ក្នុងជំនួបពិភាក្សាការងារទ្វេភាគីជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា លោក ម៉ារីស សាំងយ៉ាំពុងសា (Maris SANGIAMPONGSA) រដ្ឋមន្ត្រីការបរទេសថៃ បានសន្យាថានឹងខិតខំពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក៏ដូចជាជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការថៃ-កម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត ព្រមទាំងបានត្រៀមជាស្រេចក្នុងការបំពេញការងារ យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ។
ជាការឆ្លើយតបសម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា នៅឆ្នាំក្រោយ គឺជាខួបអនុស្សាវរីយ៍លើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ហើយកម្ពុជា-ថៃ ក៏បានដំឡើងកម្រិតទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ដែលនេះបង្ហាញពីទំនាក់ទំនងដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការដ៏យូរអង្វែង។
សម្តេចធិបតី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាងប្រទេសទាំងពីរ ហើយតាមរយៈទំនាក់ទំនងដ៏ល្អនេះ កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យជាច្រើនត្រូវ បានពង្រឹង និងពង្រីកជាបន្តបន្ទាប់ និងបន្ថែមទៀត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត និងរដ្ឋមន្រ្តីការបរទេសថៃ ក៏បានពិភាក្សាលើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដែលរួមមានសេដ្ឋកិច្ច ពាណិជ្ជកម្ម ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ទេសចរណ៍ សន្តិសុខថាមពល និងកិច្ចសហប្រតិបត្តិការលើសកម្មភាពបោសសម្អាតមីនជាដើម ៕
អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ