំងពីរលើបញ្ហាអាកាសធាតុ សេដ្ឋកិច្ច បច្ចេកវិទ្យា និងសន្តិសុខតំបន់ដែលកំពុងប្រឈមមុខនឹងប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗ។
តើមូលហេតុអ្វីបានជាលោក បៃដិន គ្រោងធ្វើទស្សនកិច្ចនៅវៀតណាម?
ដោយ

លោកចូ បៃដិន ត្រូវបានគេរំពឹងថា នឹងទៅដល់ទីក្រុងហាណូយនាថ្ងៃទី១០ខែកញ្ញា ដើម្បីបំពេញទស្សនកិច្ចរយៈពេលមួយថ្ងៃនៅក្នុងរដ្ឋធានីរបស់វៀតណាម បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលប្រចាំឆ្នាំនៃក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) នៅប្រទេសឥណ្ឌា ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៧ដល់ថ្ងៃទី១០ខែកញ្ញា។ ទោះយ៉ាងណា លោកនឹងមិនចូលរួមកិច្ចប្រជុំអាស៊ានដែលនឹងប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ១១-១២ ខែកញ្ញានោះទេ ដោយបញ្ជូនអនុប្រធានាធិបតីលោកស្រី Kamala Harris ទៅឱ្យចូលរួមជំនួសវិញ។

បើតាមលោកស្រី Karine Jean-Pierre លេខាធិការសារព័ត៌មានប្រចាំសេតវិមាន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ថ្នាក់ដឹកនាំអាមេរិក និងវៀតណាមនឹងស្វែងរកឱកាសដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាម ដែលផ្តោតលើបច្ចេកវិទ្យា និងនវានុវត្តន៍ ពង្រីកទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្លាស់ប្តូរការអប់រំ និងកម្មវិធីអភិវឌ្ឍន៍កម្លាំងពលកម្ម ការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ និងបង្កើនសន្តិភាព វិបុលភាព និងស្ថិរភាពនៅក្នុងតំបន់»។
មែនទែនទៅ ការប្រកាសអំពីទស្សនកិច្ចមកប្រទេសវៀតណាមនេះ បានកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីលោកបៃដិន បានបង្ហាញពីតម្រុយនៅក្នុងយុទ្ធនាការឃោសនាមួយនៅថ្ងៃទី២៩ ខែកក្កដា ថា មេដឹកនាំវៀតណាមចង់ជួបរូបលោក។ បន្ទាប់មក នៅដើមខែនេះ លោកបានប្រកាសតែម្តងថា នឹងទៅប្រទេសវៀតណាមក្នុងពេលឆាប់ៗនេះ តាមសំណើចង់ជួបពីសំណាក់ភាគីវៀតណាម។
ទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយទីក្រុងហាណូយ ដោយចាត់ទុកវៀតណាមជាដៃគូយុទ្ធសាស្ត្រដ៏សំខាន់មួយនៅក្នុងតំបន់ ខណៈពេលដែលទំនាក់ទំនងរបស់អាមេរិកជាមួយទីក្រុងប៉េកាំងកាន់តែតានតឹង។ ទន្ទឹមនឹងនោះ វៀតណាមក៏មើលឃើញអាមេរិកជាដៃគូពាណិជ្ជកម្ម និងខ្នងបង្អែកយុទ្ធសាស្ត្រដ៏រឹងមាំផងដែរ ដើម្បីទប់ទល់នឹងឥទ្ធិពលរបស់ចិន និងជម្លោះនៅសមុទ្រចិនខាងត្បូង។
គួរជម្រាបថា កាលពីខែឧសភាកន្លងទៅ ប្រធានាធិបតីអាមេរិកលោក បៃដិន បានពិភាក្សាគ្នាតាមទូរស័ព្ទស្ងាត់ៗជាមួយប្រធានបក្សកុម្មុយនិស្តវៀតណាមលោក ង្វៀន ភូ ជុង។ ហើយមួយខែក្រោយមក លោកអាន់តូនី ប្លីនខេន រដ្ឋមន្ត្រីការបរទេសអាមេរិក ក៏បានធ្វើដំណើរមកកាន់ប្រទេសវៀតណាមដែរ។ ក្នុងនោះ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាមដ៏មានឥទ្ធិពលរូបនេះ កាលពីឆ្នាំមុនក៏បានក្លាយជាមេដឹកនាំបរទេសដំបូងគេ ដែលបានធ្វើដំណើរទៅអបអរលោកស៊ី ជិនពីង ដល់ទីក្រុងប៉េកាំងផងដែរ ក្រោយលោកស៊ីរក្សាតំណែងជាប្រធានាធិបតីចិនអាណត្តិទីបីមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រចិន៕




អត្ថបទបន្ទាប់


កម្ពុជាគ្រោងពង្រាយមន្ត្រីជំនាញកសិកម្មតាមឃុំ ដើម្បីជួយកសិករ ខណៈរដ្ឋាភិបាលជំរុញឲ្យក្រសួងរើសមន្ត្រីឲ្យត្រូវជំនាញ

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាគ្រោងដាក់ពង្រាយមន្ត្រីជំនាញកសិកម្មនៅគ្រប់ឃុំ-សង្កាត់នៅតាមខេត្តគោលដៅដែលមានអាទិភាពខ្ពស់លើវិស័យកសិកម្មទូទាំងប្រទេស ដើម្បី…

មេដឹកនាំប្រទេសចំនួន២២ នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន ខណៈដែលបញ្ហាមីយ៉ាន់ម៉ានិងទីម័រខាងកើតអាចជាប្រធានបទក្តៅមួយ

ព័ត៌មាន
លោកស្រី រ៉េតណូ ម៉ាស៊ូឌី (Retno Marsudi) រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី បានប្រកាសកាលពីថ្ងៃចន្ទ ទី២៨ ខែសីហា ថា កិច្ចប្រជុំកំពូលអាស៊ានលើកទ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ